Ad Code

រថយន្ត​ធន់​ធ្ងន់​ដឹក​លើស​ទម្ងន់ និង​បញ្ហា​សំរាម ជា​មូលហេតុ​ចំបង​នាំ​ឲ្យ​ខូច​ផ្លូវ​ថ្នល់​


ភ្នំពេញ ៖ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​បាន​មាន​ប្រសាសន៍​ថា រថយន្ត​ធន់​ធ្ងន់​ដឹក​លើស​ទម្ងន់ និង​ការ​ចោល​សំរាម​ផ្ដេសផ្ដាស​ដាក់​គ​នៅ​លើ​ទ្រូងផ្លូវ ជា​មូលហេតុ​ចំបង​ធ្វើឲ្យ​ផ្លូវ​ឆាប់​ខូច ព្រោះ​ផ្លូវ​ពេល​រថយន្ត​ធន់​ធ្ងន់​ផ្ទុកទំនិញ​លើស​ទម្ងន់​រាប់​តោន ប្រាកដជា​ធ្វើ​ឲ្យ​ផ្លូវ​ប្រេះស្រាំ ឯ​សំរាម​ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ផ្លូវ​ខូចខាត​ដែរ ដោយសារ​ការ​ដក់​ទឹក​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​ធ្វើឲ្យ​សំរាម​អណ្ដែត​រាយប៉ាយ​ទៅ​បិទ​ជិត​មាត់​អណ្ដូង​លូ បង្ក​ឲ្យ​ស្ទះ​ចរន្ត​ទឹកហូរ។​

លោក​អភិបាលខណ្ឌ​មានប្រសាសន៍​លើកឡើង​ដូចនេះ​នៅក្នុង​ឱកាស​បើក​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ​នៅ​ផ្លូវ​លេខ​១៩ និង​ផ្លូវ​លេខ​១៨៤ នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៥​នេះ។ លោក​បាន​បន្ត​ទៀត​ថា​ ដើម្បី​ជា​វិធានការ​ទប់ស្កាត់​នូវ​បញ្ហា​ទាំងនេះ នោះ​យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ថែរក្សា ការពារ​ផ្លូវ ដោយ​មិន​ត្រូវ​យក​សំរាម​កាកសំណល់​ដាក់​គ​នៅ​មាត់​អណ្ដូង​លូ ត្រូវ​មាន​ស្មារតី ភ្ញាក់រឭក​ខ្ពស់ ធ្វើការ​វិច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ដាក់​ចូល​ក្នុង​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន។​

លោក​អភិបាលខណ្ឌ​ក៏បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ខណ្ឌដូនពេញ​ទាំងអស់ ត្រូវ​មាន​វិធានការ​តឹងរ៉ឹង​បំផុត​ចំពោះ​អ្នក​ល្មើស​ទៅ​នឹង​គោលការណ៍​ថែទាំ​ផ្លូវ​របស់​សាលា​រាជធានី​ភ្នំពេញ​។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​បើក​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ​តាម​ដងផ្លូវ​ទាំង​២​ខ្សែ​នេះ មាន​សារៈសំខាន់​ណាស់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ថ្នាក់ក្រោម​ជាតិ ពិសេស​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​រំដោះ​ទឹក​កខ្វក់​ចេញ​ពី​ភូមិសាស្ត្រ ក៏ដូចជា​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ព្រោះ​តាម​ការ​កត់​សម្គាល់​ឃើញ​ថា នៅពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ ធ្វើ​ឲ្យ​តំបន់​នេះ​មានការ​លិចលង់ បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍ និង​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។​

លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សុំ​ឲ្យ​មានការ​យោគយល់ អធ្យាស្រ័យ​ដល់​ក្រុម ការ​ងារ​ស្ថាបនា ក៏ដូចជា​អាជ្ញាធរ ព្រោះ​ក្នុង​ពេល​អនុវត្ត​ដាក់​ប្រព័ន្ធ​លូ​នេះ ពិតជា​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​ដ៏​ខ្លី​ជាក់​ជាមិនខាន​ឡើយ។​

គួរ​បញ្ជាក់​ថា​ ប្រព័ន្ធ​លូ​ដែល​ត្រូវ​ដាក់​នេះ​មាន​ប្រវែង​សរុប​៨៧២​ម៉ែត្រ មាន​ទំហំ​១​ម៉ែត្រ ក្នុង​នោះ​ដាក់​នៅ​តាមផ្លូវ​លេខ​១៩ ចាប់ពី​ផ្លូវ​លេខ​១៨៤ ដល់​ផ្លូវ​លេខ​២៤០ មាន​ប្រវែង​៤៦២​ម៉ែត្រ ក្នុង​នោះ​ដាក់​អណ្ដូង​លូ​ចំនួន​១៩​អណ្តូង និង​ផ្លូវ​លេខ​១៨៤ ចាប់ពី​ផ្លូវ​លេខ​១៩ ដល់​ផ្លូវ​លេខ​០៣ មាន​ប្រវែង​៤១០​ម៉ែត្រ ក្នុង​នោះ​ដាក់​អណ្ដូង​លូ​១៧​អណ្តូង អនុវត្ត​ដោយ​ក្រុមហ៊ុន​BBE ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន​១១១៤,0៤២០០០​រៀល (​មួយ​ពាន់​មួយ​រយ​ដប់​បួន​លាន បួន​ម៉ឺន​ពីរ​ពាន់​រៀល​)៕​

រស្មី​

Post a Comment

0 Comments

Close Menu