Ad Code

សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​ស្នើ​ឲ្យ​ទប់ស្កាត់​ទឹក​ស្អុយ​ និង​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​ជ្រុះ​រាយ​តាម​ផ្លូវ​


ភ្នំពេញ ៖ សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​ស្នើ​ឲ្យ​រដ្ឋបាល​ខណ្ឌ​ជួយ​ពន្លឿន​ក្នុង​ការ​ទប់ស្កាត់​ទឹក​ស្អុយ​ដែល​បង្ហូរ​មកពី​ក្នុង​ក្រុង​ចូល​បឹង​តា​មោគ និង​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​ជ្រុះ​រាយ​តាមផ្លូវ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជា​រៀងរាល់ថ្ងៃ។

ការ​លើក​ឡើង​នេះ​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៨ អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា នា​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៥​នេះ នៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ ដែល​មាន​ការចូលរួម​ពី​លោក ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ និង​លោក លោកស្រី​អភិបាលរងខណ្ឌ ព្រមទាំង​សមាជិក​ក្រុម​ប្រឹក្សា និង​មន្ត្រី​សាលា​ខណ្ឌ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ។​

នៅក្នុង​កិច្ចប្រជុំ​នេះ​លោក​ ម៉ៅ បូរ៉ា​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​បាន​លើក​ឡើង កោត​សសើរ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខណ្ឌ​ទាំងមូល​ដែល​បាន​ជួយ​សម្រួល​ចរាចរណ៍​ និង​រួប​រួម​គ្នា​ធ្វើការ​តាម​តួនាទី​ប្រកបដោយ​ការទទួលខុសត្រូវ និង​សាមគ្គី​គ្នា​បាន​យ៉ាង​ល្អ​ចាប់ពី​ខណ្ឌ​ព្រែក​ព្នៅ​បង្កើត​មក​រយៈពេល​ជាង​៦​ខែ​កន្លង​មក​នេះ។ បើ​ទោះ​ជា​យ៉ាងនេះ​ក្តី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​បាន​លើក​ឡើង​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ ព្រោះ​មាន​រថយន្ត​ដឹក​ថ្ម ដឹក​ខ្សាច់​ជ្រុះ​រាយ​តាមផ្លូវ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជា​រៀងរាល់ថ្ងៃ ពិសេស​ទឹក​ស្អុយ​ដែល​បង្ហូរ​មកពី​ក្នុង​ក្រុង​ចូល​បឹង​តា​មោគ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិនអាច​ប្រើប្រាស់​នូវ​ទឹក​បឹង​នេះ​បាន។​

ឆ្លើយតប​ទៅ​នឹង​សំណើ​នេះ​លោក​ ខូច សា​លិ​ន ​អភិបាលរងខណ្ឌ​ព្រែក​ព្នៅ​មានប្រសាសន៍ថា​ចំពោះ ចំពោះ​ការទប់ស្កាត់​ទឹក​ស្អុយ​ដែល​បង្ហូរ​ចូល​បឹង​តា​មោគ​នោះ សាលា​រាជធានី​ភ្នំពេញ​បាន​សិក្សា​គម្រោង​នេះ​ហើយ តែ​អាច​ប្រើ​ពេល​វេលា​យូរ​បន្តិច ព្រោះ​ត្រូវការ​បច្ចេកទេស​ខ្ពស់​ទើប​អាច​ធ្វើ​បាន។​

លោក​បន្ត​ថា ចំណែក​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​ជ្រុះ​រាយ​តាមផ្លូវ​នោះ​ខាង​សមត្ថកិច្ច​កំពុងតែ​ទប់​ស្កាត់​ហើយ​តែ​យើង​ធ្វើ​បណ្ដើរៗ ដោយឡែក​ផ្លូវ​២​ខ្សែ​ដែល​រង​ការខូចខាត​នោះ សាលា​ខណ្ឌ​បាន​ធ្វើ​សំណើ​ជូន​ដល់​សាលា​រាជធានី​ភ្នំពេញ​រួចហើយ ​សាលា​រាជធានី​ភ្នំពេញ​ក៏បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​មក​សិក្សា​រួចហើយ​ដែរ។​

នៅក្នុង​ឱកាស​នោះ​ដែរ លោក​ម៉ៅ បូរ៉ា បាន​លើក​ទិសដៅ និង​វិធានការ ដល់​អង្គប្រជុំ ត្រូវ​ខិត​ខំ​យកចិត្តទុកដាក់​អនុវត្ត​លើ​គ្រប់​វិស័យ​ ដើម្បី​អនុវត្ត​តាម​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​២ និង​ទី​៣​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សព្វ​ថ្ងៃ​នេះ​បាន​និង​កំពុង​ដឹកនាំ​នាវា​កម្ពុជា​លើ​មាគ៌ា​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ៕

ឧ​ត្ត​រ៉ា​

Post a Comment

0 Comments

Close Menu