បាត់ដំបង ៖ ទឹកប្រាក់ចំនួន៤ម៉ឺនបាត ត្រូវបានល្បីតៗគ្នាថាត្រូវបានចោរប្លន់ប្រដាប់អាវុធមួយក្រុម បានធ្វើសកម្មភាពប្លន់យកពីបុរសវ័យចំណាស់ម្នាក់ដែលរស់នៅភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៣ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ ហើយចេញទៅវិញយ៉ាងស្ងៀមស្ងាត់ សូម្បីតែសត្វឆ្កែដែលទើបនឹងកើតកូនល្បីថា កាចនោះក៏មិនបានព្រូសសូម្បីតែមួយម៉ាត់ដែរ។
តាមការរៀបរាប់ពីប្រភពមួយដែលបានស្រង់សំដីរបស់ជនរងគ្រោះដែលមានឈ្មោះ យ៉ម ជឿន ភេទប្រុស អាយុ៨៣ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុបាននិយាយថា ផ្ទះគាត់គឺមានពីរជាន់ដោយប្រពន្ធរបស់គាត់ជាមួយនឹងចៅៗនៅដេកជាន់ខាងលើ ចំណែកគាត់គឺសម្រាកនៅខាងក្រោមម្នាក់ឯង ដោយពុំដែលមានអ្វីកើតឡើងនោះទេ។ កន្លងមកជាញឹកញាប់គឺកូនរបស់គាត់ដែលធ្វើការនៅប្រទេសថៃតែងតែផ្ញើលុយមកឲ្យគាត់ជារឿយៗ សរុបទៅគឺប្រហែល៤ដងមកហើយ ឯរូបគាត់ក៏មិនដែលយកទៅចាយវាយដែរ ដោយនៅពេលដែលបានមកម្តងៗគាត់តែងតែយកទៅចាក់សោទុកនៅក្នុងទូររបស់គាត់ផ្ទាល់ ហើយក៏គ្មានអ្នកណាម្នាក់មានកូនសោទូរនេះដែរ។
ប្រភពបានបន្តក្នុងន័យលាក់លៀមព្រោះខ្លាចដោយសារតែលោកអធិការស្រុកកំពុងធ្វើការបិទបាំងពីបណ្ដាអ្នកសារព័ត៌មានដែលមានខ្លឹមសារថា នៅជាន់ខាងក្រោមដែលជាកន្លែងគាត់ សម្រាកនោះ គឺគាត់បានបើកភ្លើងអគ្គិសនីបំភ្លឺទាំងអស់ លើកលែងតែខាងក្រៅផ្ទះប៉ុណ្ណោះដែលមិនបានបើកភ្លើង។ ខណៈពេលដែលគាត់ត្រឡប់មកពីបត់ជើងវិញក៏ស្រាប់តែមានជនមិនស្គាល់មុខចំនួនពីរនាក់ ដែលមានពាក់ម៉ាស់ទាំងពីរ ព្រមទាំងមានកាន់អាវុធខ្លីនៅនឹងដៃផង បានស្ទុះចូលមកច្រានគាត់ឲ្យដួលផ្ងាកក្រោយស្ទើរតែទល់ផ្អក ហើយវាបានដើរតម្រង់ទៅចាក់សោទូររបស់គាត់ទាញយកលុយបាតដែលគាត់រក្សាទុកនោះអស់រលីង ហើយបានលើកកាំភ្លើងគំរាមគាត់ថែមទៀត ប៉ុន្តែ
បើតាមការសន្និដ្ឋានរបស់គាត់គឺកាំភ្លើងនោះហាក់ដូចជាកាំភ្លើងជ័រ ព្រោះការលើកកាន់វាដូចជាស្រាលពេក ប៉ុន្តែទោះបីជាយ៉ាងណាក៏គាត់មិនហ៊ានតតាំងដែរ ក្រោយពីពួកវាបានប្រមូលលុយពីទូរអស់ហើយ វាក៏គេចចេញទៅខាងក្រៅបាត់ស្រមោលតែម្តង។ ហើយម្យ៉ាងទៀតនៅពេលនោះគាត់ក៏ក្រឡេកឃើញមានបក្ខពួកវាឈរលាក់ខ្លួននៅខាងក្រៅផ្ទះផងដែរ។
បើទោះបីជាមានការភ្ញាក់ផ្អើលតៗគ្នាយ៉ាងនេះក្តីក៏ពុំមានសមត្ថកិច្ចនៃអធិការដ្ឋានស្រុកសង្កែណាមួយហ៊ានឆ្លើយបំភ្លឺនោះដែរ ដោយគេគ្រាន់តែនិយាយយ៉ាងខ្លីថា (កំពុងស្រាវជ្រាវ)។ ពាក្យសំដីនេះវាមិនមែនស្ថិតនៅត្រង់ថាសារព័ត៌មានចេញផ្សាយទើបជនសង្ស័យគេចខ្លួននោះទេ។ ព្រោះរឿងវាបានកើតឡើងរួចទៅហើយ ឯជនល្មើសក៏វាបានគេចខ្លួនរួចទៅហើយដែរ ប៉ុន្តែការលាក់បាំងនេះគឺគេមិនចង់ឲ្យល្បីថាមានបទល្មើសឧក្រិដ្ឋកើតឡើងនៅក្នុងទឹកដីស្រុកសង្កែតែម្តង ព្រោះតែកើតឡើងច្រើនពេកលោកអធិការក៏ប្រហែលជារមាស់ខ្នងដែរ។
ដោយឡែកលោកស្នងការរង ជេត វណ្ណនី ក៏បានទទួលស្គាល់ផងដែរថា វាពិតជាមានករណី
នេះបានកើតឡើងមែន ដោយលោកបានសន្និដ្ឋានទីមួយឆ្កែដែលកាចនោះវាមិនព្រូសទាល់តែសោះ
ទីពីរ ចោរមានកូនសោដែលអាចចាក់ទូរនោះត្រូវដូចម្ចាស់ដែរ ហើយទីបី ចោរសុទ្ធតែពាក់ម៉ាស់បិទមុខទាំងអស់ ឬក៏អាចជាការប្រឌិតពីជនរងគ្រោះ ព្រោះពេលកំពុងធ្វើសកម្មភាពទាំងអ្នកនៅខាងលើផ្ទះ ក៏ដូចជាអ្នកជិតខាងគឺគ្មានអ្នកណាដឹងទាំងអស់ ដូច្នេះបញ្ហានេះរូបលោកផ្ទាល់ រួមទាំងកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីតាមរកឃាត់ខ្លួនមុខសញ្ញាប្លន់នេះយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យទាល់តែបាន៕
សោ និយមរ័ត្
0 Comments