បាត់ដំបង ៖ ជនជាតិថៃម្នាក់ដែលបានភរិយាជាស្ត្រីខ្មែរ និងបានរស់នៅក្នុងទឹកដីខ្មែរអស់រយៈពេល
ប្រមាណជាង៧ឆ្នាំមកហើយនោះ បានស្លាប់ភ្លាមៗកាលពីវេលាម៉ោង១និង១០នាទី នារសៀលថ្ងៃទី
២៦ ខែមករា ឆ្នាំ២០១៥ ត្រង់ចណុចភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បន្ទាប់ពីជនជាតិថៃរូបនេះបានផឹកស៊ីស្រវឹងជោគជាំ ហើយបានដើរដួលបោកក្បាលទៅនឹងវត្ថុរឹងម្យ៉ាង។ តាមការអះអាងពីលោក អញ កាម៉ាល់ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកសំពៅលូនបានឲ្យដឹងថា បុរសដែលជាជនជាតិថៃនោះមានឈ្មោះ វីរ: ព្រុំខាំប៉ា អាយុ៥០ឆ្នាំ រស់នៅផ្ទះលេខ
១៤ ផ្លូវលេខ៣ ភូមិមហាយស ឃុំណៃវឿង ស្រុកណាន ខេត្តណាន ប្រទេសថៃ ដែលអតីតជាមន្ត្រីយោធាថៃ ហើយក៏បានទំនាក់ទំនងជាមួយស្ត្រីខ្មែររហូតដល់បានគ្នាជាប្ដី-ប្រពន្ធជាង៧ឆ្នាំ ព្រមទាំងមានកូនចំនួន២នាក់ជាចំណងដៃថែមទៀតផង។
ក្រោយពេលកើតហេតុស្ត្រីដែលជាភរិយាបានរៀបរាប់ថា នៅមុនពេលកើតហេតុគឺស្វាមីរបស់នាងបានទៅចូលរួមផឹកស៊ីជាមួយមិត្តភក្ដិរហូតដល់ស្រវឹងខ្លាំងមែនទែនទើបគាត់ត្រឡប់មកផ្ទះវិញ
ប៉ុន្តែនៅពេលដែលគាត់ដើរមកដល់មុខផ្ទះ ក៏ស្រាប់តែទំនងជាងងឹតមុខដោយសារតែស្រវឹងបានជា
ដួលបោកក្បាលទៅនឹងថ្មបណ្ដាលឲ្យបែក ហើយក៏បានដាច់ខ្យល់ស្លាប់នៅទីនោះតែម្តង។ ដោយបន្សល់ទុកនូវកូនចំនួន២នាក់ ឯខ្លួនក៏ក្លាយជាស្ត្រីមេម៉ាយថែមទៀត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះទៅត្រួតពិនិត្យដើម្បីធ្វើកោសល្យវិច័យដោយបាន
សន្និដ្ឋានថា ជនរងគ្រោះអាចកើតខ្យល់គក៏ថាបាន ដោយសារតែគេបានផឹកស៊ីច្រើនហួសកម្រិតរហូតស្ទើរតែបាត់នូវការចងចាំ ព្រមទាំងមានសភាពទន់ជ្រាយ ទើបបណ្ដាលឲ្យដើរដួលបែបនេះ
ដោយពុំមានពាក់ព័ន្ធទៅនឹងអំពើឃាតកម្មណាមួយឡើយ។
លោកមេបញ្ជាការរងបានបន្តថា នៅល្ងាចថ្ងៃដដែលនោះដែរ ក្រុមគ្រួសាររបស់ជនរងគ្រោះ
ក៏បានធ្វើដំណើរមកទទួលយកសពត្រឡប់ទៅធ្វើបុណ្យនៅឯប្រទេសថៃវិញផងដែរ៕
សោ និយមរ័ត្ន
0 Comments