Ad Code

ក្រុមហ៊ុន​"នុ​ភាព​សុ​ភី​" បើ​ការដ្ឋាន​ជួសជុល​ផ្លូវ​ចំងាយ​៤៨​គីឡូម៉ែត្រ​


រតនគិរី ៖ ដើម្បី​សម្រួលការ​ធ្វើដំណើរ​និង​ការ​ដឹកជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ​ចំណេញ​ពេល​វេលា ព្រមទាំង​សម្រួលការ​សិក្សា​របស់​សិស្ស​នៅ​តំបន់​ដាច់ស្រយាល ការដ្ឋាន​ជួសជុល​ផ្លូវ​នេះ​បាន​បើក​ឡើង​កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​ពី​លោក​ នង ដា​រិ​ទ្ធ អភិបាល​នៃ​គណ​អភិបាលស្រុក​អណ្ដូង​មាស តំណាង​ក្រុមហ៊ុន​"នុ​ភាព​សុ​ភី" លោក​ សេក វីរៈ និង ​មន្ត្រីរាជការ​កម្លាំង​ប្រដាប់​អាវុធ។​

លោក នង ដា​រិ​ទ្ធ អភិបាលស្រុក​អណ្ដូង​មាស​មានប្រសាសន៍ថា ផ្លូវ​បើក​ការដ្ឋាន​ជួសជុល​នេះ​មាន​ប្រវែង​៤៨​គីឡូម៉ែត្រ ចាប់ពី​ចំណុច​គល់​ស្ពាន​តេ​ជោ​សេ​សាន ស្ថិត​ក្នុង​ភូមិ​កា​ជូត​ក្រោម រហូត​ដល់​ភូមិ​ចង ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស។ លោក​បន្ត​ថា ការ​ជួសជុល​ផ្លូវ​នេះ​គឺ​ជួយ​សម្រួល​ដល់​ការ​ទំនាក់​ទំនង​រវាង​ប្រជាពលរដ្ឋ​នៅ​ត្រើយម្ខាង​ទន្លេ​ និង​ជា​ការ​សម្រួល​ដល់​ការ​ធ្វើដំណើរ ការសិក្សា​របស់​សិស្ស។ ជាង​នេះ​ទៅ​ទៀត ​វា​អាច​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ដឹកជញ្ជូន​កសិផល​របស់​ប្រជាជន។ លោក​បាន​បញ្ជាក់​ថា ​ផ្លូវ​ដែល​កំពុងធ្វើការ​ជួសជុល​នេះ គឺ​បាន​ចាប់​ផ្តើម​ដំបូង​ក្នុង​ចម្ងាយ​ផ្លូវ​១៤​គីឡូម៉ែត្រ​ ដែល​ជា​គម្រោង​ស្ថាបនា​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ មន្ទីរ​អភិវឌ្ឍន៍ជនបទ និង​មូលនិធិ​របស់​ឃុំ​មួយចំនួន។ លោក​បាន​ធ្វើការ​សូមពរ​ដល់​ក្រសួង​សាធារណៈ​ការ​ សូម​ឲ្យ​ក្រសួង​មាន​កញ្ចប់​ថវិកា​គម្រោង ​ថែទាំ​ និង​ជួសជុល​ផ្លូវ​ខាង​លើ​នេះ​ ព្រោះ​ផ្លូវ​១​ខ្សែ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​តភ្ជាប់​ទៅកាន់​តំបន់​កន្ទុយនាគ ​ដែល​គេ​ដឹង​ថា មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​វៀតណាម និង​ឡាវ។ ជា​មួយ​គ្នា​នេះ​ដែរ ការ​ជួសជុល​ផ្លូវ​ខាងលើ​នេះ តំណាង​ប្រជាពលរដ្ឋ​បាន​សម្ដែង​នូវ​ការ​ត្រេកអរ​ជា​ពន់ពេក​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់ដឹកនាំ​ស្រុក​ ក៏ដូចជា​ទឹកចិត្ត​ជ្រះថ្លា​របស់​ក្រុមហ៊ុន"​នុ​ភាព​សុ​ភី" ក្នុង​ការ​ចំណាយ​ថវិកា​របស់​ក្រុមហ៊ុន​ផ្ទាល់ និង​រួមចំណែក​ក្នុង​ការ​ជួសជុល​ផ្លូវ​សម្រួល​ដល់​ធ្វើការ​ដំណើរ​របស់​ប្រជាពលរដ្ឋ ​និង​ជា​ការ​ចូលរួម​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ស្របតាម​គោ​នយោបាយ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ៕

តា​ជួង​

Post a Comment

0 Comments

Close Menu