Ad Code

អតិផរណា​ប្រចាំឆ្នាំ​របស់ប្រទេស​រុស្ស៊ី​ លោតផ្លោះ​ដល់​១១.៤ភាគរយ​ ខណៈ​ដែល​ប្រាក់​រូប​ធ្លាក់​ថ្លៃ​​

យោង​ទៅ​តាម​ការប៉ាន់ស្មាន​បាន​ឲ្យ​ដឹងថា អតិផរណា​ប្រចាំឆ្នាំ​របស់រុស្ស៊ី​ សម្រាប់ឆ្នាំ​២០១៤​នឹងឡើង​ដល់​ប្រហែល​១១.៤ភាគរយ ដែល​អូស​ទាញ​ដោយតម្លៃ​ប្រាក់រូប (rouble) ដាំក្បាល​ចុះ។ ការ​ធ្លាក់តម្លៃ​រូបិយប័ណ្ណ​នេះ ​បាន​ជំរុញ​តម្លៃ​ទំនិញ​ឲ្យឡើង​ថ្លៃ​ ជាពិសេស​ម្ហូបអាហារ​​ដែល​បាន​ឡើង​ប្រហែល​១៥.៤​ភាគរយ​នៅក្នុង​​ឆ្នាំ​២០១៤។

សេវា​ស្ថិតិ​របស់រដ្ឋ​ Rosstat បាននិយាយ​ថា តម្លៃ​គ្រឿង​ប្រើប្រាស់​ឡើង​២.៦​ភាគរយ​​នៅក្នុង​ខែធ្នូ រយៈពេល​មួយ​ខែ​ នៅពេលដែល​ប្រាក់រូប​បាន​ទទួល​រង​នូវការ​ធ្លាក់​ចុះ​ដ៏ជ្រៅ​បំផុត​របស់​ខ្លួន។ ក្នុង​ពេល​ជា​មួយគ្នា​នេះ​ ប្រទេស​រុស្ស៊ី​បាន​ធ្វើ​អន្ដរាគមន៍​ដើម្បីគាំទ្រ​ធនាគារ​មួយ​ទៀត​​គឺ​ធនាគារ​ Gazprombank
នៅក្នុង​ឆ្នាំ​២០១៣​ កម្រិត​អតិផរណា​ប្រចាំ​ឆ្នាំ​គឺ​៦.៥​ភាគរយ។ តួលេខ​អតិផរណា​ឆ្នាំ​២០១៤ គឺ​ខ្ពស់​បំផុត​ចាប់តាំង​ពី​រុស្ស៊ី​ មានវិបត្ដិ​ហិរញ្ញវត្ថុ​នៅក្នុង​ឆ្នាំ​២០០៨។ តម្លៃប្រេង​ទាប និង​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ដោយ​សារ​ប្រទស​អ៊ុយ​ក្រែន​នោះ​ បានអូស​ទាញ​តម្លៃ​ប្រាក់​រូប​ឲ្យ​ធ្លាក់​ចុះ​ មានន័យ​ថា តម្លៃ​នៃ​ទំនិញ​ជាច្រើន​ ជា​ពិសេស​ការ​នាំចូល​បានឡើង​ថ្លៃ។
Rosstat បាននិយាយថា តម្លៃ​ផលិត​ផល​មិន​មែន​ម្ហូប​អាហារ​ឡើង​៨.១ភាគរយនៅក្នុង​អំឡុងឆ្នាំ​២០១៤ ចំណែក​បន្ទុក​សេវា​បាន​ឡើង​ដល់​១០.៥​ភាគរយ។ Rosstat នឹង​ត្រូវ​ចេញ​ផ្សាយ​ទិន្នន័យ​អតិផរណា​នៅទីបញ្ចប់​នៅថ្ងៃ​ទី​១២ ខែ​មករា។
សេដ្ឋកិច្ច​របស់ប្រទេស​រុស្ស៊ី​រួញ​នៅក្នុង​ខែ​វិច្ឆិកា ជា​លើក​ដំបូងនៅ​ក្នុង​រយៈពេល​៥ឆ្នាំ និង​ត្រូវ​បាន​គេរំពឹង​ថា នឹង​ធ្លាក់​ទៅ​ក្នុង​ភាព​មិន​រីក​ចម្រើន​ទៅមុខនៅត្រីមាស​ទី១នៃ​ឆ្នាំ​២០១៥។
ការ​ធ្លាក់ចុះ​នៅក្នុងតម្លៃ​ប្រេង​ បាន​កាត់បន្ថយ​ប្រាក់​ចំណូល​ដែល​រកបាន​ដោយ​រដ្ឋាភិបាល​ ចំណែក​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​រុស្ស៊ី​ដោយ​សារ​សកម្មភាព​របស់ខ្លួននៅ​ក្នុ​ងប្រទេស​អ៊ុយ​ក្រែន​នោះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់វិស័យ​ធនាគារ​ ដោយបាន​កាត់ផ្ដាច់​ការ​ផ្ដល់ប្រាក់​កម្ចី​ឲ្យ​បរទេស។
កាលពីថ្ងៃ​ពុធ រដ្ឋាភិបាល​បាន​ទិញ​ជិត​៤១​ពាន់​លាន​រូប (៤៣៧លានអឺរ៉ូ, ៦៨៣​លាន​ដុល្លារ) ភាគហ៊ុន​របស់​ធនាគារ​រដ្ឋ Gazprombank ដែល​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​គាំទ្រ​។ Gazprombank បាន​និយាយ​នៅក្នុង​សេចក្ដី​ថ្លែង​ការណ៍មួយ​ថា កា​រចាក់​បញ្ចូល​សាច់ប្រាក់​នេះ ជួយ​ធនាគារ​ដើម្បី​ពង្រឹង​រចនាស​ម្ព័ន្ធ​មូលធន​របស់​ខ្លួន​ និង​ផ្ដល់​នូវ​ទំហំ​គ្រប់​គ្រាន់​ដើម្បីពង្រីក​ប្រតិបត្ដិការ​របស់ខ្លួន៕
ថាលីយ៉ាន​

Post a Comment

0 Comments

Close Menu