Ad Code

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល​ប្រជុំ​លើក​ផែនការ​អាណត្តិ​ទី​៦


កណ្ដាល ៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល​កាលពី​ព្រឹក​ថ្ងៃទី​២៨ ​ខែមករា ​ឆ្នាំ​២០១៥​ បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការ​ផ្សព្វផ្សាយ​ផែនការ​ការងារ​របស់​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី​៦ ក្រោម​អធិបតីភាព​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​។ ពិធី​នេះ​បានការ​អញ្ជើញ ចូលរួម​ពី​លោក ជាវ តា​យ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកណ្តាល ប្រតិភូ​គណៈកម្មាធិការ​កណ្ដាល​កាកបាទក្រហមកម្ពុជា សមាជិក​សមាជិកា​គណៈកម្មាធិការ សាខា អនុ​សាខា​ស្រុក​-​ក្រុង ក្រុម​ប្រតិបត្តិ​សរុប​ចំនួន​៥២​នាក់​។​

លោក ជាវ តា​យ មាន​មតិ​ស្វាគមន៍​និង​គូស​បញ្ជាក់​ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការងារ​របស់​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី​៦ មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​ពី​បេសកកម្ម​ការងារ​របស់​កាកបាទក្រហម​កម្ពុជា ដែល​ត្រូវ​អនុវត្ត​នៅក្នុង​អាណត្តិ​ទី​៦ ដែល​មាន​រយៈពេល​៦​ឆ្នាំ ពី ២០១៤ ដល់​២០១៩ មន្ត្រី​កាកបាទក្រហម ដើម្បី​ឈាន​ទៅ​ដល់​ភាព​ជោគជ័យ​ក្នុង​កិច្ចប្រតិបត្តិការ​ផែនការ​ការងារ​ក្នុង​វិស័យ​ស្នូល​ទាំង​៤​របស់​កាកបាទក្រហម​កម្ពុជា​។ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏ដូចជា​អនុ​សាខា​គ្រប់​ស្រុក​-​ក្រុង ដែល​ជា​ស្ថាប័ន​ថ្នាក់​មូលដ្ឋាន​របស់​កាក​បាទ​ក្រហម​កម្ពុជា ក៏​មាន​ភារកិច្ច​ធ្វើ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​តាម​ផែនការ​របស់​ថ្នាក់​កណ្ដាល​ផង​ដែរ​។

មាន​ប្រសាសន៍​ក្នុង​បទ​បង្ហាញ​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​បញ្ជាក់​ពី​ខ្លឹមសារ​សំខាន់ៗ​រួមមាន​៖ ១-​គោលការណ៍​គ្រឹះ​ទាំង​៧​របស់​កាកបាទក្រហម​កម្ពុជា ២-​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​របស់​កាកបាទក្រហមកម្ពុជា​មាន​១៥​ជំពូក , -​ទិសដៅ​ការងារ​សំខាន់ៗ​ក្នុង​អាណត្តិ​ទី​៦​របស់​កាកបាទក្រហម​កម្ពុជា , -​អគ្គ​អភិបាល និង​ក្រុម​ប្រតិបត្តិ​នៅ​ថ្នាក់​សាខា ,-​កញ្ចប់​សកម្មភាព​អប្បបរមា និង​ទី​៦-​ជំហាន​ដែល​ត្រូវ​អនុវត្ត​បន្ត​។ ជា​មួយ​គ្នា​នេះ​ដែរ​លោក​ជំទាវ​អគ្គលេខាធិការ​បាន​ផ្សព្វផ្សាយ​លិខិត​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ស្ដីពី​ភារកិច្ច​មួយចំនួន​ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ក្របខណ្ឌ​ជា​ភារកិច្ច​ស្នូល​របស់​កាកបាទក្រហម​កម្ពុជា មេត្តា​ពិនិត្យ​លទ្ធភាព​រៀបចំ និង​អនុវត្ត​ភារកិច្ច​ជា​ចាំបាច់​មួយចំនួន បន្ថែម​ទៀត​រួមមាន ៖ ១-​រៀបចំ​សកម្មភាព​ចុះ​សួរ​សុខ​ទុក្ខ និង​ផ្តល់​កញ្ចប់​ជំនួយ​សម្រាប់​ជីវភាព​រស់​នៅ​នៃ​ទារក​-​កុមារ ដែល​កំពុង​រស់​នៅ​ក្នុង​ពន្ធនាគារ​-​មណ្ឌល​កែប្រែ ជាមួយ​ឪពុក​-​ម្តាយ ឬ អាណា​ព្យាបាល​។ ២-​រៀបចំ​កញ្ចប់​អំណោយ​សម្រាប់​កំណើត​ទារក​ម្នាក់ៗ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​សាធារណៈ ដោយ​ដាក់​ថា​ជា​អំណោយ​របស់​សាខា អនុ​សាខា ឬ​ដាក់ឈ្មោះ​សប្បុរសជន​ផ្ទាល់​។ ៣-​រៀបចំ​ធ្វើការ​ប៉ាន់​ប្រមាណ​សមត្ថភាព​សាខា ដើម្បី​ត្រៀម​កសាង និង​អនុវត្ត​ផែនការអភិវឌ្ឍន៍​សាខា​រយៈពេល​៦​ឆ្នាំ ( ២០១៤-២០១៥ ) ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​បច្ចេកទេស​ពី​ថ្នាក់​កណ្ដាល​។ ៤-​ការងារ​យុវជន​កាកបាទក្រហម សូម​យកចិត្ត​ទុក​អនុវត្ត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ គោល​នយោបាយ​យុវជន​កាកបាទក្រហម​កម្ពុជា​៕

មុនី​


Post a Comment

0 Comments

Close Menu