ភ្នំពេញ ៖ ក្រុមចោរឆក់ញី-ឈ្មោល២នាក់ ក្នុងចំណោមគ្នា៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួនបន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ខ្សែកមាសពីជនរងគ្រោះបានសម្រេច ហើយព្យាយាមបើកម៉ូតូរត់គេច ដោយជនរងគ្រោះបើកម៉ូតូដេញតាមពីក្រោយ ទើបក្រុមជនល្មើសភ្លាត់ស្នៀតបុកខឿនចិញ្ចើមផ្ទះគេដួលម៉ូតូប្រកាច់ ត្រូវចាប់បាន២នាក់និងម្នាក់ទៀតភេទគេចខ្លួនបាត់ដោយយកខ្សែរបស់ជនរងគ្រោះទៅជាមួយផង។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ នៅចំណុចខាងត្បូងរង្វង់មូលវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ក្រុមជនសង្ស័យ២នាក់ដែលឃាត់ខ្លួន២នាក់ មានទី១-ឈ្មោះ មឿង មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំហូលីដេ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទី២-ឈ្មោះ មាស លីសា ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវបានដកហូតម៉ូតូមួយគ្រឿងម៉ាកC១០០ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BF២៧២២។ និងបក្ខពួកជនល្មើស១នាក់ទៀតឈ្មោះ មេ យួន ជនជាតិវៀតណាម អាយុ២០ឆ្នាំ បានគេចខ្លួនបាត់ ដោយយកខ្សែមាសទម្ងន់៣ជីរបស់ជនរងគ្រោះទៅជាមួយផង។ ចំណែកជនរងគ្រោះឈ្មោះ ឈុំ វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងមិត្តភ័ក្ដិបាននាំគ្នាជិះម៉ូតូម៉ាកស្កូបពីចេញពីស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូមកដល់ចំណុចកើតហេតុនាំគ្នាឈប់ម៉ូតូបន្តិច ស្រាប់តែពេលនោះមានជនសង្ស័យចំនួន៣នាក់ ក្នុងនោះស្រី២នាក់ និងប្រុសម្នាក់បានដើរមកធ្វើសកម្មភាពឆក់ផ្តាច់យកខ្សែមាសរបស់ជនរងគ្រោះបានសម្រេច ហើយនាំគ្នារត់ឡើងជិះម៉ូតូគេចខ្លួន បន្ទាប់មកជនរងគ្រោះបើកដេញពីក្រោយដោយស្រែកថា ចោរៗ លុះពេលក្រុមជនល្មើសបើករត់មកដល់ម្តុំខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត ស្រាប់តែភ្លាត់ស្នៀតបុកខឿនចិញ្ចើមផ្ទះបណ្ដាលឲ្យដួលប្រកាច់ប្រកិន ត្រូវបានកម្លាំងនគរបាលដែលដេញតាមពីក្រោយចាប់បាន២នាក់ភ្លាមៗ និងម្នាក់ទៀតរត់ចូលប្លុកបឹងកក់បាត់ដោយយកខ្សែមាសរបស់ជនរងគ្រោះទៅជាមួយផង។
សមត្ថកិច្ចបញ្ជាក់ថា ក្រុមជនសង្ស័យកំពុងតែកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែកបក្ខពួកដែលនៅសេសសល់កំពុងស្រាវជ្រាវចាប់ខ្លួនបន្តទៀត៕
រស្មី
0 Comments