Ad Code

យុវជន​មាន​ទម្លាប់​ល្អ​គឺមាន​សិល្បៈ​ចែករំលែក​

គ្រឹះស្ថាន​នៃ​ការសិក្សា​របស់​សិស្ស​តែងមាន​ការបង្ហាញ​អំពី​ចក្ខុវិស័យ​ដែល​សាលា​ចង់បាន​បំផុត​ក្នុង​ផលប៉ះពាល់​ទៅដល់​សិស្ស​។ ក្នុងនោះ​មាន​ទាំង​ការផ្តល់​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ​ឬ​ហៅថា​ជា​ចំណេះដឹង​ទូទៅ​និង​តាម​ផ្នែក​ជំនាញ​នៃ​មុខវិជ្ជា​នីមួយៗ​ផង និង​ការបណ្ដុះ​សីលធម៌​ព្រមទាំង​សុជីវធម៌​ដល់​សិស្ស​។ ជាពិសេស​ឲ្យ​សិស្ស​ប្រព្រឹត្ត​អំពើ​ជា​កុសល​តាមរយៈ​សិល្បៈ​ចែករំលែក​ទាំង​បទពិសោធន៍​និង​ទាំង​ការងារ​ពលកម្ម ព្រមទាំង​សម្ភារៈ​ផងដែរ​។​

ចំពោះ​ពាក្យថ្មី​ដែល​ហៅថា ជា​សិល្បៈ​ចែករំលែក​នេះ មានន័យ​ទូលំទូលាយ​ណាស់ ប៉ុន្តែ​សម្រាប់​ពេលនេះ​យើង​យកមក​បង្ហាញជូន​ត្រឹម​កម្រិត​សមត្ថភាព​សិស្ស​ដែល​បាន​រួមរស់​ជាមួយគ្នា​ប្រកបដោយ​ភាពសុខសាន្ត​ប៉ុណ្ណោះ​។ ជាការ​ពិតណាស់​ក្នុងចំណោម​មនុស្ស​ដែល​រួមរស់​និង​ធ្វើការ​ជាមួយគ្នានេះ តែងមាន​ចិត្តគំនិត​មិន​ដូចគ្នា​ទេ ឬ​ម្នាក់ៗ​តែងមាន​បំណងប្រាថ្នា​និង​ការយល់ឃើញ​ខុសៗ​គ្នា​។ ចំពោះ​ការរៀន​លើ​មេរៀន​អ្វីមួយ​ឬ​ក្នុងការ​ធ្វើ​លំ​ហាត់​អ្វីមួយ​តាម​កម្រិត​ថ្នាក់​នោះ គ្រូបង្រៀន​តែង​បានធ្វើការ​ប្រមូលផ្តុំ​គំនិត​សិស្ស​ឬ​ហៅថា ជាការ​ផ្ដុំ​បញ្ញាញាណ​សិស្ស​នោះ គឺ​ប្រាកដជា​បាន​ផល​ល្អ​ហៅថា វិសហមជ្ឈការ​របស់​សិស្ស​។ ត្បិត​លទ្ធផល​ល្អ​នេះហើយ​ដែល​ស្តែង​ចេញពី​ការចែករំលែក​បទពិសោធ​ន៍​រវាង​សិស្ស​នឹង​សិស្ស​ឋិត​ក្រោម​ការសម្របសម្រួល​ពី​គ្រូ​តែម្ដង ហើយក៏​ឋិត​ក្រោម​ការជួយ​កែលំអ​ពី​សមូហភាព​នៃ​សិស្ស​ទាំងអស់គ្នា​។​
ក្នុង​ការចែក​រំ​លែង​បទពិសោធន៍​មួយបែប​ទៀត គឺ​ការពិភាក្សាគ្នា​ទោះ​ក្នុង​ផ្លូវការ​ក៏ដូចជា​ក្រៅផ្លូវការ​ដែរ ដូចជា​ករណី​សិស្ស​បង្ហាញ​យោបល់​គ្នា ឬ​ហៅថា ប្រាប់​គ្នា​នូវ​អ្វី​ដែលជា​ការត្រឹមត្រូវ​។ ជាពិសេស​គេ​សង្កេតឃើញ​មាន​ចំណុច​ល្អ​មួយ​ក្នុង​ការងារ​ក្រុម គឺ​សិស្ស​រៀន​ពូកែ​ជួយ​ពន្យល់​ឬ​បង្ហាញ​មេរៀន​និង​លំ​ហាត់​ដល់​សិស្ស​រៀន​យឺត ដើម្បីអោយ​សិស្ស​រៀន​យឺត​បាន​យល់​និង​បាន​រៀន​ទាន់​គេ​។ នេះ​គឺជា​ការចែករំលែក​ចំណេះវិជ្ជា​អោយ​គ្នា​ទៅវិញទៅមក ព្រោះ​ម្នាក់​ប្រាប់​ទៅ​ម្នាក់ទៀត​ត្រង់ចំណុច​ម្នាក់​នោះ មិនទាន់​ចេះ​។ ត្បិត​ជាធម្មតា​សិស្ស​ម្នាក់ៗ​មិនមែន​សុទ្ធតែ​ចេះ​សព្វ​មុខវិជ្ជា​នោះទេ គឺ​គេ​តែង​បានដឹងថា សិស្ស​ម្នាក់ៗ​តែងមាន​ចំណុចខ្លាំង​របស់ខ្លួន​ផង និង​ក៏មាន​ចំណុចខ្សោយ​របស់ខ្លួន​ផង​។ ដូចនេះ ចំពោះ​សិល្បៈ​ចែករំលែក​ចំណេះដឹង​គ្នា​នេះ មានន័យថា ធ្វើអោយ​សិស្ស​ទាំងមូល​មានការ​សិក្សា​ប្រកបដោយ​ប្រសិទ្ធភាព​។
បានសេចក្តីថា កាលណា​សិស្ស​ចេះ​ចាំ​មេ រៀន​និង​ធ្វើ​កិច្ចការ​បានល្អ​នោះ គ្រូបង្រៀន​ក៏មាន​ការសប្បាយ​ចិត្ត​ដែរ​។ រីឯ​សិស្ស​ទាំងអស់គ្នា​នៅក្នុង​ថ្នាក់​នោះ ក៏មាន​ការអបអរ​ស​ប្បាយ​និង​កាន់តែ​ចង់​រៀន​បន្ដទៀត​យ៉ាង​ស្វិតស្វាញ​ព្រោះ​គេ​មាន​ទំនុកចិត្ត​លើ​ខ្លួន​ថា គេ​ប្រាកដជា​រៀន​បានទទួល​ជោគជ័យ​។ បានសេចក្តីថា ជោគជ័យ​នៃ​ការរៀន​របស់​សិស្ស​ក៏​ជា​ជោគជ័យ​នៃ​ការបង្រៀន​របស់​គ្រូ​ដែរ​។ នេះហើយ​ដែលជា​ប្រភព​នៃ​ការរីកចម្រើន​របស់​សាលារៀន​ដែល​ទាំង​គ្រូ​និង​សិស្ស​គ្រប់រូប​តែងមាន​សិល្បៈ​នៃ​ការចែករំលែក​ចំណេះវិជ្ជា​គ្នា​។ ចំពោះ​អ្វីដែល​ហៅថា ជា​សិល្បៈ​នោះ គឺ​មានន័យថា ជាការ​ទាក់ទាញ​ចិត្ត​ធ្វើអោយ​គេ​ចាប់ចិត្ត ជក់ចិត្ត និង​ចូលចិត្ត​។ ដូចនេះ​ចំពោះ​សិល្បៈ​នៃ​ការចែករំលែក​នោះ​គឺជា​ភាពស្និទ្ធស្នាល​រាក់ទាក់​យ៉ាង​ស្មោះស្ម័គ្រ​រវាង​អ្នកផ្តល់​អោយគេ​នឹង​អ្នកទទួលយក​ពី​គេ​។ បានសេចក្តីថា អ្នក​សួរ​គេ​ព្រោះ​មានបំណង​ចង់​ចេះ​ចង់ដឹង ពោលគឺ​មិនមែនជា​សំណួរ​កើត​ឡើយ​ដោយ​ការដេញ​ជើង​ឬ​ជាការ​ផ្ចាញ់ផ្ចាល​នោះទេ​។ ចំណែកឯ​អ្នក​ដែល​ឆ្លើយ​ប្រាប់​គេ​នោះ គឺមាន​បំណង​ចង់​អោយគេ​ចេះ​តាម​ខ្លួន​ឬ​ដូច​ខ្លួន ហើយក៏​ការឆ្លើយ​ឬ​ការ​ប្រាប់​នោះ ប្រព្រឹត្ត​ទៅដោយ​បំណងល្អ ឬ​ដោយ​មិនមាន​ការលាក់លៀម​នោះឡើយ​។​
ក្រៅពី​ការសិក្សា​ក៏​គេ​តែង​បាន​ជួប​នូវ​សិល្បៈ​នៃ​ការចែករំលែក ម្យ៉ាងទៀត​ដូចជា​ការងារ​ពលកម្ម គឺ​សិស្ស​ធំ​ឬ​សិស្ស​ដែលមាន​កម្លាំង​តែង​បាន​ជួយ​សិស្ស​ខ្សោយ​ឬ​ជួយ​សិស្ស​ជានា​រី​ភេទ​ក្នុងការ​លើកដាក់​លីសែង​របស់​ធ្ងន់ៗ​។ ក្នុងការ​ធ្វើដំណើរ​តាមផ្លូវ​លំបាក ឬ​មាន​ឧបសគ្គ​នានា​នោះ ក៏​គេ​ឃើញ​សិស្ស​ធំៗ​ជួយ​សិស្ស​តូចៗ​។ គឺ​ការជួយ​ចែករំលែក​កម្លាំងកាយ​ទាំងអស់នេះ ក៏​ចាត់ទុកជា​សិល្បៈ​ចែករំលែក​ផងដែរ​។ លើសពីនេះទៅទៀត ក៏មាន​ការចែករំលែក​ស​ម្ហា​រៈ​ប្រើប្រាស់​អោយ​គ្នា​ទៅវិញទៅមក​ដែរ​។ ឧទាហរណ៍ សិស្ស​ខ្ចី​សៀវភៅ​គ្នា​ដើម្បី​អាន និង​ការខ្ចី​ឧបករណ៍​សិក្សា​គ្នា​នៅក្នុង​ថ្នាក់ រៀន​និង​តាមរយៈ​ការចែក​រំលែក​នំចំណី​គ្នា​ញាំ​ទៀតផង​។​
សរុបមក បញ្ហា​សិស្ស​មាន​សិល្បៈ​ចែករំលែក​គ្នា​វា​ជា​កុសល​ក្នុង​សាលារៀន ក៏ដូចជា​ការរួមរស់​ជាមួយគ្នា​ប្រកបដោយ​សាមគ្គីភាព​ដែល​កាន់​តែមាន​ទម្លាប់​រឹងមាំ​បន្ដិច​ម្ដងៗ ឆ្ពោះទៅ​អនាគត​សិស្ស​នឹង​ក្លាយទៅជា​ធនធាន​នៃ​ពលរដ្ឋ​ដ៏​ល្អ​របស់​ប្រទេសជាតិ​ក្នុងការ​កសាង​វឌ្ឍនធម៌​ធ្វើអោយ​សង្គមជាតិ​មានការ​រីកចម្រើន​តរៀង​ទៅ​៕
លី ហាក់​សេង​

Post a Comment

0 Comments

Close Menu