Ad Code

សមាគម​សម្ព័ន្ធ​និស្សិត​គ្រោង​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ​ នា​ថ្ងៃទី​២៨ ខែ​មករា​ខាងមុខ​នេះ​


ភ្នំពេញ ៖ ក្រុម​និស្សិត​រៀន​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ​ប្រមាណ​៦០​នាក់ ដឹកនាំ​ដោយ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ គ្រោង​នឹង​ធ្វើ​បាតុកម្ម​មួយ​នៅ​ខាង​មុខ​រដ្ឋសភា ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហា​និស្សិត​ដែល​រងគ្រោះ​ដោយ​រៀន​នៅ​វិទ្យាស្ថាន​នោះ នា​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៥​ខាងមុខ​នេះ ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​និស្សិត។​

និស្សិត​ឈ្មោះ ថន រដ្ឋា តំណាង​និស្សិត​រៀន​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ ហើយ​ជា​អ្នក​ដែល​បាន​រងគ្រោះ​ផង​ដែរ បាន​ថ្លែង​នៅក្នុង​សន្និសីទ​ថា និស្សិត​ដែល​បាន​ចូលរួម​នេះ គឺជា​អ្នក​ដែល​បាន​សិក្សា​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ ផ្នែក​បរិញ្ញាបត្ររង​គិលានុបដ្ឋាក ដែល​មាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ចុះ​កម្មសិក្សា​នៅ​តាម​មន្ទីរ​ពេទ្យ​ណាមួយ​នៅឡើយ​ទេ។ សម្រាប់​លោក ថន រដ្ឋា ​បាន​អះអាង​ថា បាន​សិក្សា​នៅ​ទីនោះ​តាម​លំ​ដាប់​ថ្នាក់​ត្រឹមត្រូវ ហើយ​ឆ្នាំ​ទី​១-សាលា​នេះ​មាន​ឈ្មោះថា "​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ឯកទេស ដែល​មាន​ទីតាំង​នៅក្នុង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​។ ឆ្នាំ​ទី​២-សាលា​បាន​ប្ដូរ​ទៅ​ភូមិ​សា​សម​គ្គី សង្កាត់​ប្ញស្សី​កែវ ហើយ​បាន​ប្ដូរ​ឈ្មោះ​ទៅជា​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ពេទ្យ។​

តាម​និស្សិត ថន រដ្ឋា បញ្ជាក់​ថា នៅ​ឆ្នាំ​ទី​១-មានការ​សិក្សា​ជាប់លាប់​ត្រឹមត្រូវ​មិនសូវ​អាក់ខាន​ទេ ហើយ​នៅ​ឆ្នាំ​ទី​២-មិនបាន​រៀន​ជាប់លាប់​ល្អ​ទេ ហើយក៍​បាន​ចុះ​កម្មសិក្សា​ដែរ នៅ​ពេល​នោះ ពួក​គេ​បាន​ទៅ​សួរ​នាយក​សាលា​ឈ្មោះ លោកគ្រូ ហាក់ ច​ន្នី ហើយ​ពេលនោះ លោក ហាក់ ច​ន្នី បាន​ពន្យល់​សិស្ស​ឲ្យ​បង់លុយ​ចូលរៀន​ឆ្នាំ​ទី​៣​ទៀត។ នៅ​ពេល​នោះ​និស្សិត​ទាំងអស់​បាន​យល់ព្រម ដើម្បី​បាន​ចុះ​កម្មសិក្សា ដោយ​ចង់​លុយ​ចំនួន​៦០​ដុល្លារ​ដើម្បី​ឲ្យ​សាលា​ទាក់ទង​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​នៅ​ឆ្នាំ​ទី​៣​នេះ សាលា​បាន​ប្ដូរ​ទីតាំង​ទៀត ទៅ​ដាក់​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ហើយ​បាន​ប្ដូរ​ឈ្មោះ​ម្តង​ទៀត​ទៅជា​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ ហើយ​នៅ​ឆ្នាំ​ទី​៣​នេះ បើ​ទោះ​ជា​បាន​សន្យា​ជា​មួយ​និស្សិត​បែបនេះ​ក្តី ក៏​សាលា​មិនបាន​ឲ្យ​ចុះ​ស្តា​ដែរ ហើយ​គ្មាន​ដំណោះស្រាយ​អ្វី​ទាំងអស់ ព្រម​ទាំង​បាន​គម្រាម​លុបឈ្មោះ​សិស្ស​ដែល​ចេញមុខ​តវ៉ា​ទៀត​ផង ហើយ​ថា​សាលា​នេះ ជា​សាលា​របស់​លោកជំទាវ ជា សំអាត ដែល​ពួកគេ​មិន​ដឹង​ថា លោកជំទាវ ជា សំអាត នោះ​ជា​អ្នកណា​ទេ ហើយ​បើ​ទោះ​ជា​សុំ​មើល​អាជ្ញាប័ណ្ណ​ក៏​មិន​ឲ្យ​មើល​ដែរ។​

និស្សិត​រូប​នោះ​អះ​អាង​ថា នៅ​ឆ្នាំ​ទី​៣​នេះ​រៀន​យូរៗ​ទៅ​មាន​គ្រូ​មក​បង្រៀន ហើយ​ពួកគេ​បាន​សម្រេច​ធ្វើការ​តវ៉ា ដោយ​ដាក់​លិខិត​ទៅ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រសួងសុខាភិបាល ហើយ​ក្រោយមក​ក៏​គ្មាន​ដំណោះស្រាយ ពួកគេ​ក៏​បាន​ប្រកាស​ធ្វើបាតុកម្ម​ម្តង​ទៀត​នៅមុខ​សាលា​ នា​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៤ ក្រោយពី​បាន​ប្រជុំ​ជាមួយ​ក្រសួង​ជាច្រើនលើក​ទើប​ដឹង​ថា សាលា​នោះ​បើក​បាន​៣​ឆ្នាំ​ហើយ​តែ​គ្មាន​អាជ្ញាប័ណ្ណ​ទេ ដូច្នេះ​និស្សិត ថន រដ្ឋា បាន​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​មើល​បញ្ហា​នេះ និង​ជួយ​ពួកគេ​ផង។​

ចំណែក​លោក ចារ សីហា​ក់ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​នោះ​ដែរ​ថា ក្រសួង​ពាក់ព័ន្ធ​ចង់​លុបចោល​សាលា​នេះ តែ​ដោយមាន​អ្នកធំ​នៅ​ពីក្រោយ ក៏​មិនអាច​ធ្វើ​បាន ប៉ុន្តែ​ខាង​សាលា​រាជធានី​ភ្នំពេញ​ចង់​រុញ​ឲ្យ​សាលា​នេះ​មាន​ភាព​ស្របច្បាប់​វិញ ប៉ុន្តែ​ដោយសារ​តែ​ការ​ដោះស្រាយ​មិន​ចេញ ហើយ​ចេះតែ​ពន្យារ​ពេល​មិន​អស់​មិន​ហើយ ពួកគេ​បាន​គ្រោង​រៀបចំ​ធ្វើបាតុកម្ម​នៅមុខ​រដ្ឋសភា នា​ថ្ងៃទី​២៨ ខែមករា​ខាងមុខ​នេះ ដើម្បី​ដាក់​ញត្តិ​ទៅ​គណៈ​កម្មការ​ទី​៧​នៃ​រដ្ឋសភា​ទាមទារ​៣​ចំណុច គឺ ទី​១-សុំ​ឲ្យ​ក្រសួង​ទាំងពីរ​ធ្វើ​អន្តរាគមន៍​ចុះឈ្មោះ​ពួកគេ​ដូច​និស្សិត​នៅ​សាលា​ផ្សេងៗ​ទៀត ទី​២-សុំ​ឲ្យ​ក្រសួង​ទាំងពីរ​ធ្វើ​អន្តរាគមន៍​ឲ្យ​ពួកគេ​បាន​ចុះឈ្មោះ​រៀន​ផ្នែក​គិលានុបដ្ឋាក​នៅ​សាលា​ផ្សេងៗ​ទៀត ដោយ​មិន​បាច់​បង់ថ្លៃ​ការសិក្សា និង​ទី​៣-ស្នើ​ឲ្យ​គណៈ​កម្មការ​ទី​៧​នៃ​រដ្ឋសភា​កោះហៅ​ក្រសួង​ទាំងពីរ​មក​ឆ្លើយ​លើ​ការសិក្សា​នៅ​វិទ្យាស្ថាន​វិទ្យាសា​ស្ត្រ​អន្តរជាតិ​នេះ។​

ទាក់ទង​បញ្ហា​នេះ​ការិយាល័យ​របស់​យើង​នៅ​មិនទាន់​ស្វែងរក​ការ​បញ្ជាក់​ពី​ខាង​តំណាង​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ​បាន​នៅឡើយ​ទេ រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​នេះ ប៉ុន្តែ​បើ​យើង​តាម​ក្រុម​និស្សិត​បាន​អះអាង​ថា ពួកគេ​បង់លុយ​រៀន​នៅ​សាលា​នោះ​ក្នុង​មួយឆ្នាំ​៥០០​ដុល្លារ៕

កោះ​កែវ​


Post a Comment

0 Comments

Close Menu