Ad Code

រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ភាគី​ជាតិ​នៃ​សាលា​ក្តី​ខ្មែរក្រហម​សម្រាប់​ឆ្នាំ​២០១៥


ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ និង​ជំនួយ​មិនមែន​ហិរញ្ញវត្ថុ​ចំនួន​៤,១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដល់​ភាគី​ជាតិ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​ក្នុង​នោះ​ថវិកា​ចំនួន​១,៦​លាន​ដុល្លារ​សម្រាប់​ទ្រទ្រង់​ការ​ចំណាយ​លើ​សេវា​ប្រតិបត្តិការ​របស់​តុលាការ និង ២,២៥​លាន​ដុល្លារ​សម្រាប់​ចំណាយ​លើ​ប្រាក់បៀវត្សរ៍​របស់​មន្ត្រី​បុគ្គលិក​ភាគី​ជាតិ។

ការសន្យា​ផ្តល់​ជំនួយ​ថវិកា​ប្រមាណ​៤,១​លាន​ដុល្លារ​នេះ​គឺ​ស្មើនឹង​៦២% នៃ​គម្រោង​ថវិកា​ចំណាយ​សរុប​ប្រចាំឆ្នាំ​២០១៥ របស់​ភាគី​ជាតិ​កម្ពុជា។ នៅ​ឆ្នាំ​២០១៥​នេះ ភាគី​ជាតិ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​៦,៦​លាន​ដុល្លារ។ នេះ​បើ​តាម​មន្ត្រី​នាំពាក្យ​សាលា​ក្តី​ខ្មែរក្រហម​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៥​នេះ។ មន្ត្រី​នាំពាក្យ​ដដែល​បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ​ការិយាល័យ​រដ្ឋបាល​នៃ​សាលា​ក្តី​ខ្មែរក្រហម​បាន​និង​កំពុងធ្វើការ​ផ្នែក​នីតិវិធី​ជាមួយ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ដើម្បី​ទទួល​បាន​ថវិកា​នេះ​ឱ្យ​បាន​ទាន់ពេល​វេលា។​

លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​ការសន្យា​ផ្តល់​ជំនួយ​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ភាគី​ជាតិ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​គឺ​ដូច​អ្វី​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សន្យា​ក្នុង​ជំនួប​កំពូល​ជាមួយ​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ភូមា​កាលពី​ចុងឆ្នាំ​២០១៤​កន្លងទៅ ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ថវិកា​សម្រាប់​ភាគី​ជាតិ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម។ លោក​បាន​បន្ត​ថា ការសន្យា​ផ្តល់​ជំនួយ​ថវិកា​បន្ថែម​នេះ​គឺជា​ការ​បន្ត​ការ​គាំទ្រ​របស់​រាជរដ្ឋា​ភិបាល​ចំពោះ​ដំណើរការ​ស្វែងរក​ការពិត និង​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម។

លោក​បញ្ជាក់​ថា "​តាងនាម​ឱ្យ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ជាពិសេស​មន្ត្រី​បុគ្គ​លិក​ជាតិ​ទាំងអស់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែងតែ​ផ្តល់​នូវ​ការ​គាំទ្រ​ចំពោះ​សាលា​ក្តី​ខ្មែរក្រហម និង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ភាគី​ជាតិ​នៃ​សាលា​ក្តី​ដើម្បី​ដំណើរការ​កិច្ចការ​របស់​ខ្លួន​ដោយ​រលូន​"។

លោក​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា នៅ​ឆ្នាំ​២០១៤​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ជំនួយ​ថវិកា​ហិរញ្ញវត្ថុ និង​ជំនួយ​មិនមែន​ហិរញ្ញវត្ថុ​ចំនួន​៣,៩៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​ក្នុង​នោះ ១,៧​លាន​ដុល្លារ​សហរដ្ឋ​សម្រាប់​ចំណាយ​លើ​សេវា​ប្រតិបត្តិការ​ទូទៅ​របស់​តុលាការ និង​ថវិកា​ចំនួន ២,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ប្រាក់បៀវត្សរ៍​របស់​មន្ត្រី​បុគ្គលិក​ជាតិ​រយៈពេល​៦​ខែ (,១​លាន​ដុល្លារ​សម្រាប់​ត្រីមាស​ទី​១ និង​១,១៥​លាន​ដុល្លារ​សម្រាប់​ត្រីមាស​ទី​៤)។ ការ​ផ្តល់​វិភាគទាន ចំនួន​៣,៩៥​លាន​ដុល្លារ​អាមេរិក​នេះ​ស្មើ​ប្រមាណ​៦២%នៃ​គម្រោង​ថវិកា​ភាគី​ជាតិ​ឆ្នាំ​២០១៤ ដែល ត្រូវ​បាន​អនុម័ត​ឱ្យ​ចំ​ណាយ​ចំនួន​៦,៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក។​

លោក​បាន​បន្ត​ថា ចាប់តាំងពី​ឆ្នាំ​២០០៦​រហូតមកដល់​ឆ្នាំ​២០១៣ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ថវិកា​ដល់​សាលា​ក្តី​ខ្មែរក្រហម​ទាំង​ជំនួយ​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ​ចំនួន​២៥,២​លាន​ដុល្លារ​ក្នុង​នោះ​ជំនួយ​មិនមែន​ហិរញ្ញវត្ថុ​ចំនួន​១០,៨ លាន​ដុល្លារ និង​១៤,៤២​លាន​ដុល្លារ​ជា​ជំនួយ​ថវិកា។ រហូត​មក​ទល់​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​ទី​២​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​បន្ទាប់ពី​ប្រទេស​ជប៉ុន​បាន​ផ្តល់​ជំនួយ​ថវិកា​ចំនួន​ប្រមាណ​៨២​លាន​ដុល្លារ ប្រទេស​អូស្ត្រាលី​ចំនួន​២៣, ២០​លាន​ដុល្លារ ​សហរដ្ឋអាមេរិក​ចំនួន​២០,៨០​លាន​ដុល្លារ អាល្លឺម៉ង់​ចំនួន​១៣,៥៨​លាន អង់​គ្លេស​ចំនួន​១១,៥២​លាន សហភាព​អឺរ៉ុប​ចំនួន​៨,៨៦​លាន បារាំង​ចំនួន​៨,២៥​លាន ស៊ុយអែត​ចំនួន​៨,២​លាន និង​ប្រទេស​ន័​រវេ​ស​ចំនួន​៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕

កោះ​កែវ​

Post a Comment

0 Comments

Close Menu