Ad Code

អង្គភាព​ប្រឆាំង​អំពើពុករលួយ​កំពុង​ដំណើរការ​ករណី​ពុករលួយ​ជា​ប្រព័ន្ធ​មួយ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​


ភ្នំពេញ ៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​ទេសរដ្ឋមន្ត្រី ឪ​ម យ៉ិនទៀង បាន​អះអាង​ថា មាន​ចំណុច​ថ្មី​ចំនួន​២​ដែល​ត្រូវ​បាន​ដំណើរការ​នៅ​ឆ្នាំ​២០១៥​នេះ ហើយក៍​មាន​ករណី​ដ៏​ធំ​មួយ​ដែល​ត្រូវ​ចាប់ផ្តើម​ដំណើរការ​នៅ​ដើម​ឆ្នាំនេះ​ផង​ដែរ តែ​ករណីនេះ​នៅ​មិនទាន់​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​ពាក់ព័ន្ធ​ក្រសួង ស្ថាប័ន ឬ​ស្ថាប័នឯកជន​ណាមួយ​នៅឡើយ​ទេ ដោយសារ​តែ​កំពុង​ស្ថិត​នៅ​ក្នុង​ការស៊ើបអង្កេត។​

លោក​ទេសរដ្ឋមន្ត្រី ឪ​ម យ៉ិនទៀង បង្ហើប​បែបនេះ​បន្ទាប់ពី​លោក​បាន​ចូលរួម​នៅក្នុង​វគ្គ​បណ្តុះ​បណ្តាល​ស្ដីពី​តួនាទី​អ្នកសារព័ត៌មាន​នៅក្នុង​ការ​ចូល​រួម​ចំណែក​លើក​ស្ទួយ​អភិបាលកិច្ច​ល្អ​និង​ប្រឆាំង​អំពើពុករលួយ​ដែល​រៀបចំ​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥។ លោក​ថ្លែង​ថា "​ឆ្នាំ​២០១៥​យើង​មាន​ចំណុច​ថ្មី​ចំនួន​២​ដែល​អាច​និយាយ​ថា ​ថ្មី​ជាង​លើក​មុន គឺ​ទី​១. តម្លាភាព បាន​ន័យ​ថា ករណី​មួយៗ គឺ​យើង​បើកចំហ​ជាង​បន្តិច ដោយ​យើង​ប្រឹង​ធ្វើការ​ប្រឹង​ខ្លាច​បែក​ការណ៍ និង​បាត់​ភស្តុតាង​ជាដើម យើង​ប្រឹង​អាហ្នឹង​ដើម្បី​ជា​ថ្នូរ​យើង​បើកទូលាយ​មុន ទី​២. សំដៅ​ទៅលើ​គុណភាព ហើយ​ករណី​ទី​១​នៃ​ឆ្នាំ​២០១៥​នេះ អាច​ជា​ករណី​អំពើពុករលួយ​មួយ ដែល​មាន​បណ្ដាញ ហើយ​ធ្វើ​ឲ្យ​មានការ​បំផ្លាញ​ដល់​វិស័យ​មួយ​របស់​ជាតិ​យើង ដែល​យើង​កំពុង​ដំណើរ​ការ​លើ​វិស័យ​នេះ​"។​

តាម​លោក​បញ្ជាក់​ថា "​ករណី​ដែល​ត្រូវ​លើកយក​មក​ធ្វើ​នេះ​ជាតូបករណ៍​ថ្មី ហើយ​កាលពី​៤ ឆ្នាំ​កន្លង​មក ករណី​តែមួយៗ​ទេ តែ​ករណី​សំរាប់​ឆ្នាំ​២០១៥​នេះ ជា​ករណី​ដ៏​ធំ ដែល​មាន​បណ្ដាញ​ឃុប​ឃិត​គ្នា ហើយនឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជាតិ​ក្នុង​វិស័យ​នីមួយៗ។ ទោះជា​យ៉ាងណា​លោក​ទេសរដ្ឋមន្ត្រី​អះអាង​ថា ករណីនេះ​វា​មាន​តានតឹង​ណាស់​យើង​សូម​រក្សា​សិទ្ធិ​មួយ​រយៈ​ទៀត ដើម្បី​ធ្វើ​ករណីនេះ ហើយ​នៅពេល​ដំណើរការ​ចប់​សព្វគ្រប់​អាច​ហៅ​អ្នកសារព័ត៌មាន​ទៅជា​មួយ​ផង ហើយ​បើ​និយាយ​ពី​វិស័យ​អប់រំ គឺជា​បញ្ហា​ទី​៣ ទី​៤​ប៉ុណ្ណោះ ហើយ​អ្វី​បញ្ហា​ដែល​ខ្ញុំ​និយាយ​នេះ​ជា​ករណី​ដ៏​ធ្ងន់ធ្ងរ​មួយ​"។​

ទាក់ទង​ដល់​សារៈសំខាន់​របស់​អ្នកសារព័ត៌មាន​នៅក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា អ្នកកាសែត​ម្នាក់​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ស្មើ​មនុស្ស​រាប់​រយ​នាក់​បាន​តាមរយៈ​ការសិក្សា ហើយ​នៅ​ខាងក្រៅ​សាលា អ្នកសារព័ត៌មាន​ជា​តួអង្គ​ដ៏​សំខាន់​ដែល​អាច​ចលនា ​អាច​នាំ​មហាជន​ឲ្យ​ស្អប់​អំពើពុករលួយ និង​ចេះ​ស្រឡាញ់​នូវ​អំពើ​ស្អាតស្អំ ហើយ​បញ្ហា​សំខាន់​មួយទៀត​អ្នក​សារព័ត៌មាន​អាច​រក​ឃើញ​មធ្យោបាយ​ក្នុង​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​តាមផ្លូវ​ច្បាប់ ក៏​ដូចជា​ផ្លូវ​អប់រំ​ផង​ដែរ។ ចំពោះ​សំណួរ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​សហការ​ជា​មួយ​អ្នកសារព័ត៌មាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​នោះ លោក​ទេសរដ្ឋមន្ត្រី ឪ​ម យ៉ិនទៀង បញ្ជាក់​ថា មិនមែន​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ គឺ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ធ្វើ​ពិត។​

ទាក់ទង​ទៅដល់​ព័ត៌មាន​ដែរ​ថា មានការ​យក​លុយ​លើ​បញ្ហា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នោះ លោក​ទេសរដ្ឋមន្ត្រី​អះអាង​ថា អង្គភាព​នៅ​មិន​ទាន់​មាន​ការ​ហៅ​យក​ទៅ​សាកសួរ​នៅឡើយ​ទេ តែ​បាន​ចេញ​លិខិត​ព្រមាន​ជាច្រើន​រួច​មក​ហើយ​ទាក់ទង​បញ្ហា​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ត្អូញត្អែរ​ថា មានការ​យក​លុយ​នេះ ហើយ​បញ្ហា​មួយទៀត ក្រសួងមហាផ្ទៃ​កំពុង​ង​តែ​ពង្រឹង​ជាមួយ​អគ្គនាយកដ្ឋាន​អត្ត​សញ្ញា​ណ​ប័ណ្ណ ដោយ​ក្រសួង​សេដ្ឋកិច្ច​បាន​ចេញ​ថ្លៃ​ហូបចុក​ទាំងអស់ ទាំង​ថ្លៃ​បាយ ថ្លៃ​ទឹក ថ្លៃ​ទឹកប៊ិច ជា​ដើម គឺ​មិន​មាន​បញ្ហា​អ្វី​ទៀត​ទេ ហើយ​បើ​នៅ​តែ​មាន សូម​ឲ្យ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​រហ័ស​លើ​បញ្ហា​នេះ ទោះ​តាមរយៈ​ណា​ក៏ដោយ៕

កោះ​កែវ​

Post a Comment

0 Comments

Close Menu