Ad Code

អ្នក​ឆក់​ត្រី​បាន​ម្នាក់​ត្រូវ​មន្ត្រីសង្កាត់​រដ្ឋបាល​ជល​ផល​ និង​សហគមន៍​នេសាទ​ចាប់ខ្លួន​


កំពង់ឆ្នាំង ៖ ជនល្មើស​ឆក់​ត្រី​ម្នាក់​ត្រូវ​បាន​មន្ត្រីសង្កាត់​រដ្ឋបាល​ជល​ផល និង​ប្រធាន​សហគមន៍​នេ​សាទ​ចាប់​ខ្លួន​បាន​បញ្ជូន​មក​ដល់​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥​ ដោយ​បាន​ចោទប្រកាន់​ពី​បទ​ល្មើស​ឆក់​ត្រី ប្រព្រឹត្ត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​បឹង​ផុ​ក ស្ថិត​ក្នុង​ភូមិ​គរ​ជ្រំ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី។

លោក ជឹម សុ​ផា ប្រធាន​សហគមន៍​នេសាទ​ភូមិ​គរ​ជ្រំ​បាន​ឲ្យ​ដឹង​ថា ជនល្មើស​មានឈ្មោះ ផន គ​ន្ឋា អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គរ​ជ្រំ ឃុំ​កោះ​ថ្កូវ។ នៅ​មុន​ពេល​ចាប់ខ្លួន​ជនល្មើស​ខាង​លើ​នេះ គឺ​មាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ប្រាប់​ថា ​មាន​បទល្មើស​ឆក់​ត្រី​នៅ​ចំណុច​បឹង​ផុ​ក ភ្លាម​នោះ​លោក​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ដែល​ជា​សមាជិកសមាគម​ន៏​នេសាទ និង​មាន​ប្រជា​ការពារ​ផង​ដែរ បាន​នាំគ្នា​ទៅ​ព័ទ្ធ​ចាប់បាន​ជន​ល្មើស​ខាងលើ​ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​តែម្តង ដោយ​ដកហូត​បាន អាំង​វែ​ទ័​រ​ឆក់​ត្រី​១​គ្រឿង ដង​ឆក់​១​គូ អាគុយ​៤០​អាំ​ពែរ​១​គ្រឿង ត្រក​ដាក់​ត្រី​១ និង​ត្រី​គ្រប់​ប្រភេទ​ដែល​គេ​ឆក់​បាន​ជាង​៧​គីឡូក្រាម​ផង​ដែរ។

លោក​បាន​បញ្ជាក់​ថា ក្រោយពី​ចាប់​ឃាត់​បាន​ហើយ​បាន​យក​ទៅ​កាន់​សង្កាត់​រដ្ឋបាល​ជល​ផល​ដេក​មួយ​យប់ លុះ​ភ្លឺ​ឡើង​ទើប​បញ្ជូន​មក​កាន់​ខណ្ឌ​រដ្ឋបាល​ជលផល ដោយសារ​ផ្លូវ​ឆ្ងាយ​នៅ​ពេល​រសៀល​ទើប​មកដល់​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង។ ជនល្មើស​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​បញ្ជូន​ទៅ​តុលាការខេត្ត។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សារភាព​ថា រូបគេ​រូបគេ​ពិតជា​បាន​ឆក់​ត្រី​ពិត​មែន​ដោយសារតែ​មិនបាន​ដឹង​អំពី​ច្បាប់ទម្លាប់​នោះ​ទេ ព្រោះ​រូបគេ​មិនបាន​នៅក្នុង​មូលដ្ឋាន​គឺ​ទៅ​ធ្វើ​ការ​នៅ​ភ្នំពេញ​រហូត ពេល​ត្រឡប់មកវិញ​ក៏​ឆក់​ត្រី​យក​មក​ធ្វើ​ម្ហូប ហើយក៏​ត្រូវ​គេ​ចាប់ខ្លួន​តែម្តង។​

ជនល្មើស ​និង​វត្ថុ​តាង​ខាង​លើ​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង កសាង​សំណុំ​រឿង​តាមផ្លូវ​ច្បាប់​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា​នេះ ដើម្បី​ចោទប្រកាន់​និង​ជំនុំ​ជំ​រះ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់​ស្ដីពី​ជលផល​ដែល​រូបគេ​អាច​ជាប់គុក​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ៕

​ ( ឈៀង ថា​រិ​ទ្ធ


Post a Comment

0 Comments

Close Menu