Ad Code

ឧត្តមសេនីយ៍​ទោ​ រ័ត្ន​ ស្រ៊ា​ង ​រយៈពេល​៣​ថ្ងៃ​អាវុធហត្ថ​រាជធានី​បំបែកសំបុក​គ្រឿងញៀន​ដោយ​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​១២​នាក់​ និង​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​ជិត​១​គីឡូក្រាម


ភ្នំពេញ ៖ លោក​ រ័ត្ន​ ស្រ៊ាង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​មេបញ្ជាការ​កង​

រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី​២៦ ​ខែមករា​ ឆ្នាំ​២០១៥​នេះ​ថា រយៈពេល​៣​ថ្ងៃ​ចុង​សប្ដាហ៍​ទី​៣ ខែមករា ឆ្នាំ​២០១៥​នេះ គឺ​គិត​ចាប់ពី​ល្ងាច​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៥ ដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ប្រមូល​មុខសញ្ញា​ជួញដូរ ចែកចាយ​គ្រឿងញៀន​បាន​ចំនួន​១២​នាក់ ​ក្នុង​នោះ​មាន​មេខ្លោង​ធំ​ម្នាក់​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ជិត​០១​គីឡូក្រាម អាវុធ​ខ្លី​ម៉ាក​រ៉ូឡូ​០១​ដើម និង​សម្ភារៈ​វត្ថុ​តាង​ជាច្រើន​ទៀត។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ដោយមាន​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក​ សៅ សុខា​អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​ដើមឆ្នាំ​២០១៥​នេះ ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​អនុវត្ត​សម្រេច​បាន​ស្នាដៃ​គួរ​ឲ្យ​កត់​សម្គាល់​ជាក់ស្តែង​នៅ​ថ្ងៃទី​២៣​ ខែមករា ​ឆ្នាំ​២០១៥​ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​ក្របួច​បាន​មុខសញ្ញា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់​ឈ្មោះ មាស ​វណ្ណា​ ហៅ​ចិន ​ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ នៅក្នុង​ភូមិសាស្ត្រ​ភូមិ​តា​ងួន ​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ​សែន​ជ័យ ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ជិត​០៦​ខាំ ​ព្រមទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយចំនួន ​រួចមក​ក៏បាន​បន្ត​ធ្វើ​ការស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ទៀត​នៅ​ចំណុច​ភូមិ​ប៉​ប្រ៉​ក់ជើង ​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ​សែន​ជ័យ​ ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​០១​កញ្ចប់​តូច។ បន្ទាប់មក​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​

កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​បន្ត​ចុះ​ធ្វើការ​ហ៊ុមព័ទ្ធ​គោលដៅ​ដែល​មាន​ការ​ពាក់ព័ន្ធ​លើ​ករណី​ជួញដូរ ចែកចាយ​គ្រឿងញៀន ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​០៧​នាក់​បន្ថែម​ទៀត​(​ក្នុង​នោះ​ស្រី​០២​នាក់​)។​

ក្នុង​ការ​បង្ក្រាប​នោះ​កម្លាំង​អាវុធហត្ថ​ដកហូត​សម្ភារៈ​វត្ថុ​តាង​មួយចំនួន​រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​០៣​កញ្ចប់​តូច​,​ជញ្ជីង​ថ្លឹង​ថ្នាំ​០១,​ដាវ​០១ និង​កាំបិត​០១។ លោក​​បាន​បញ្ជាក់​ទៀត​ថា ​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌ រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​បន្ថែម​ទៀត​ក្នុង​នោះ​មាន​ម្នាក់​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឈ្មោះ ​ហ៊ូ​ ម៉េង​ខេង ​ហៅ​ឡូតូ​ ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់ពន្ធនាគារ​ពី​បទ​ជួញដូរ​គ្រឿងញៀន​ចំនួន​០២​ដង​រួច​មក​ហើយ វត្ថុ​តាង​ដកហូត​បាន​រួម​មាន ថ្នាំញៀន​ប្រភេទ​

មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​២៧​កញ្ចប់​តូច និង​០២​កញ្ចប់​ធំ ថ្នាំ​ទឹក​ដប​អាច​ជា​សារធាតុ​គីមី​ផ្សំ​ចំនួន​១៧០​ដប អាវុធ​ខ្លី​ម៉ាក​រូ​ឡូ​០១​ដើម និង​វត្ថុ​តាង​ពាក់ព័ន្ធ​ជាច្រើន​ទៀត។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១២​នាក់ ​រួម​នឹង​វត្ថុ​តាង ​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់៕​

វិមាន​

Post a Comment

0 Comments

Close Menu