Ad Code

ផ្ទះ​ស្ត្រី​មេម៉ាយ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​


សៀមរាប ៖ អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​នៅមុខ​អតីត​ភូមិភាគ​៤​អស់​១​ខ្នង​ទាំង​ព្រឹក​ព្រលឹម ខណៈ​ពេល​ម្ចាស់ផ្ទះ​អុជ​ធូប​បន់ស្រន់​មិនបាន​ប្រុងប្រយ័ត្ន​រួច​ចុះ​មក​ក្រោម​ដើម្បី​រៀបចំ​លក់ដូរ​នៅមុខ​ផ្ទះ ទើប​បង្ក​ឲ្យ​មានការ​ឆេះឆាប​អស់​ផ្ទះ​ទាំងស្រុង​តែម្តង បើ​ទោះ​បី​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​ក៏​មិនទាន់​ដែរ។​

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ទាំង​ព្រឹក​ព្រលឹម​នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​ ថ្ងៃទី​២៨​ខែមករា ឆ្នាំ​២០១៥​ ស្ថិតនៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ក្រុង​សៀមរាប។ សមត្ថកិច្ច​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម្ចាស់​បាន​ដុត​ធូប​នៅ​លើ​ផ្ទះ​របស់​គាត់​ដើម្បី​បន់​ស្រន់ រួច​ចុះ​មក​ក្រោម​រៀបចំ​ឥវ៉ាន់​លក់ដូរ ពេល​គាត់​ឡើង​ទៅ​វិញ​ឃើញ​ធូប​ជិត​អស់ ក៏​ចុះ​មកវិញ​មក​ទៀត មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង​គាត់​ក៏​ឃើញ​ផ្សែងហុយ​ទ្រលោម ពេលនោះ​គាត់​ឡើង​ទៅ​មើល​ស្រាប់តែ​ឆេះ​ជើងធូប​ធ្លាក់​មក​ក្រោម គាត់​ក៏​ស្រែកហៅ​អ្នកជិតខាង​ឲ្យ​ជួយ​ពន្លត់។ សមត្ថកិច្ច​នគរ​បាល​បាន​បន្ត​ទៀត​ថា ក្រោយពេល​កើតហេតុ​ពលរដ្ឋ​ក៏បាន​រាយ​ការ​ទៅ​នគរបាល​ប៉ុស្តិ៍​គោកចក​ដើម្បី​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​មក​ជួយ​មួយសន្ទុះ​ធំ​ក៏​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកដល់​ចំនួន​២​ឡាន​ តែ​បាញ់​អស់​មួយ​ឡាន​ប៉ុណ្ណោះ​ក៏​រលត់​អស់​ទៅ។ សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ម្ចាស់ផ្ទះ​មាន​ឈ្មោះ នូ វ​ណ្ណី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ​មុខរបរ​លក់ដូរ​នៅផ្ទះ រស់នៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ក្រុង​សៀមរាប​ត្រូវ​បាន​ភ្លើង​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង ដែល​មាន​ទំហំ​៧​ម​X១០​ម៉ែត្រ ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម ប្រក់​ស៊ី​ប្រូ ហើយ​ខូចខាត​សម្ភារៈ​ដូចជា​ម៉ូតូ​ម៉ាក​C60​ សេរី​ចាស់​មួយ​គ្រឿង​,​ទូរ​ដែក​១។​

សូម​រំលឹក​ថា នៅ​ខេត្តសៀមរាប​នា​ដើមឆ្នាំ​២០១៥​នេះ​ ទើប​តែ​មាន​ករណី​គ្រោះ​អគ្គិភ័យ​មួយ​លើក​ប៉ុណ្ណោះ ហើយ​មួយ​ករណីនេះ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទ្រព្យ​សម្បត្តិ​ទាំងស្រុង៕

កុសល​


Post a Comment

0 Comments

Close Menu