បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យអតីតភ្នាក់ងារយកព័ត៌មាន TVK ស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះ ក្រោយបើករថយន្តឆ្លាមទៅបុកនឹងរថយន្តប្រភេទប៉ែនដឹកដី កាលពីរសៀលម៉ោង៤និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ៥ ខាងលិចស្ពានទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមការឲ្យដឹងពីអ្នកឃើញហេតុការណ៍ និងចុះទៅជួយជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឆ្លាមពណ៌ឆ្លូញ បើកពីកើតទៅលិចហើយរេចង្កូតទៅបុកចំពាក់កណ្ដាលរថយន្តប៉ែនប្រភេទដឹកដី ក្នុងទិសដៅផ្ទុយគ្នាធ្វើឲ្យរថយន្តឆ្លាមផ្ទុះកង់លឺយ៉ាងខ្លាំង ក្នុងពេលនោះបណ្ដាលឲ្យតៃកុងរថយន្តឆ្លាមគាបជាប់នឹងរថយន្ត។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ពេលជួយសង្គ្រោះជនគ្រោះចេញពីរថយន្ត គឺជនរងគ្រោះធុំក្លិនស្រាពេញខ្លួន ដែលសង្ស័យថាជនរងគ្រោះមានស្ថានភាពស្រវឹង។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា ង៉េង ស៊ីថា ម្ចាស់សំអាងការស៊ីថារតនះ ក្រុងប៉ោយប៉ែត និងជាអតីតភ្នាក់ងារទូរទស្សន៍ TVK ។
ប៉ូលិសចរាចរណ៍ដែលបានទៅដល់កន្លែងកើតហេតុ បានស្ទូចរថយន្តឆ្លាមនិងនាំយករថយន្តប៉ែនមករក្សាទុកនៅស្នងការនគរបាលខេត្ត។ រថយន្តឆ្លាមពាក់ស្លាកលេខភ្នំពេញ 2B 9375 ចំណែករថយន្តដឹកដី 3A 1370 តាមការសន្និដ្ឋានរបស់ប៉ូលិសហេតុការណ៍នេះកើតឡើងដោយសារតែតៃកុងរថយន្តឆ្លាមបើកលឿន ហើយរ៉េចូលខាងស្តាំនៃរថយន្តប៉ែន ទើបបណ្ដាលឲ្យទៅបុករះចំធុងសាំងរថយន្តប៉ែនទៅដល់កង់ក្រោយនៃរថយន្ត។ ក្រោយកើតហេតុតៃកុងរថយន្តប៉ែនបានរត់គេចខ្លួនបាត់សល់តែរថយន្ត ចំណែកតៃកុងរថយន្តឆ្លាមត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយមកទទួលបានព័ត៌មានថាជនរងគ្រោះបានស្លាប់នៅនិងមន្ទីរពេទ្យ៕
អ,ពៅ
0 Comments