ភ្នំពេញ ៖ នៅលើសង្វៀនSEA-TV ល្ងាចថ្ងៃអាទិត្យ ទី០១ ខែកុម្ភៈ ចុងសប្ដាហ៍នេះ ហេង វិឆ័យ អ្នកប្រដាល់ក្លឹបកងពលតូចលេខ៧០នឹងត្រូវជួបប្រកួតសាកកណ្ដាប់ដៃជាមួយពុទ្ធ ផនកុសល អ្នកប្រដាល់ក្លឹបពុទ្ធសេរីវង្សកីឡា។ នេះជាការប៉ះគ្នាលើកដំបូងក្នុងប្រវត្តិប្រកួតរបស់ពួកគេទាំងពីរ។ ហេង វិឆ័យ អ្នកលេងជង្គង់ ឯពុទ្ធ ផនកុសល ជាអ្នកខ្លាំងស្រករក្រោយដែលខ្លាំងស្នៀតជើង ហេតុនេះពីរនាក់នេះមានស្នៀតប្រដាល់ប្រហាក់ប្រហែលគ្នា។ ពុទ្ធ ផនកុសល គេវាយមានផ្លែល្អ ប៉ុន្តែខ្លាចតែប៉ះជាមួយហេង វិឆ័យ ដែលជាអ្នកប្រដាល់ជើងចាស់ គេវាយមិនចេញឬយ៉ាងណានោះ ព្រោះគេមិនធ្លាប់ជួប វិឆ័យ កន្លងមក។ តែយ៉ាងណា ផនកុសល មានវត្តមានលើសង្វៀនចំនួន៥លើកចុងក្រោយនេះ គេប្រកួតពុំដែលចាញ់ទេ។ ឡើងប្រកួតចុងក្រោយនេះ ពុទ្ធ ផនកុសល បានផ្ដួល តូច ទូ អ្នកប្រដាល់ក្លឹបក្រសួងការពារជាតិឲ្យសន្លប់ក្នុងទឹកទី២ គឺមិនធម្មតាឡើយ។
ចំពោះ ហេង វិឆ័យ ថ្វីត្បិតតែជាជើងចាស់ក៏ពិតមែន ប៉ុន្តែវាយមិនសូវដែលឈ្នះនរណាទេ ពេលជួបអ្នកប្រដាល់ស្រករគ្នានោះ តែពេលនេះគេជួបអ្នកប្រដាល់ស្រករក្រោយដូច ផនកុសល ប្រហែលជាអាចជួបសំណាងល្អ។
ហេង វិឆ័យ ប្រកួតចុងក្រោយនេះ វាយឈ្នះ អ៊ុំ វណ្ណេត អ្នកប្រដាល់ក្លឹបការិយាល័យទី៥ កងទ័ពជើងគោកដោយពិន្ទុ។ ចាំមើលរវាង ហេង វិឆ័យ និង ពុទ្ធ ផនកុសល តើអ្នកណាជាអ្នកឈ្នះក្នុងការជួបប្រកួតគ្នានេះ ? ឯក កៃឈៀង អ្នកប្រដាល់ក្លឹបមកុដរាជសីហ៍នឹងឡើងប្រកួតជាមួយនេន វណ្ណា អ្នកប្រដាល់ក្លឹបកងពលធំអន្តរាគមន៍លេខ៣។ ពីរនាក់នេះមិនធ្លាប់ជួបគ្នាទេកន្លងមក។
អ្នកប្រដាល់ កៃ ឈៀង ពីមុននេះគ្រាន់តែជាអ្នកប្រដាល់ដែលប្រកួតប្រតប់ប្រតាយគ្មានស្នៀត គ្មានផ្លែអ្វីទាំងអស់។ ប៉ុន្តែ ឈៀង ត្រូវបានគេចាប់អារម្មណ៍នៅពេលផ្ដួល នឿន វ៉ាន់ឌី អ្នកប្រដាល់ក្លឹបអេភូថងកីឡាក្នុងទឹកទី១នោះ។ ហើយពេលឡើងប្រកួតចុងក្រោយនេះ ជាមួយ វី សេរីចាន់ឌីន អ្នកប្រដាល់ក្លឹបខ្លារខិនមានរិទ្ធនោះ គេក៏វាយបានល្អដែរ ប៉ុន្តែជាចៃដន្យគេបានវាយថែមទៅលើ ចាន់ឌីន បណ្ដាលឲ្យ វីសេរី ចាន់ឌីនស៊ីឡាក យកឈ្នះក្នុងទឹកទី២។
នេន វណ្ណា ជាអ្នកប្រដាល់ជើងចាស់ និងចាស់ទាំងកាយសម្បទាថែមទៀត កម្លាំងកាយរបស់គេមិនជាធានាប៉ុន្មានទេ តែកម្លាំងចិត្តរបស់គេធំដែលជំរុញឲ្យរូបគេហ៊ានតតាំងជាមួយអ្នកប្រដាល់ក្មេងស្រករក្រោយ។
វណ្ណា ជាម្ចាស់ខ្សែក្រវាត់ទម្ងន់៦៣,៥០០គីឡូក្រាម គេរាងខ្ពស់ជាង កៃឈៀង ប៉ុន្តែយ៉ាងណាមិនជាលើ កៃ ឈៀងប៉ុន្មានទេ។ ទោះជាយ៉ាងនេះក្តី ឯក កៃឈៀងមិនអាចមើលស្រាល វណ្ណា នោះឡើយ។ ការប្រកួតចុងក្រោយរបស់នេន វណ្ណា គឺវាយឈ្នះសេក ណារ៉ាក់ ក្លឹបរត្ន័ន៍សែនជ័យ ដោយពិន្ទុ ក្នុងការជួបប្រកួតគ្នានាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥កន្លងមកនេះ។
ឈាន ហំ អ្នកប្រដាល់គុនខ្មែរនៃក្លឹបមជ្ឈមណ្ឌលកីឡាខ.ភ.ម ត្រូវជួបប្រកួតជាមួយ ម៉ន ចាន់ដារ៉ា អ្នកប្រដាល់ក្លឹបការិយាល័យទី៥កងទ័ពជើងគោក។ រវាងអ្នកប្រដាល់ទាំងពីរនាក់នេះ ឈាន ហំមានស្នៀតប្រដាល់មិនសូវច្បាស់ទេ គឺគេពូកែខាងបោកចំបាប់ ក្លេ តែដល់មកប្រកួតប្រដាល់នេះ គេនឹងមានការពិបាកនិងជួបការពិន័យច្រើនមិនខានឡើយ។
ម៉ន ចាន់ដារ៉ា គេខ្ពស់ ដៃជើងវែង ហើយបើទោះជាគេប្រកួតរាងប្រវាយប្រតប់ក្តី ក៏គេ នៅតែមានប្រៀបលើ ឈាន ហំដែរ។ ដារ៉ាប្រកួតចុងក្រោយវាយឈ្នះ ផាន់ ចំណាន ក្លឹបគជសារកីឡាក្នុងទឹកទី៣ ខណៈឈាន ហំ ប្រកួតចុងក្រោយវាយឈ្នះសំណាង សុភ័ក្រ ក្លឹបដួងសែនសុខគុនខ្មែរ។
សៅ ប៊ុនធឿន អ្នកប្រដាល់ក្លឹបតាព្រហ្មមានជ័យ ត្រូវគេផ្គូផ្គងអោយជួបប្រកួតជាមួយប្រាក់ ស៊ីណាត អ្នកប្រដាល់ក្លឹបកងទ័ពជើងគោក។ ប៊ុនធឿន ជាអ្នកប្រដាល់ខ្លាំងមួយរូបដែរ ហើយបើប្រៀបធៀបជាមួយ ស៊ីណាតនោះ គឺលើនិងល្អជាង។ អ្នកដែលមានទម្ងន់ដូចគ្នានេះ មានតិចណាស់ដែលអាចយកឈ្នះ ប៊ុនធឿន នោះ។
ការប្រកួតចុងក្រោយនេះ សៅ ប៊ុនធឿន វាយឈ្នះចៅ រស់ ក្លឹបសុភានូមានជ័យដោយពិន្ទុ។ ឯការប្រកួតចុងក្រោយរបស់ប្រាក់ ស៊ីណាតវិញ គឺវាយចាញ់ ម៉ន សនសុង ក្លឹបការិយាល័យទី៥ កងទ័ពជើងគោកដោយពិន្ទុ។ ដូច្នេះសម្រាប់ការជួបគ្នានេះ គេមិនរំពឹងថា ស៊ី ណាតឈ្នះ ប៊ុនធឿន នោះឡើយ៕
វិសិទ្ធ
0 Comments