Ad Code

ឆៃលី ដា​ឡែ​ន យំ​ឱប អេ​ឡិច ចាន់​ត្រា ថ្ងៃ​កាត់​ចំណងដៃ​


ភ្នំពេញ ៖ ក្រោយ​ពិធី​រៀបការ​តាម​ប្រពៃណី​នៅ​ឯ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៥​រួចមក​ កាលពី​រាត្រី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៥​កន្លង​មក​នេះ អ្នកនាង ឆៃលី ដា​ឡែ​ន និង​លោក រិទ្ធី ឧ​ត្ត​ម​ស៊ី​ដា​រា ដែល​ជា​ស្វាមី​បាន​ធ្វើ​ពិធី​កាត់​ចំណងដៃ​នៅ​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយមាន​ភ្ញៀវ​ចូលរួម​ប្រមាណ​៥០០​នាក់ និង​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ខណៈ​ដែល​តារា​ស្រី​រូបនេះ​បាន​យំ​ឱប​លោក​អេ​ឡិច ចាន់​ត្រា នៅ​នឹង​មុខ​ស្វាមី។

នៅក្នុង​ពិធី​ថ្លែងអំណរគុណ​ភ្ញៀវ​ដែល​បាន​មក​ចូលរួម​ដ៏​កុះករ​ដែល​ភាគច្រើន​ជា​អ្នក​សិល្បៈ​នោះ ឆៃលី ដា​ឡែ​ន បាន​ចាប់​ផ្ដើម​អួល​ដើមក ​ខណៈ​ដែល​នាង​រំភើប​នឹង​ពិធី​មង្គលការ​ដ៏​ធំ​ដែល​ជា​ក្តី​ស្រមៃ​ដ៏​ធំ​ក្នុង​ជីវិត​របស់​នាង។ តារា​រូប​នេះ​បាន​និយាយ​ឲ្យ​ដឹង​ថា មាន​មិត្ត​រួម​អាជីព​ជាច្រើន​ដែល​ជួយ​បំពេញ​ក្តី​ស្រមៃ​របស់​នាង​ឲ្យ​ក្លាយជា​ការពិត​ក្នុង​នោះ​ក៏​មាន​រួមចំណែក​ដៃគូ​ចាស់ គឺ​លោក​អេ​ឡិច ចាន់ត្រា​ដែល​បាន​ជួយ​គ្រប់បែបយ៉ាង​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ទាំង​ការ​គាំទ្រ ក៏ដូចជា​ជំរុញ​លើក​ទឹក​ចិត្ត​នាង។ ក្នុង​ទឹកភ្នែក​ហូរ​រហាម​តារាចម្រៀង ឆៃលី ដា​ឡែ​ន បាន​ឱប​លោក​អេ​ឡិច ចាន់​ត្រា ដែល​កន្លងមក​អ្នក​ទាំងពីរ​ធ្លាប់​លេច​ធ្លាយ​ដំណឹង​ស្នេហា​ក្រៅ​ឆាក​ជាមួយគ្នា​នោះ។​

តារា​ស្រី​រូប​នេះ​បាន​បន្ត​ថា ទោះបីជា​កន្លងមក​នាង​និង​លោក អេ​ឡិច ចាន់​ត្រា ធ្លាប់​ឈ្លោះ​ប្រកែក និង​ជួប​ឧបសគ្គ​ជាច្រើន​រាប់មិនអស់​ ក៏​លោក​អេ​ឡិច ចាន់ត្រា​នៅតែ​បន្ត​ចូលរួម​លើក​កម្លាំង​ចិត្ត​នាង​ជានិច្ច​ ហើយ​ក្នុង​ពិធី​មង្គលការ​នេះ​ក៏​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក​ដែរ។ ចំណែក​លោក អេ​ឡិច ចាន់​ត្រា​វិញ​ក៏​ស្រក់​ទឹកភ្នែក ក្រោយពី​ពេល​ខ្លួន​បានឮ​ការ​ថ្លែង​អំណរគុណ​ពី​ដៃគូ​របស់​ខ្លួន​នូវ​សន្តាន​ចិត្ត​អាណិត​ស្រលាញ់ និង​ចេះ​ជួយ​យក​អាសា​គ្នា​គ្រា​លំបាក គ្រា​កំសត់​ជាមួយគ្នា​និង​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​លើ​វិថី​សិល្បៈ​ដំបូង​របស់​ពួកគេ។

នៅក្នុង​ពិធី​កាត់​ចំណងដៃ​របស់ ឆៃលី ដា​ឡែ​ន ដែល​បាន​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​នេះ​គឺជា​ការ​ចេញ​មុខ​ជួយ​ជ្រោមជ្រែង​របស់​តារាចម្រៀង​មុខ​កូនកាត់​ចិន​លោក អេ​ឡិច ចាន់​ត្រា ជា​អ្នករ៉ាប់រង រួម​ជា​មួយ​នឹង​មិត្តភ័ក្ដិ​លោក នង មុន្នី​កា អគ្គនាយក​ក្រុមហ៊ុន HAMONIA ដែល​ជា​ក្រុមហ៊ុន​មាន​រៀបចំ​តុប​តែង និង​រចនា​ផ្កា​ស្រស់​នោះ។ មិន​ខុសពី​ដៃគូ​ដែល​ខ្លួន​គិតថា​សក្ដិសម​និង​លើកស្ទួយ​ខ្លួន​ឲ្យ​មាន​កេរ្តិ៍ឈ្មោះ​ក្នុង​ដំណើរ​សិល្បៈ​ដូច​សព្វថ្ងៃ ក្នុង​ទឹកមុខ​ញញឹម​តែ​មាន​ស្នាម​ហូរ​ទឹកភ្នែក​ផង​នោះ ​លោក អេ​ឡិច ចាន់​ត្រា បាន​ថ្លែង​ទាំង​អួល​ដើមក ព្រមទាំង​យកដៃ​ជូត​ទឹកភ្នែក​ឲ្យ​ដៃគូ​ខ្លួន​ថា​«​ថ្ងៃនេះ​ជា​ថ្ងៃ ដែល​ខ្ញុំ​ស្រក់​ទឹកភ្នែក​ដំបូង​ជាមួយ​ដៃគូ​របស់ខ្ញុំ​! ខ្ញុំ​ជូត​ទឹកភ្នែក​ឲ្យ​ដា​ឡែ​ន ព្រោះ​ថ្ងៃនេះ​នាង​ស្រស់​ស្អាត​ខ្លាំង​ណាស់​! ដូច្នេះ​មិន​ត្រូវ​ឲ្យ​មាន​ទឹកភ្នែក​ហូរ​ទេ​!»​។ នៅពេល លោក អេ​ឡិច ចាន់​ត្រា និយាយ​មិនទាន់​ចប់​ផង​ ភ្ញៀវ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បាន​ស្រែក​គាំទ្រ​គង​រំពង​ពេញ​រោង​ពិធី​ទាំង​មូល​តែម្ដង៕​

នរសិង្ហ​



Post a Comment

0 Comments

Close Menu