Ad Code

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ប្រកាស​ពី​ការ​ពិព័រណ៍​ស្ដីពី​ការអប់រំ​នៅ​សហរដ្ឋអាមេរិក​ឆ្នាំ​២០១៥


ភ្នំពេញ ៖ ស្ថានទូត​សហរដ្ឋអាមេរិក​មាន​សេចក្តី​រីករាយ​បាន​ប្រកាស​ថា ពិព័រណ៍​ស្ដីពី​ការអប់រំ​នៅ​សហរដ្ឋអាមេរិក​ឆ្នាំ​២០១៥ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ពី​ម៉ោង​៣​និង​០០ រសៀល​ដល់​ម៉ោង​៧​និង​០០​យប់ នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ចុះ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា តំណាង​ចំនួន​២០​រូប​មកពី​មហាវិទ្យាល័យ និង​សកលវិទ្យាល័យ​នៅក្នុង​សហរដ្ឋអាមេរិក​នឹង​មក​ប្រាប់​សិស្ស និស្សិត​អំពី​កម្មវិធីសិក្សា​យក​សញ្ញាប័ត្រ​មហាវិទ្យាល័យ លក្ខ​ខ័ណ្ឌ​ក្នុង​ការ​ទទួល​ឲ្យ​ចូល​រៀន និង​ឱកាស​ទទួល​បាន​អាហារូបករណ៍​នៅក្នុង​សហរដ្ឋអាមេរិក។ អ្នក​រៀបចំ​ពិព័រណ៍​ដទៃទៀត​នៅ​ទីនោះ​នឹង​ផ្តល់​ព័ត៌មាន​ស្ដីពី​ទិដ្ឋាការ​សំរាប់​សិស្ស និស្សិត កម្មវិធី​ផ្លាស់ប្ដូរ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផ្នែក​ការសិក្សា និង​ប្រឹក្សា​ស្ដីពី​ការសិក្សា​នៅ​សហរដ្ឋ​អាមេរិក។​

សិស្ស​វិទ្យាល័យ និង​និស្សិត​សកលវិទ្យាល័យ​នៅ​កម្ពុជា​ទាំងអស់​ដែល​មាន​ការចាប់អារម្មណ៍​ចង់​សិក្សា​នៅ​សហរដ្ឋអាមេរិក​ ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ចូល​រួម។ ឪពុកម្ដាយ​របស់​សិស្ស និស្សិត​ក៏​ត្រូវ​បាន​ស្វាគមន៍ ហើយ​គួរតែ​ចូលរួម​ផង​ដែរ។ ដោយមាន​ការឧបត្ថម្ភ​ពី​ស្ថានទូត​អាមេរិក ពិព័រណ៍​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល EducationUSA នៅ​កម្ពុជា ដែល​មាន​បំណង​លើក​កំពស់​គុណ​ភាព​នៃ​ការ​សិក្សា​អប់រំ ​ពង្រីក​ឱកាស​ក្នុង​អាជីព និង​ការសិក្សា សម្រាប់​ប្រជាជន​កម្ពុជា។

ពិព័រណ៍​នេះ​គឺជា​វិធី​ពិសេស​មួយ​សម្រាប់​ឲ្យ​ប្រជាជន​កម្ពុជា​ធ្វើការ​ទាក់ទង​ជាមួយ​ស្ថាប័ន​ឧត្ដម​សិក្សា​នៅ​សហរដ្ឋអាមេរិក ហើយ​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ទទួល​បាន​ការសិក្សា​ពី​សក​លវិទ្យាល័យ​នៅក្នុង​សហរដ្ឋអាមេរិក៕

កោះ​កែវ​

Post a Comment

0 Comments

Close Menu