Ad Code

ញៀន​ថ្នាំ​ខ្លាំង​ពេក​ទាញ​កាំបិត​ទៅ​កាប់​អ្នក​ក្នុង​ភូមិ​ដើម្បី​គំរាម​ទារ​ប្រាក់

បាត់ដំបង​ ៖ ​បុរស​ម្នាក់​ដែល​មាន​ប្រវត្តិ​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ធ្វើ​ការ​ឃាត់​ខ្លួន​នៅ​ពេល​ព្រឹក​ឡើង​ បន្ទាប់ពី​ជន​នេះ​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ទៅ​កាប់​លើ​អ្នកភូមិ​កាលពី​ថ្ងៃ​ទី១ ​ខែ​មករា ​ឆ្នាំ​២០១៥​ វេលា​ម៉ោង​២​រំលង​អធ្រាត្រ​​ត្រង់​ចំណុច​ភូមិ​អូរ​តា​សុខ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ន័យ​គំរាម​ទារ​យក​ប្រាក់។

ពាក់ព័ន្ធ​នឹង​អំពើ​គំរាម​ទារ​ប្រាក់​នេះ​លោក សារ៉េត វិ​សេដ្ឋ អធិការរង​ស្រុក​ភ្នំព្រឹក​បាន​បញ្ជាក់​ថា ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ​ សេង អិត អាយុ​៤២​ឆ្នាំ​រស់នៅ​ ​ចំណុច​កើតហេតុ​ខាងលើ ដោយ​អ្នកស្រី​បាន​រៀបរាប់​ថា​នៅ​ពេល​រំលង​អធ្រាត្រ​នា​យប់​ថ្ងៃ​កើតហេតុ​ គឺ​ពេល​ដែល​អ្នកស្រី​កំពុង​សម្រាក​លង់លក់​ទៅ​ហើយ​នោះ​ ក៏​ស្រាប់តែ​លឺ​សំឡេង​ប្រាវ​ព្រោះ​តែ​មាន​មនុស្ស​សម្រុក​បុក​ទម្លាយ​ទ្វារផ្ទះ​ដ៏​តូច​របស់​អ្នកស្រី​ចូល​មក។
អ្នកស្រី​បាន​បន្ត​ថា ដោយសារតែ​យប់​ងងឹត​ដូច្នេះ​អ្នកស្រី​មិន​អាច​មើល​បុរស​នោះ​ស្គាល់​ឡើយ​ ប៉ុន្តែ​អ្នកស្រី​អាច​ស្តាប់​សំឡេង​បាន​ គឺ​គេ​ពិតជា​ឈ្មោះ សៀង ពូជ អាយុ​៣៦​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​ជាមួយគ្នា​ ហើយ​នៅ​ពេល​ដែល​គេ​ចូល​មកដល់​​​ គេ​បាន​សម្លុត​គំរាម​ទារ​រក​ប្រាក់​ ដោយសារតែ​អ្នកស្រី​ជា​អ្នក​ស៊ី​ឈ្នួល​ធ្វើ​ចម្ការ​ឲ្យ​គេ ​ទើប​អ្នក​ស្រី​ពុំ​មាន​ប្រាក់​ឯណា​ឲ្យ​ទៅ​វា​ឡើយ។ គ្រាន់តែ​លឺ​ថា​គ្មាន​ប្រាក់​ ស្រាប់តែ​បុរស​នោះ​បាន​ប្រើប្រាស់​កាំបិត​កាប់​មក​លើ​អ្នកស្រី​ចំ​កណ្ដាល​ថ្ងាស​មួយ​កាំបិត​បណ្ដាល​ឲ្យ​ឈាម​ហូរ​ជោក​ប្រាណ​ ទើប​អ្នកស្រី​ស្រែក​យ៉ាង​ខ្លាំង​ដើម្បី​ឲ្យ​អ្នកភូមិ​ជួយ។ គ្រាន់តែ​លឺ​សម្រែក​នេះ​​ភ្លាម ​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់ស្រមោល​ទាំង​យប់​តែ​ម្ដង។
លោក​អធិការ​រង​បាន​សង្កត់​ធ្ងន់​ថា លុះ​នៅ​ព្រឹក​ឡើង​ក្រោយពី​ទទួល​បាន​ព័ត៌មាន​ពី​ស្ត្រី រង​គ្រោះ​រួចមក​ លោក​បាន​ចាត់​កម្លាំង​ជំនាញ​រួម​នឹង​កម្លាំង​ប៉ុស្តិ៍​ចេញ​ប្រតិបត្តិ​ការ​តាមរក​ជន​សង្ស័យ ព្រមទាំង​បាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៧​ព្រឹក​នា​ថ្ងៃ​ដដែល​ ខណៈ​ដែល​មុខសញ្ញា​នេះ​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ​ចម្ងាយ​ពី​ភូមិ​ប្រហែល​១៥០​ម៉ែត្រ​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​ និង​ធ្វើការ​សាកសួរ។ ចំណែក​ស្ត្រី​រងគ្រោះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ដោយសារតែ​មុខរបួស​ដែល​ត្រូវ​នឹង​ផ្លែ​កាំបិត​មាន​ប្រវែង​១២​ស់ងទីម៉ែត្រ ​ព្រមទាំង​មាន​ជម្រៅ​ដល់​ឆ្អឹង​ក្បាល។ ជនសង្ស័យ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹងថា គឺជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងខ្លាំង​ផងដែរ ហើយ​នៅ​ពេល​នេះ​​ទំនងជា​បែក​ថ្នាំ​ផង​បានជា​សាហាវ​បែបនេះ៕

Post a Comment

0 Comments

Close Menu