Ad Code

ប៉េអិម​ខេត្តបន្ទាយមានជ័យ​កសាង​សំណុំ​រឿង​បញ្ជូន​ជំទាវ​អត់​ក្រឹត្យ ​ពី​បទ​ឆបោក​ទៅ​តុលាការ​


ប៉ោយប៉ែត ៖ មន្ត្រី​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​អូស​ក​ជំទាវ​អត់​ក្រឹត្យ​ម្នាក់ បញ្ជូន​ទៅ​តុលាការ​ក្នុង​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥​នេះ​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ បន្ទាប់ពី​ស្ត្រី​ខាងលើ​នោះ តាំងខ្លួន​ជា​សាច់ញាតិ​របស់​ថ្នាក់ដឹកនាំ​កំពូលៗ ដើរ​ឆបោក​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​មាន​តួនាទី​ជា​អភិ​បាលក្រុង​ប៉ោយប៉ែត ក្រោម​ថវិកា​រត់ការ​ដ៏​ច្រើន​បំផុត ហើយក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង។​

ក្នុងករណី​ចាប់ខ្លួន​ស្ត្រី​ដែល​តាំងខ្លួន​ជា​ជំទាវ​នោះ គឺ​កើតមាន​នៅក្នុង​ម៉ោង​១​និង​៥០​នាទី រសៀល ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥ នៅក្នុង​ក្រុង​ប៉ោយប៉ែត ស្រប​ពេល​ដែល​ស្ត្រី​រូប​នេះ កំពុង​ធ្វើការ​ទំនាក់ទំនង​ទៅ​ម្ចាស់​ភោជនីយដ្ឋាន​មួយ​ឈ្មោះ​ នាគទិព្ធ ដើម្បី​ធ្វើ​ពិធីជប់លៀង​ជូន​ទៅ​មន្ត្រី​ដែល​ខ្លួន​បាន​ត្រៀម​រត់ការ​ជា​ចៅហ្វាយក្រុង​ថ្មី​ជំនួស​លោក​អភិបាលក្រុង ងោ ម៉េង​ជ្រួ​ន​សព្វ​ថ្ងៃ​នេះ ប៉ុន្តែ​សំណាងអាក្រក់​សម្រាប់​លោក​ជំទាវ​ត្បាញអាយ​ខាងលើ​នោះ ត្រូវ​បាន​សមត្ថកិច្ច​តាម​ប្រមាញ់​បាន​ភ្លាមៗ​តែម្តង។​

ចំពោះ​បុរស​ដែល​ត្រៀមខ្លួន​ឡើងជា​អភិបាលក្រុង​ប៉ោយប៉ែត​នា​ពេល​ខាងមុខនេះ ឈ្មោះ​ ឱក សុផាន ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​ឈ្មួញ​រកស៊ី​ដីធ្លី​នៅក្នុង​ក្រុង​ប៉ោយប៉ែត និង​ជា​អតីត​សមាគម​អភិវឌ្ឍន៍​កសិកម្ម​ជាតិ​ប្រចាំ​ក្រុង​ប៉ោយប៉ែត ឯ​ស្ត្រី​ដែល​តាំងខ្លួន​ជា​ជំទាវ​នោះ មានឈ្មោះ ទ្រី​ណាត់​បារាំង​មាន​លំនៅដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​តែម្តង បាន​និង​កំពុង​ស្ថិត​ក្នុង​កា​រសើប​សួរ​បន្ត​ទាំង​ជន​រងគ្រោះ​ទាំង​ជន​បង្ក ក្នុង​ទីបញ្ជាការ​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ក្រោយពេល​ស៊ើប​សួរ​រួច​មន្ត្រី​រាជ​អាវុធហត្ថ​ចងក្រង​សំណុំ​រឿង​របស់​ស្ត្រី​នោះ ចាត់ការ​បន្ត​ទៅ​តុលាការ​តែម្តង ពី​បទ​ឆបោក ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ដូចជា​នៅ​ក្រុង​ប៉ោយប៉ែត តាមរយៈ​រត់ការ​តម្លើង​តួនាទី ជូន​ទៅ​មន្ត្រីរាជការ​ណាមួយ​នោះ​។​

លោក​ ងោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា ករណី​ភ្ញាក់ផ្អើល​ថា លោក​ត្រូវ​គេ​ដក​ចេញពី​អភិបាលក្រុង​នោះ គឺ​វា​ជា​រឿង​មិន​ពិត​ទេ។ លោក​បាន​បន្ត​ទៀត​ថា នេះ​ជា​ល្បិច​បោក​ប្រាស់​របស់​ជនខិលខូច​ទៅលើ​ប្រជាពលរដ្ឋ​មួយចំនួន​សម្រាប់​តែ​ផល​ប្រយោជន៍​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក​ ងោ ម៉េង​ជ្រួ​ន បាន​បន្ត​ទៀត​ថា លោក​ជា​មន្ត្រីរាជការ បើសិនជា​ថ្នាក់លើ​ត្រូវការ​ដោះ​ដូរ ឬ​តែងតាំង​ភារកិច្ច​ថ្មី​ទេ​នោះ គឺ​លោក​អនុវត្ត​តាម​ព្រះរាជក្រឹត្យ ឬ​អនុក្រឹត្យ​របស់​ក្រសួង​មហាផ្ទៃ ដែល​ជា​អ្នកចាត់ចែង​តែប៉ុណ្ណោះ មិនមែន​ធ្វើ​ដូច​ជំទាវ​អត់​ក្រឹត្យ ដើរ​សម្អុយ​ឈ្មោះ​លោក ហើយ​តម្លើង​អ្នក​ផ្សេង​មក​ជំនួស​បាន​ងាយ​ដូច​បក​ចេក​នោះ​ទេ​។​

ចំពោះ​លោក ឱក សុផាន ត្រូវ​បាន​មន្ត្រី​រាជ​អាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា លោក​បាន​ចាញ់​បោក​ស្ត្រី​រូប​នោះ​មែន បើសិនជា​សមត្ថកិច្ច​មិន​ចាប់​ទេ លោក​ក៏​មិន​ដឹង​ថា​ខ្លួន​ចាញ់បោក​គេ​ដែរ។ ដោយ​ឡែក​លោក​ បោន ប៊ិន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ដោយមាន​បទបញ្ជា​ពី​លោក​ ឪ​ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ឲ្យ​រូបលោក​ចុះ​ស្រាវជ្រាវ​និង​ចាប់ខ្លួន​ស្ត្រី​ខាងលើ​នោះ ក្រោយមក​លោក​ក៏បាន​ស៊ើប​អង្កេត​និង​ចាត់ការ​ជន​ឆបោក​បាន​តែ​ម្តង។ លោក​បាន​បន្ត​ទៀត​ថា ខណៈ​ពេលនេះ មន្ត្រី​របស់​លោក​កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​ក្នុងថ្ងៃនេះ ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​ហើយ​៕

ពៅ​រី​

Post a Comment

0 Comments

Close Menu