Ad Code

សមត្ថកិច្ច​ចាប់ចោរ​ប្លន់​ម្នាក់​ ចោទ​ថា​យក​កាំបិត​អារក​ប៉ង​ប្លន់​ម៉ូតូ


កំពង់ឆ្នាំង ៖ ជនល្មើស​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​រលាប្អៀរ​ធ្វើការ​ប្រដេញ​ចាប់​ខ្លួន​បាន​បន្ទាប់ពី​ជនល្មើស​រូប​នោះ​បាន​យក​កាំបិត​អារ​ក​នារី​រងគ្រោះ​បំណង​ប្លន់​យក​ម៉ូតូ​មិនបាន​សម្រេច​ជាង​២​ម៉ោង​មុន​ពេល​ចាប់ខ្លួន។ ករណី​ចាប់ខ្លួន​ជនល្មើស​ខាង​លើ​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ​ថ្ងៃទី​២៩ ​ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រុង​វិហារ​យេស៊ូ ស្ថិត​ក្នុង​ភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។

លោក ទឹម ច​ន្ឋី អធិការ​នគរបាល​ស្រុក​រលាប្អៀរ​បាន​និយាយ​ឲ្យ​ដឹង​ថា ជនល្មើស​ខាងលើ​មាន​ឈ្មោះ​ ម៉េ​ស ចាន់ធូរ អាយុ​២០​ឆ្នាំ ជា​អ្នកស៊ីឈ្នួល​យាម​វិហារ​យេស៊ូ​ឲ្យ​គេ​នៅ​ភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់(ជា​កន្លែង​កើតហេតុ) មាន​ទីលំនៅ​ខេត្តកំពង់ចាម បាន​មក​ស្នាក់នៅ​ក្នុងភូមិ​ត្រ​ពាំ​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

មុន​ពេល​កើតហេតុ​នៅ​ម៉ោង​៧​និង​៣០​នាទី​យប់ នារី​រងគ្រោះ​ឈ្មោះ សឿ កុ​លីន អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ខ្សាច់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​រី​វ៉ូ ពណ៌​ខ្មៅ ត្រឡប់​ពី​មកពី​រៀន​នៅ​សាលា​វិទ្យាល័យ​ព្រះ​បាន​សុរាម្រិត​ក្នុង​ក្រុង​កំពង់ឆ្នាំង​វិញ ដោយ​បាន​មក​ឈប់​នៅក្នុង​ដី​ភូមិ​មុខ​ផ្ទះ ស្រាប់​តែ​ពេលនោះ​ជនល្មើស​ខាងលើ​បាន​ស្ទុះ​ចេញពី​ក្បែរ​អណ្ដូងទឹក​យក​កាំបិត​មក​ភ្ជង់​.ក​កុំ​ឲ្យ​នាង​ស្រែក តែ​នាង​បាន​ស្រែក​ឲ្យ​គេ​ជួយ ពេលនោះ​ជនល្មើស​បាន​វាស​កាំបិត​មុត​ដាច់.ក​នារី​រងគ្រោះ​ចេញឈាម​រហាម ហើយ​គេ​បាន​គេច​រត់​ខ្លួន​បាត់​តែម្តង។ ភ្លាមៗ​នោះ​ដែរ ​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍ និង​នគរបាល​ស្រុក​បាន​សហការ​គ្នា​រុករក​ពេញ​ភូមិ​ជាង​២​ម៉ោង ទើប​ចាប់​ជនល្មើស​បាន ពេល​ដែល​រូបគេ​លបៗ​ត្រឡប់​ចូល​មក​ពួន​នៅ​កន្លែង​ដែល​ខ្លួន​យាម​នៅ​វិហា​យ៉ី​ស៊ូ​វិញ។ ជនល្មើស​បាន​ធ្វើ​សកម្មភាព​ប៉ង​ប្លន់​យក​ម៉ូតូ តែ​ពេល​ចម្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច ​ជន​នេះ​ឆ្លើយ​ថា ភ្ជង់​កាំបិត​ប៉ង​ប្លន់​យក​កងដៃ​ផ្លាក​ទីន​ទៅវិញ​។

ជនល្មើស​ឈ្មោះ ម៉េ​ស ចាន់ធូ បាន​សារភាព​ឲ្យ​ដឹង​ថា ខ្លួន​ត្រូវ​បាន​គេ​ជួល​ឲ្យ​មក​យាម​នៅ​វិហារ​យេស៊ូ មានឈ្មោះ "​វិហារ​ជំនុំ​ទួល​ខ្សាច់​" ហើយ​បានឃើញ​នារី​រងគ្រោះ​ពាក់​កងដៃ​ពេល​ថ្ងៃ លុះ​យប់​ឡើង ខ្លួន​បាន​យក​ខ្សែ​នីឡុង​យក​ទៅ​ពួន​ចាំ​នាង​ចេញពី​សាលា​ដើម្បី​ប្លន់​យក​កងដៃ​លក់ យក​ប្រាក់​ផ្ញើ​ទៅ​ម្តាយ​នៅ​ស្រុក​ដែល​ជំពាក់​លុយ​គេ រូបគេ​មិនបាន​ប្រើ​កាំបិត​អារ.ក​ចង់​ប្លន់​យក​ម៉ូតូ​នោះ​ឡើយ។ ខ្សែ​នីឡុង​ដែល​ជនល្មើស​អះអាង​ថា​ជា​ឧបករណ៍​រឹត​ក​ប៉ុនប៉ង​ប្លន់ សមត្ថកិច្ច​រក​មិនឃើញ​ទេ​នៅ​កន្លែង​កើត​ហេតុ គឺ​រក​ឃើញ​តែ​កាំបិតកៃ​មួយ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ជ្រុះ​ក្នុង​ព្រៃ។ ចំណែក​នារី​រងគ្រោះ​បាន​រង​របួស​ផ្នែក.ក​ស្រាល។​

ជនល្មើស​និង​វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ច​គរ​បាល​ស្រុក​រលាប្អៀរ កសាង​សំណុំរឿង​តាម​នីតិ​វិធី​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ​បំពេញ​សំណុំរឿង​បន្ថែម​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត៕

ឈៀង ថា​រិ​ទ្ធ

Post a Comment

0 Comments

Close Menu