Ad Code

ពិធី​ប្រកាស​មុខតំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​នាយ​នគរបាល​ជាតិ​៨៥​រូប

ភ្នំពេញ ៖ នៅ​សាល​ប្រជុំ​ក្រសួងមហាផ្ទៃ​កាលពី​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ បាន​ប្រារព្ធ​ពិធី​ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​នាយ​នគរបាល​ជាតិ​ចំនួន​៨៥​រូប ក្រោម​អធិបតីភាព លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពស់​របស់​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។​

នាយ​នគរបាល​ជាតិ​ទាំង​៨៥​រូប​ដែល​ត្រូវ​ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ក្នុង​នោះ​រួមមាន ប្រកាស​មុខតំណែង​ចំនួន​០៤​រូប និង​បំពាក់​ឋានន្តរស័ក្តិ​ចំនួន​៨១​រូប ក្នុង​នោះ​ថ្នាក់​ឧត្តម​សេនីយ៍​ឯក​ចំនួន​១០​រូប ថ្នាក់​ឧត្តមសេនីយ៍ទោ​ចំនួន​៣០​រូប ថ្នាក់​ឧត្តមសេនីយ៍ត្រី​ចំនួន​៤១​រូប។​

បន្ទាប់ពី​មានការ​ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​រួចមក លោក ឯម សំអាន បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​នាយ​នគរបាល​ទាំងអស់​ដែល​បាន​ទទួល​មុខតំណែង និង​ឋានន្តរស័ក្តិ​នា​ថ្ងៃនេះ​ ត្រូវ​ទទួលខុសត្រូវ​ខ្ពស់​នូវ​តួនាទី​ដែល​ទទួល​បាន​។​

លោក​ក៏​បាន​បន្ត​ទៀត​ថា កងកម្លាំង​គឺជា​កម្លាំង​ស្នូល​នៅក្នុង​កិច្ចការពារ​សន្តិសុខ​ជូន​ប្រជាព​លរដ្ឋ ដូច្នេះ​កងកម្លាំង​ទាំងអស់ ជាពិសេស​កងកម្លាំង​នៅ​តាម​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ តាម​មូលដ្ឋាន ត្រូវ​កសាង​ខ្លឹមសារ​បទដ្ឋាន កម្មវិធី​ការងារ​របស់​ប៉ុស្តិ៍​រដ្ឋបាល ក៏ដូចជា​ការ​ផ្សព្វផ្សាយ​គោល​នយោ​បាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ធានា​ឲ្យ​ខាន​តែ​បាន​នូវ​សុវត្ថិភាព សន្តិសុខ​ដើម្បី​ឲ្យ​ទៅជា​កម្លាំង និង​សេវា​សន្តិសុខ​ដ៏​រឹងមាំ​នៅ​តាម​មូលដ្ឋាន​៕

រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu