Ad Code

ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បង្ហាញមុខ​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​គ្រឿង​


ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន រាជធានី​ភ្នំពេញ សហការ​ជាមួយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៥​កន្លងមក នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៥ សមត្ថកិច្ច​បាន​បង្ហាញ​មុខ​ពួកគេ​ក្រោយ​សមត្ថកិច្ច​សាកសួរ​និង​ស្រាវជ្រាវ​ឃើញថា អ្នក​ទាំង​៣​ជា​មុខ​សញ្ញា​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១-ឈ្មោះ ឃុន ស៊ីណា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ទី​២-ឈ្មោះ សំ តាន ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ស្នាក់នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​ទី​៣-ឈ្មោះ នង ចាន់​ឌុល ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ស្នាក់ នៅ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។ សមត្ថកិច្ច​បន្ត​ថា ក្នុង​ប្រតិបត្តិការ​ឃាត់ខ្លួន​ពួកគេ សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន​៩​កញ្ចប់​តូច អាយ​ឌី ( វិទ្យុទាក់ទង )​មួយ​គ្រឿង ទូរស័ព្ទ​ដៃ​៣ គ្រឿង រួម​នឹង​ម៉ូតូ​២​គ្រឿង​ទៀត។​

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មុនដំបូង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង​ថា ឈ្មោះ ឃុន ស៊ីណា កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន​នៅ​ម្តុំ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន ទើប​កម្លាំង​សមត្ថកិច្ច​ដឹកនាំ​ដោយ​ស្នងការ​រង រួម​ជា​មួយ​ព្រះរាជអាជ្ញា​រង ចុះ​ព័ទ្ធ​នឹង​ឆែកឆេរ​ឃើញ​ថ្នាំញៀន ក៏​សម្រេច​ឃាត់ខ្លួន​យក​មក​សួរនាំ រហូត​ឈាន​ដល់​ការ​តាម​ចាប់បាន​ឈ្មោះ សំ តាន់ នៅ​កន្លែង​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។ ក្រោយ​ពី​ឃាត់ខ្លួន​អ្នក​ទាំងពីរ​នេះ​បាន​ហើយ ​សមត្ថកិច្ច​បាន​បន្ត​សួរនាំ​តាម​ជំនាញ ទើប​ឈាន​ទៅ​ឃាត់ខ្លួន​ឈ្មោះ នង ចាន់​ឌុល ដែល​កំពុង​សម្ងំ​ចែកចាយ​ថ្នាំ​ញៀន​នៅ​ផ្លូវ​លេខ​៦១០ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។​

ក្រោយ​មក​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំញៀន​៩​កញ្ចប់ ដូច្នេះ​ក៏​សម្រេច​កសាង​សំណុំរឿង​ឃុំខ្លួន​ពួកគេ​ទាំង​៣​នាក់​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ រង់ចាំ​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕

រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu