Ad Code

រថយន្ត​សេរី​ទំនើប​បើក​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៨​ផ្ទាំង​ទាំង​ព្រលឹម


ភ្នំពេញ ៖ រថយន្ត​ម៉ាក​សេរី​ទំនើប​មួយ​គ្រឿង​មាន​តំលៃ​រាប់​ម៉ឺន​ដុល្លារ ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជ្រុល​ចង្កូត​ទៅ​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៨​ផ្ទាំង បណ្ដាល​ឲ្យ​ដាច់​ការឡេ​កង់​មុខ​ខាងឆ្វេង និង​កាង​ខាងស្ដាំ ហើយ​បើក​រត់​លែង​រួច ក៏​ប្រញាប់​ចេញពី​ក្នុង​រថយន្ត​គេច​ខ្លួន​បាត់​បន្សល់​តែ​រថយន្ត​ទុក​នៅ​កន្លែង​កើត​ហេតុ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ផ្នែក​ជំនាញ​ចុះ​មក​ស្ទូច​យក​ទៅ​រក្សាទុក។​

ហេតុការណ៍​គ្រោះថ្នាក់​នោះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៥​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៥ នៅ​លើ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ខាងមុខ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ស្ថិត​ក្នុងភូមិ​៩ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។​

សាក្សី​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួកគាត់​បានឃើញ​រថយន្ត​ម៉ាក​TOUAREG ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-8885 បើកបរ​ដោយ​ស្រី្ត​ម្នាក់​ប្រហែល​ទើប​ចេញពី​ផឹកស៊ី​ស្រវឹង​ធ្លាក់​ភ្នែក​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​តាមផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​ទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​យ៉ាងណា​នោះ​ទេ ស្រាប់តែ​រថយន្ត​ក៏បាន​រេ​ចង្កូត​ទៅ​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​៨​ផ្ទាំង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើត​ហេតុ។ សាក្សី​ប្រាប់​បន្ត​ថា នៅក្នុង​ហេតុការណ៍​នេះ បណ្ដាល​ឲ្យ​រថយន្ត​ដាច់​ការ​ឡេ​កង់​មុខ​ខាងឆ្វេង និង​កាង​ខាងស្ដាំ បើក​ទៅមុខ​លែង​រួច ចំណែក​អ្នកបើកបរ​ក្រោយពី​បុក​របាំង​ចែក​ទ្រូងផ្លូវ​រួច ក៏​មាន​រថយន្ត​សេរី​ទំនើប​មួយទៀត បាន​បើក​មក​កន្លែង​កើត​ហេតុ ហើយ​ដឹក​ស្រី្ត​ខាងលើ​គេចខ្លួន​បាត់​ស្រមោល។ សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ករណី​បុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​ដែល​បង្ក​ដោយ​រថយន្ត​ម៉ាក TOUAREG សេរី​ទំនើប​តំលៃ​រាប់​ម៉ឺន​ដុល្លារ​នេះ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​បង្កហេតុ​នៅឡើយ​ទេ។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ស្ទូច​រថយន្ត​បង្កហេតុ​នោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាម​នីតិ​វិធី៕

រ៉ា​វុ​ទ្ធ​


Post a Comment

0 Comments

Close Menu