Ad Code

អ្នក​ប្រដាល់​៤​នាក់​ឡើង​ប្រកួត​ដណ្ដើម​ពាន​បាយ័ន​ទម្ងន់​៥៧​គីឡូក្រាម ​


ភ្នំពេញ ៖ អ្នក​ប្រដាល់​ទម្ងន់​៥៧​គីឡូក្រាម​៤​រូប​នឹង​ឡើង​ប្រកួត​ដណ្ដើម​ពាន​អនុស្សាវរីយ៍​បាយ័ន​លើក​ទី​៣​សម្រាប់​ដើមឆ្នាំ​២០១៥​នេះ​។​

អ្នក​ប្រដាល់​ទាំង​៤​រូប​នោះ រួមមាន អ៊ុង ស៊ីណា មកពី​ក្លិប​សុភា​នូ​មានជ័យ​, ជុន សាវុធ ក្លិប​ពោធិ​ជ័យ​កីឡា​, ឯម ស៊ី​ថុង ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ និង ម៉ៅ រិទ្ធី ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង​។​

ពួកគេ​ទាំង​៤​នាក់​នេះ​នឹង​ជួប​ប្រកួត​គ្នា​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣១​ ខែ​មករា ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​។ ការប្រកួត​ប្រព្រឹត្តិ​ទៅតាម​រូបមន្ត​ជា​Marathon គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែ​រក​ឃើញ​ជើងឯក​ម្ចាស់​ពាន​ក្នុង​ពេល​តែមួយ​។​

ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​-ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ៗ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ​ត្រូវ​ឡើង​ទៅ​ជួបគ្នា​ក្នុង​ដំណាក់កាល​ទី​២- ដែល​ជា​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្ដើម​ពាន​អនុស្សាវរីយ៍​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​។​

គួរ​បញ្ជាក់​ថា ការប្រកួត​ក្នុង​ដំណាក់កាល​ទី​១-គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការប្រកួត​ក្នុង​ដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​វាយ​៥​ទឹកតែ​មួយ​ទឹក​វាយ​តែ​២​នាទី​ទេ​។​

សម្រាប់​ការ​ជួបគ្នា​គូ​មុនដំបូង​គេ​នោះ​គឺ អ៊ុង ស៊ីណា ត្រូវ​ជួប​ជាមួយ​ ជុន សាវុធ។ ស៊ីណា ធ្លាប់​វាយ​ឈ្នះ​ សាវុធ ដោយ​ពិន្ទុ​២​ដង ​ហើយ​កាលពី​ក្នុង​ឆ្នាំ​២០១៣​កន្លងមក​។ ដូច្នេះ​ជំនួប​លើក​នេះ ប្រៀប​ដូច​ជា​ការ​ឡើង​សងសឹក​របស់​ ជុន សាវុធ​ដែរ​។​

ទោះជា​យ៉ាងណា​សម្រាប់​ការប្រកួត​លើក​នេះ​មិន​ប្រាកដ​ថា​ អ៊ុង ស៊ីណា ឈ្នះ ​សាវុធ​ ទៀត ឬ​ក៏​យ៉ាងណា​នោះ​ទេ ព្រោះថា​ ជុន សាវុធ​ឥឡូវនេះ គេ​ក៏​ល្អ​ជាង​មុន​ដែរ​។ ចាំ​មើល តើ​ ស៊ីណា​ឬក៏​សាវុធ ដែល​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​?​

ចំពោះ​អ្នក​ប្រដាល់ ឯម ស៊ី​ថុង និង ម៉ៅ រិ​ទ្ធ វិញ គឺជា​ការ​ជួប​គ្នា​រវាង​អ្នក​ប្រដាល់​ជើងចាស់​(​ម៉ៅ រិទ្ធី​) និង​អ្នក​ប្រដាល់​ស្រករ​ក្រោយ​(​ឯម ស៊ី​ថុង​)​។ ពួកគេ​ទាំងពីរ​នាក់​នេះ ពុំដែល​ប៉ះ​ប្រកួត​គ្នា​ទេ​កន្លង​មក​។ ទោះបីជា​យ៉ាងនេះ​ក្តី ម៉ៅ រិទ្ធី មិន​ត្រូវ​បាន​រំពឹង​ថា​ឈ្នះ​ស៊ី​ថុង​នោះ​ឡើយ​។​ ដោយសារ ​រិទ្ធី មាន​កម្ពស់​ទាប​ជាង​ ស៊ី​ថុង ហើយ​មួយទៀត​កម្លាំង​ស៊ុ​ហ្វ​របស់​រិ​ទ្ធ​ក៏​មិនសូវ​រឹងមាំ​ដូច​ស៊ី​ថុង​ដែរ​។

ប៉ុន្តែ​យ៉ាងណា គេ​ក៏​មិនទាន់​ច្បាស់​ថា​ស៊ី​ថុង​ ឈ្នះ​ម៉ៅ រិទ្ធី នោះ​ដែរ ព្រោះ​ស៊ី​ថុង​មិន​សូវ​មាន​កលល្បិច​ក្នុង​ការ​ប្រកួត​ដូច​រិទ្ធី​នោះ​ទេ​។ ដូច្នេះ ចាំ​មើល​ការប្រកួត​ជាក់ស្តែង​តើ​ម៉ៅ រិទ្ធី​ឈ្នះ ឬក៏​ឯម ស៊ី​ថុង​ឈ្នះ​នោះ ? ​

គួរ​បញ្ជាក់​ថា កាលពី​វាយ​ដណ្ដើម​ពាន​លើក​ទី​១​កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៥​នេះ គឺ​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម ដែល​មាន​ជើង​ខ្លាំង​៤​រូប​ដូច​គ្នា​នេះ​ដែរ ហើយ​អ្នក​ដែល​ដណ្ដើម​បានជា​ជើង​ខ្លាំង​លេខ​១​នោះ គឺ​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លឹប​កងពលតូច​លេខ​៣១ ក្រោយពី​គេ​បាន​យកឈ្នះ​ឯម លី​ថូ ក្លឹប​ឫទ្ធី​ពោធិ​សែន​ជ័យ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។​ ការ​ប្រកួត​ដណ្ដើម​ពាន​លើក​ទី​២​ទម្ងន់​៦៥​គីឡូក្រាម ដែល​មាន​៤​នាក់​ដដែល គឺ​បាន​ទៅលើ​លួ​ន សុខ​ខេង ក្លិប​អាស៊ី​កីឡា ក្រោយ​វាយ​ឈ្នះ​ធី តុង​ហ៊ី ក្លឹប​សាល​វ័​ន្ត​កីឡា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​។​

ចាំ​មើល​ពាន​ទម្ងន់​៥៧​គីឡូក្រាម​លើក​ទី​៣​នេះ​នឹង​បាន​ទៅ​អ្នក​ប្រដាល់​រូប​ណាមួយ​ក្នុង​ចំណោម​អ៊ុង ស៊ីណា​, ជុន សាវុធ​, ឯម ស៊ី​ថុង និង ម៉ៅ រិទ្ធី នេះ៕




Post a Comment

0 Comments

Close Menu