Ad Code

រឿង សោ​ភ័​ណ្ឌ និង​Sen Sep​ ជួប​ជម្រះបញ្ជី​គ្នា​យប់​ថ្ងៃអាទិត្យ​នេះ​


ភ្នំពេញ ៖ ផល សោ​ភ័​ណ្ឌ​ និង​ឈិន ​ក្វាន់​ង៉ុ​យ ​ជួប​ថៃ​ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​រឿង សោ​ភ័​ណ្ឌ មកពី​ក្លិប​មកុដ​រាជសីហ៍​នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ​Sen Sep ក្នុង​កម្មវិធី​ប្រដាល់​ថ្មី​កំពូល​ជើងឯក Black Cat របស់ SEA-TV ដែល​ចាប់ផ្តើម​នា​ម៉ោង​៨​យប់ ថ្ងៃអាទិត្យ​ទី​០១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​នេះ​។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ​ជួបគ្នា​ម្តង​ហើយ​ កាលពី​ថ្ងៃទី​២៤​ ខែ​មករា ឆ្នាំ​២០១៥ នៅ​លើ​សង្វៀន​ខេត្តកំពង់ស្ពឺ ដែល​ក្នុង​ការប្រកួត​គ្នា​នោះ ពួកគេ​វាយ​ស្មើ​ពិន្ទុ​គ្នា​។ ជើង​ខ្លាំង​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម​។​

Sen Sep​នេះ គេ​ខ្លាំង​និង​ល្អ​ណាស់ ហើយ​បើ​ក្រៅពី​រឿង សោ​ភ័​ណ្ឌ​នោះ ម្ល៉េះ​ក៏​ពិបាក​ទប់ទល់​ជាមួយ​គេ​ណាស់​។ អ្នក​ប្រដាល់​ថៃ​រូប​នេះ ល្អ​ទាំង​កណ្ដាប់ដៃ ជើង​ទាត់ ជង្គង់ កែង​កំប្លេ​តែម្តង​។ គេ​នៅ​ចាំ​បាន​ថា វាយ​៤​ទឹក​ដំបូង​នោះ Sen Sep​នេះ មានប្រៀប​ឈ្នះ​លើ​រឿង សោ​ភ័​ណ្ឌ​ទៅ​ហើយ តែបើ​កុំ​ សោ​ភ័​ណ្ឌ ​យក​ប្រៀប​ឈ្នះ​ក្នុង​ទឹក​ទី​៥​វិញ ដោយ​ទាត់​ចូល​កណ្ដៀតក្អម​របស់​ Sen Sep ​មួយ​ជើង​ពេញ ដែល​ធ្វើ​ឲ្យ​គេ​ចង់​គាំង​ម្តងៗ​នោះ ក៏​មិនបាន​ស្មើគ្នា​ដែរ​។​

អ្នក​ប្រដាល់​ថៃ ​Sen Sep​ រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​រឿង សោ​ភ័​ណ្ឌ​ គឺ​ចំនួន​៧៩​លើក ដោយ​ឈ្នះ​៦៤​លើក ចាញ់​១៤​លើក និង​ស្មើ​១​លើក​(​ស្មើ​ជាមួយ​សោ​ភ័​ណ្ឌ​) តែ​គេ​វាយ​ល្អ​ជាង​អ្នក​ប្រដាល់​ថៃ​ដែល​មក​មុនៗ​។ ទោះជា​យ៉ាងណា​មក​ប៉ះ​ជាមួយ​រឿង សោ​ភ័​ណ្ឌ ជើង​ខ្លាំង​របស់​កម្ពុជា​ដែល​មាន​ប្រវត្តិ​ប្រកួត​រហូតដល់​ទៅ​១២៤​លើក ក្នុង​នោះ​ឈ្នះ​១០៤​លើក ចាញ់​១៤​លើក និង​ស្មើ​ពិន្ទុ​៦​លើក Sen Sep​ក៏​ពិបាក​ទំពារ​ដែរ​។

រឿង សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​មានចិត្ត​ខ្លាំង​បំផុត គេ​មិន​ងាយ​អោយ​ថៃ​ស៊ី​ងាយៗ​ទេ​។ ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់ដៃ​ធ្ងន់ ជើង​ធ្ងន់​នោះ មិន​ញញើត​Sen Sep​ មិន​តិច​ណា​ទេ បើ​ទោះ​ជា​ធ្លាប់​ភ្លក្ស​ម្តង​ហើយ​នេះ។ ដូច្នេះ ចាំ​មើល​ការ​ជួប​គ្នា​លើក​ទី​២​នេះ តើ​រឿង សោ​ភ័​ណ្ឌ ឬ Sen Sep ដែល​ឈ្នះ​ការប្រកួត​នេះ ? ​

ផល សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ជើង​ខ្លាំង​នៃ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដែល​ទើប​បំបាក់​ថៃ​(Kwan Meung)​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​២៥​ ខែ​មករា​កន្លង​មក​នេះ ពេលនេះ​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ម្នាក់ទៀត ឈ្មោះ Tor Khit ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​។​

Tor Khit នេះ គេ​ពុំដែល​មក​ប្រកួត​នៅ​ភ្នំពេញ​នោះ​ទេ​។ តាម​លោក​ញាណ សុធី អ្នក ចាត់ចែង​កម្មវិធី​ប្រដាល់​នៅ​SEA-TV បាន​ឲ្យ​ដឹង​ថា អ្នក​ប្រដាល់​ថៃ​រូប​នេះ​ជា​ជើង​ខ្លាំង​នៅ​បាងកក ដោយ​ធ្លាប់​ប្រកួត​បាន​ចំនួន​៧៩​លើក ក្នុង​នោះ​វាយ​ឈ្នះ​៦៨​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក​។ បើ​ធៀប​ជា​មួយ​ ផល សោ​ភ័​ណ្ឌ គឺ​ច្រើនជាង​តិចតួច​ប៉ុណ្ណោះ ដោយ ​សោ​ភ័​ណ្ឌ​ ប្រកួត​បាន​៧២​លើក វាយ​ឈ្នះ​៦២​លើក និង​ចាញ់​១០​លើក​។​

សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​នៅ​កម្ពុជា​ដែល​ធ្លាប់​ផ្ដួល​យកឈ្នះ​ថៃ​៦​នាក់​មក​ហើយ ហើយ​នេះ​ជា​លើក​ទី​៧​របស់ ​សោ​ភ័​ណ្ឌ​ ហើយ ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ​។​ កាលពី​ពាក់កណ្ដាល​ខែធ្នូ​កន្លង​មក​នេះ សោ​ភ័​ណ្ឌ បាន​បំបាក់​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Ruerob Windy មិន​ឲ្យ​តដៃ​កើត​ក្នុង​ទឹក​ទី​២​ប៉ុណ្ណោះ ហើយ​ជួប​ថៃ​ចុង​ក្រោយនេះ​Hor.Kwanmeung (ថ្ងៃ​ទី​២៥ ខែ​មករា​ ឆ្នាំ​២០១៥) គេ​ក៏​បំបាក់​អោយ​សន្លប់​ក្នុង​ទឹក​ទី​២​ដែរ​។​

Tor Khit ដែល​រាង​ចាញ់​កម្ពស់​បន្តិច​ផង​នោះ ប៉ះ​ជាមួយ​សោ​ភ័​ណ្ឌ​ដែល​មាន​កណ្ដាប់ដៃ​ខ្លាំង រហ័ស និង លឿន​នោះ មិន​ដឹង​ថា​មាន​វាសនា​ដូច​អ្នក​ពីរ​នាក់​មុន​ឬ​យ៉ាងណា​នោះ​ទេ​។ ចាំ​មើល ផល សោ​ភ័​ណ្ឌ ផ្ដួល​អ្នក​ប្រដាល់​ថៃ Tor Khit នេះ បាន​ឬ​អត់ ?

ឈិន ក្វាន់​ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ​Chhai Rak ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ​អ្នក​ប្រដាល់​ថៃ Chhai Rak ដែល​ជា​គូរ​របស់​ក្វាន់​ង៉ុ​យ​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ភ្នំពេញ​នោះ​ទេ​។

Chhai Rak ប៉ះ​ជាមួយ​ក្វាន់​ង៉ុ​យ អាច​ថា​ល្អមើល ដោយសារ​មាន​កម្ពស់​ប្រហាក់​ប្រហែល​គ្នា តែ​យ៉ាងណា​រឿង​លទ្ធផល​ឈ្នះ​ចាញ់ គឺ​មិនអាច​ទាយ​មុន​បានទេ​។ ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៥៦​លើក ក្នុង​នោះ​វាយ​ឈ្នះ​៤៥​លើក ចាញ់​៨​លើក និង​ស្មើ​៣​លើក ខណៈ​ដែល​ក្វាន់​ង៉ុ​យ គេ​ប្រកួត​បាន​៦៨​លើក ឈ្នះ​៥៦​លើក ចាញ់​១១​លើក និង​ចាញ់​១​លើក​។ ឈិន ក្វាន់​ង៉ុ​យ ជា​លើក​ទី​៥​របស់​គេ​ហើយ ដែល​ឡើង​ប្រកួត​ជាមួយ​ថៃ​នេះ ដែល​៤​នាក់​មុន​សុទ្ធតែ​ចាញ់​ក្វាន់​ង៉ុ​យ​ទាំងអស់​។​

ឈិន​ក្វាន់​ង៉ុ​យ បើ​មានការ​តាំងចិត្ត​ប្រកួត​នោះ គេ​ប្រហែលជា​មិន​ចាញ់​ណោះ​ឡើយ ប៉ុន្តែ​ខ្លាច​តែ​ក្វាន់​ង៉ុ​យ​ចិត្ត​តូច​ចាញ់​ច្រាប​អ្នក​ប្រដាល់​ថៃ​នោះ​ទេ ទើប​អាច​ចាញ់ Chhai Rak បើ​គេ​រឹងមាំ​ដូចជា​ប្រកួត​ជាមួយ​ថៃ​៤​នាក់​លើក​មុន​នោះ ក្វាន់​ង៉ុ​យ​មិន​ចាញ់​នោះ​ឡើយ​៕

វិ​សិទ្ធ








Post a Comment

0 Comments

Close Menu