Ad Code

រឿង​ម្ចាស់​ទា​ប្ដឹង​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​សង​ត្រឹម​៥​លាន​រៀល​


បន្ទាយមានជ័យ ៖ ការ​លោភលន់​គ្មាន​ភស្តុតាង​ រឿង​ម្ចាស់​ទា​ប្ដឹង​ប្រជាពលរដ្ឋ​ទា​សំណង​២៣​លាន​រៀល​ ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ទាំងពីរ​ដោះស្រាយ​បញ្ចប់រឿង​ប្រជាពលរដ្ឋ​សង​ត្រឹម​៥​លាន​រៀល​តែ​ប៉ុណ្ណោះ។ ការ​ដោះស្រាយ​សំណង​នេះ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៩​ ខែ​មករា​ ឆ្នាំ​២០១៥​នៅ​សាលាឃុំ​គោ​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។ លោក នង ប៊ុន​ឈី មេឃុំ​គោ​កឋិន​បាន​ប្រាប់​ថា កាល​ពី​ថ្ងៃទី​១៥​ ខែ​មករា​ ឆ្នាំ​២០១៥​ គឺ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដឺ​ឃុំ​គោ​កឋិន​ ស្រុក​ថ្មពួក ​បាន​ចាប់​ទា​ចំនួន​២៥​ក្បាល​ដែល​ចូល​លេង​ទឹក​ក្នុង​អាង​ប្រាសាទ​តាដក់ ​ដែល​ប្រជាពលរដ្ឋ​ភូមិ​ដឺ​ការពារ​រក្សាទុក​ទឹក​ប្រើប្រាស់​ក្នុងភូមិ។ លោក​បាន​បញ្ជាក់​ថា ក្រោយពេល​ចាប់​ទា ​ម្ចាស់​ទា​ឈ្មោះ សេង លាង​គីម ភេទ​ស្រី​ដែល​រស់នៅ​ភូមិ​ថ្មី​ ឃុំ​ភូមិ​ថ្មី​ ស្រុក​ថ្មពួក​បាន​ប្ដឹង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ភូមិ​ដឺ​ឃុំ​គោ​កឋិន ​ស្រុក​ថ្មពួក​ ចោទប្រកាន់​លួច​ចាប់​ទា​បាត់​អស់​ចំនួន​១.១៥០​ក្បាល​ ហើយ​ប្ដឹង​ប្រជាពល​រដ្ឋ​ភូមិ​ដឺ​ទា​សំណង​ចំនួន​២៣​លាន​រៀល។ លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ម្ចាស់​ទា​ប្ដឹង ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ភូមិ​ដឺ​បាន​នាំ​គ្នា​មក​តវ៉ា​ចំនួន​៥០​នាក់ ​កាលពី​ថ្ងៃទី​១៦​ ខែ​មករា​ ឆ្នាំ​២០១៥ ​នៅមុខ​សាលាឃុំ​គោ​កឋិន​ដើម្បី​រក​យុត្តិធម៌។ ក្រោយពេល​ម្ចាស់​ទា​ប្ដឹង​ប្រជាពលរដ្ឋ​ភូមិ​ដឺ​ទារ​សំណង់​ចំនួន​២៣​លាន​រៀល​គឺ​ការ​ដោះស្រាយ​ដែល​ម្ចាស់​ទា​ប្ដឹង​ទាមទារ​ឲ្យ​សង​តាំងពី​ចំនួន​២៣​លាន​រៀល​រហូត​ចុះ​នៅ​ចំនួន​១៥​លាន​រៀល​ ដោយ​ប្ដឹង​គ្មាន​ភស្តុតាង​ច្បាស់លាស់​ ទើប​ការ​ដោះស្រាយ​ម្ចាស់​ទា​ទទួលយក​សំណង​ចំនួន​៥​លាន​រៀល ​ត្រូវ​បញ្ចប់រឿង​កាល​ព្រឹក​ថ្ងៃទី​២៩​ ខែ​មករា​ ឆ្នាំ​២០១៥​ នៅ​សាលា​ឃុំ​គោ​កឋិន​ ស្រុក​ថ្មពួក​ ដោះស្រាយ​ដោយ​អាជ្ញាធរ​ឃុំ​គោ​កឋិន​ និង​ឃុំ​ភូមិ​ថ្មី ​ស្រុក​ថ្មពួក​បញ្ចប់​រឿង​តែម្តង៕

គង្គា​


Post a Comment

0 Comments

Close Menu