Ad Code

រាជរដ្ឋាភិបាល​តែងតាំង​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ថ្មី​


ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​តែងតាំង​លោក​វេជ្ជបណ្ឌិត​ លី ​ពេញ​ស៊ុន​ អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ​សើស្បែក​ និង​កាមរោគ​ ទៅជា​ប្រធាន​ជំនួស​លោក​វេជ្ជ​បណ្ឌិត ​មាន​ ឈី​វុន​ ដែល​ត្រូវ​ចូលនិវត្តន៍។​

ពិធី​ប្រកាស​ផ្ទេរតំណែង​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ​ខែមករា​ នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត ​ម៉ម ​ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ តំណាង​អង្គការ​ដែល​ជា​ដៃគូ ​និង​បុគ្គលិក​មន្ត្រី​រាជការ​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​យ៉ាងច្រើន​កុះករ។​

លោក​វេជ្ជបណ្ឌិត​ មាន​ ឈី​វុន​ ដែល​ត្រូវ​ចូលនិវត្តន៍​បាន​មានប្រសាសន៍ថា​ ដោយមាន​ការ​គាំ​ទ្រ​ពី​រាជរដ្ឋាភិបាល​ក្រសួងសុខាភិបាល​ និង​ដៃគូ​ពាក់ព័ន្ធ​បាន​ធ្វើ​ឲ្យ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ទទួល​បាន​ជោគជ័យ​នៅក្នុង​រយៈពេល​ប្រមាណ​២០​ឆ្នាំ​មកនេះ​ ក្នុង​នោះ​បាន​កាត់បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​អ្នក​ផ្ទុកមេរោគ​អេដស៍​ពី​២​ភាគរយ​ នៅ​ឆ្នាំ​១៩៩៨​មក​ នៅ​០,៦​ភាគរយ​ នៅ​ឆ្នាំ​២០១៤។

ចំណែក​ការ​ឆ្លង​ថ្មី​ក៏​ថយ​ចុះ​ដែរ ​គឺ​ពី​១០០​នាក់​ក្នុង​១​ថ្ងៃ​មក​នៅ​សល់​តែ​២​នាក់​ស្មើនឹង​ជិត​៨០០​នាក់​ ក្នុង​១​ឆ្នាំ។ លោក​បាន​បន្ត​ថា ​គិត​រហូតមកដល់​ត្រីមាស​ទី​៣​ឆ្នាំ​២០១៤​ មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ចំនួន​៥៣.៤៩៩​នាក់ ​បាន​ទទួល​ការ​ព្យាបាល​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ស្មើនឹង​ជាង​៨៥​ភាគរយ ​ក្នុង​នោះ​មាន​កុមារ​៣.៤៧៨​នាក់​ស្មើនឹង​៩០​ភាគរយ​ និង​ផ្តល់​ឱសថ​ដល់​អ្នក​ជំងឺរបេង អេដស៍​បាន​លើស​៩០​ភាគរយ​ផង​ដែរ។​

លោក​វេជ្ជបណ្ឌិត​ មាន ​ឈី​វុន​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រៅ​ពី​នេះ​យើង​បាន​កាត់បន្ថយ​អត្រា​ឆ្លង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​កូន​នៅសល់​ត្រឹម​១០​ភាគរយ​ដែល​ជា​សញ្ញា​មួយ​បង្ហាញថា​កម្ពុជា​នឹង​អាច​សម្រេច​បាន​តាម​គោលដៅ​នៅ​ឆ្នាំ​២០២០​ខាង​មុខ។ ភាព​ជោគជ័យ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់​ថា​ ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ឈានមុខ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ជំងឺអេដស៍។​

លោក​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង ​បាន​សំដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​លោក​វេជ្ជបណ្ឌិត​មាន​ឈី​វិ​ន​ ដែល​ត្រូវ​ចូលនិវត្តន៍​ព្រោះថា​ កន្លងមក​លោក​បាន​ធ្វើ​ការងារ​ជាច្រើន​នៅក្នុង​វិស័យ​សុខា​ភិបាល​នេះ​ដូចជា​ ផ្នែក​អនាម័យ​ ការពារ​រោគរាតត្បាត​ការ​ចាក់​ថ្នាំ ​បង្ការ​ការ​លុប​បំបាត់​ជំងឺ​គ្រុន​ស្វិតដៃជើង ​និង​ការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ​ដែល​ជា​ការងារ​មួយ​ដ៏​លំបាក​តែ​លោក​បាន​អនុវត្ត​ដ៏​ជោគ​ជ័យ។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​«​តែ​ទោះជា​យ៉ាងណាក៏ដោយ​លោក​វេជ្ជបណ្ឌិត​ មាន​ ឈី​វុន​ មាន​តួ​នាទី​មួយទៀត​ គឺជា​ទីប្រឹក្សា​អម​ក្រសួងសុខាភិបាល។ ដូចនេះ​ខ្ញុំ​សូម​ឲ្យ​លោក​ជួយ​លើ​ការងារ​អេដស៍​បន្ត​ទៀត​ដើម្បី​ធ្វើ​យ៉ាង​ណា​ចូលរួម​លុបបំបាត់​យុទ្ធសាស្ត្រ​៣​សូន្យ ​នៅ​ឆ្នាំ​២០២០ ​ដែល​ទី​១-លុបបំបាត់​ការ​ឆ្លង​ថ្មី ​ទី​២​-បំបាត់​ការរើសអើង​ និង​ទី​៣​-លុបបំបាត់​ការ​ស្លាប់​ដោយ​ជំងឺអេដស៍​»។​

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា​ ការតែងតាំង​លោក​វេជ្ជបណ្ឌិត​ លី​ ពេញ​ស៊ុន​ ជា​ប្រធាន​នេះ​ព្រោះ​ថា​ លោក​មិន​មែន​ជា​មនុស្ស​ថ្មី​ទេ​ រាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ច​ជួន​លោក​នេះ​ ដោយសារតែ​លោក​មាន​សមត្ថភាព​ ហើយ​មានបទពិសោធន៍​លើ​ផ្នែក​នេះ​អស់​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ។ លោក​រដ្ឋមន្ត្រី​ថា​អ្វី​ដែល​សំខាន់​ត្រូវ​ចេះ​សាមគ្គី​គ្នា​ជា​គ្រួសារ​តែមួយ​ ទើប​អនុវត្ត​ការងារ​បាន​ជោគជ័យ។​

លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ប្រធាន​មជ្ឈមណ្ឌល​ថ្មី​ធ្វើ​យ៉ាង​ណា​ខិតខំ​បំពេញការងារ​ឲ្យ​បាន​ជោគជ័យ​ដើម្បី​ឲ្យ​សម​នឹង​ការ​មាន​ជំនឿ​ទុកចិត្ត​ពី​សំណាក់​រាជរដ្ឋាភិបាល​ក្រសួងសុខាភិបាល៕​សំអឿន​

​ ​

Post a Comment

0 Comments

Close Menu