Ad Code

ស្ថាប័នរដ្ឋ​លែង​មាន​មន្ត្រី​ខ្មោច​ទៀតហើយ ​មានតែ​មន្ត្រី​ទំនេរ


ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​មានប្រសាសន៍ថា​ បច្ចុប្បន្ន​នេះ​នៅ​តាម​ស្ថាប័នរដ្ឋ​មិន​មាន​មន្ត្រី​ខ្មោច​ទៀត​ទេ ​គឺ​មានតែ​មន្ត្រី​ទំនេរ​គ្មាន​ប្រាក់បៀវត្សរ៍​ប៉ុណ្ណោះ ​ដែល​មាន​ចំនួន​៧.៥៣៧​នាក់ ​ក្នុងចំណោម​មន្ត្រីរាជការ​សរុប​ចំនួន​១៨៩.៨៤៤​នាក់។​

លោក ​ពេជ្រ​ ប៊ុនធិន ​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​កាសែត​កាលពី​រសៀល​ថ្ងៃទី​២៨ ខែ​មករា​ នៅ​ទីស្ដីការ​ក្រសួង។ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ត​ថា ​កាលពី​ឆ្នាំ​១៩៩៥​ នៅ​តាម​ស្ថាប័នរដ្ឋ​យើង​មាន​មន្ត្រី​ខ្មោច​ជាច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​ ហើយ​មាន​មន្ត្រី​ខ្លះ​មានឈ្មោះ​ពីរ​កន្លែង​ទៀត​ផង ​ប៉ុន្តែ​ចាប់តាំងពី​រាជរដ្ឋាភិបាល​ធ្វើការ​កំណែ​ទម្រង់​រួចមក​មន្ត្រី​ខ្មោច​ដែល​ធ្លាប់​ឃើញ​ពីមុន​នោះ ​ត្រូវ​បាន​លុបបំបាត់។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ ទោះបីជា​មន្ត្រី​ខ្មោច​លុបបំបាត់ ​តែ​នៅ​មាន​មន្ត្រី​ទំនេរ​គ្មាន​ប្រាក់បៀវត្សរ៍​ ដែល​បច្ចុប្បន្ន​នេះ​មាន​ចំនួន​៧.៥៣៧​នាក់​ ក្នុងចំណោម​មន្ត្រីរាជការ​សរុប​ចំនួន​១៨៩.៨៤៤​នាក់។ ចំនួន​មន្ត្រីរាជការ​សរុប​១៨៩.៨៤៤​នាក់​នេះ​ មន្ត្រី​នៅ​ថ្នាក់​ជាតិ​មាន​ចំនួន​៣៤.៦៣៥​នាក់ ​និង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​មាន​ចំនួន​១៥៥.២០៩​នាក់។​ក្នុងចំណោម​នោះ​មាន​មន្ត្រីរាជការ​ដែល​បាន​ដាក់​ចូលនិវត្តន៍​មាន​ចំនួន​ជាង​៣.០០០​នាក់​ផង​ដែរ។​

លោក​បាន​ពន្យល់​ថា ​មន្ត្រី​ទំនេរ​គ្មាន​ប្រាក់បៀវត្សរ៍​នេះ​មាន​ពីរ​ប្រភេទ​គឺ​ទី​១​-ជា​មន្ត្រី​ដែល​មាន​ជាប់រវល់​នៅក្នុង​ក្រុម​គ្រួសារ​ឬ​លក្ខណៈ​ផ្ទាល់ខ្លួន។ គេ​អាច​ស្នើសុំ​ព្យួរការងារ​ក្នុង​រយៈពេល​៤​ឆ្នាំ​ប៉ុណ្ណោះ ​បើ​លើស​ពី​៤​ឆ្នាំ​ ត្រូវ​លាឈប់​តែម្តង។ ក្នុង​ករណី​នេះ ​បើ​មន្ត្រី​នោះ​ធ្វើ​ការងារ​ជូន​រដ្ឋ​បាន​ចំនួន​៣០​ឆ្នាំ​ និង​ទទួល​បាន​ប្រាក់ខែ​ចូលនិវត្តន៍។ តែបើ​មិនបាន​៣០​ឆ្នាំ​ទេ ​ទទួល​បើកប្រាក់​ហើយ​ចប់​តែម្តង។ ការ​សុំ​ព្យួរការងារ​នេះ​ធ្វើឡើង​ក្នុង​ពេល​១​ឆ្នាំ​ម្តង។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ទី​២​-មន្ត្រី​ទំនេរ​គ្មាន​ប្រាក់បៀវត្សរ៍​ដែរ​ តែ​មិន​គោរព​វិន័យ​ស្ថាប័ន​ដូចជា ​ឧស្សាហ៍​ឈប់​ច្រើន​មិនសូវ​មក​បំពេញ​ការងារ​ជូន​រដ្ឋ។ មន្ត្រី​នេះ​មិន​ត្រូវ​បាន​ឡើង​ឋានន្តរសក្ដិ​ទេ​ ពោល​គឺ​បាត់បង់​អតីតភាព​តែម្តង។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ចាប់ពី​ឆ្នាំ​២០១៥​នេះ​តទៅ ​រាជរដ្ឋាភិបាល​បាន​ពង្រឹង​ការងារ​រដ្ឋ​បាល​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​ ពិសេស​វត្តមាន​របស់​មន្ត្រី​រាជការ​ព្រោះថា ​បច្ចុប្បន្ន​នេះ​មន្ត្រី​រាជការ​បាន​បើក​ប្រាក់បៀវត្សរ៍​តាម​ប្រព័ន្ធ​ធនាគារ​១០០​ភាគរយ​ហើយ។ ដូចនេះ​ចាំបាច់​ត្រូវតែ​ពង្រឹង​ហើយ​ក្នុងករណី​រក​ឃើញ​នូវ​ភាព​អសកម្ម​មន្ត្រីរាជការ​ណា​ម្នាក់ ​ថ្នាក់ដឹកនាំ​ក្រសួង ​និង​ស្ថាប័ន​នោះ​ត្រូវ​ទទួលខុសត្រូវ។​

នៅក្នុង​ឱកាស​នោះ​ដែរ​ លោក ​ពេជ្រ​ ប៊ុនធិន​ បាន​លើក​ឡើង​ពី​សមិទ្ធផល​ដែល​ក្រសួង​បាន​ធ្វើ​កន្លងមក ក្នុង​ឆ្នាំ​២០១៤ ដូចជា ទី​១​-បាន​ធ្វើ​និយតកម្ម​ថ្នាក់​ និង​ឋានន្តរស័ក្តិ​ជូន​មន្ត្រីរាជការ​ទាំង​អស់ ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ ២-​បាន​កែសម្រួល​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ដែល​មាន​៤ ប្រភេទ​ក្របខ័ណ្ឌ មក​ប្រភេទ​ក្របខ័ណ្ឌ​ថ្មី​ដែល​មាន​ត្រឹម​៣​ប្រភេទ​ គឺ​ក្របខ័ណ្ឌ(--)ដោយ​លុប​ចោល​ប្រភេទ​ក្របខ័ណ្ឌ​ឃ​(​មន្ត្រីរាជការ​ស៊ីវិល​បាន​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​ក្របខណ្ឌ​ថ្មី​រួចហើយ ក្នុង​ខែមករា ​ឆ្នាំ​២០១៥​នេះ​) -​បាន​បន្ថែម​បៀវត្ស​មូលដ្ឋាន​ជូន​មន្ត្រីរាជការ​ស៊ីវិល និង​ដំឡើង​ប្រាក់​បំណាច់​មុខងារ​អប់រំ និង​សុខាភិបាល​(​ប្រាក់បៀវត្ស​ទាប​បំផុត​ក្នុង​រដ្ឋបាល​ទូទៅ​៤២៤.០០០​រៀល អប់រំ​និង​សុខាភិបាល​៥៥០.០០០​រៀល​) (​រាជរដ្ឋាភិបាល​បាន​កំណត់​ទិសដៅ​ត្រូវ​ដំឡើង​ប្រាក់ខែ​ឲ្យ​បាន​ទាប​បំផុត​១​លាន​រៀល​ក្នុង​១​ខែ​ក្នុង​ឆ្នាំ​២០១៨) -​បាន​កែលំអ​ការ​បើក​ផ្តល់​បៀវត្ស​ជូន​មន្ត្រី​រាជការ​ស៊ីវិល នគរបាល​ជាតិ និង​យោធិន​ឱ្យ​ទទួល​បាន​បៀវត្ស​គ្រប់​ចំនួន និង​បាន​ទាន់​ពេល​វេលា​ក្នុង​សប្ដាហ៍ ​ទី​៤-នៃ​ខែ​នីមួយៗ​ដោយ​បាន​បើក​ផ្តល់​បៀវត្ស​តាម​ប្រព័ន្ធ​ធនាគារ​ជូន​មន្ត្រីរាជការ​ស៊ីវិល​សម្រេច​បាន​១០០%។ ៥-​បាន​ដាក់​ដំណើរការ​ប្រព័ន្ធ​កាត់​ពន្ធ​បៀវត្សរ៍​ប្រចាំខែ​របស់​មន្ត្រីរាជការ​ជា​ស្វ័យប្រវត្តិ​តាមរយៈ​ប្រព័ន្ធ​ទិន្នន័យ​បៀវត្សរ៍​របស់​ក្រសួង​មុខងារសាធារណៈ។ ៦-​បាន​រៀបចំ​ឡើង​វិញ​នូវ​ការគ្រប់គ្រង​ និង​ការ​បើក​ផ្ដល់​ប្រាក់​បំណាច់​ជូន​ទីប្រឹក្សា ជំនួយការ លេខាធិការ និង​មន្ត្រី​ដែល​មាន​ឋានៈ​ស្មើ​ប្រកបដោយ​ប្រសិទ្ធភាព។ ៧-​ធ្វើ​វិភាគ​មុខងារ រចនាសម្ព័ន្ធ​ដឹកនាំ គ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងសុខាភិបាល ជាពិសេស​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​មន្ត្រី​ជាប់​កិច្ចសន្យា បុគ្គលិក​បណ្ដែត និង​ការប្រើប្រាស់​ថ្នាក់​ពីរ​វេន និង​ថ្នាក់​គួប ការចាត់ចែង​សេវា​បង្រៀន​ក្នុង​គ្រឹះស្ថាន​បឋមសិក្សា​សាធារណៈ ​៨-​បាន​រៀបចំ​គម្រោង​សំខាន់​មួយចំនួន ក្នុង​នោះ​មាន គម្រោង​ស្ដីពី​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន និង​ការ​បំពេញ​ការងារ​របស់​មន្ត្រីរាជការ​ស៊ីវិល​ដើម្បី​ពង្រឹង​វិន័យ​ការងារ និង​ប្រសិទ្ធភាព​ចំណាយ។ ៩-​បាន​រៀបចំ​គោលនយោបាយ​ស្ដីពី​ការគ្រប់គ្រង និង​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ និង​ការ​ធ្វើ​ប្រតិភូកម្ម​អំណាច​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការ​តែងតាំង ការ​ផ្លាស់ប្ដូរ និង​ការ​បញ្ចប់​ភារកិច្ច​មន្ត្រីរាជការ​ដែល​បំពេញការងារ​នៅ​ថ្នាក់ក្រោម​ជាតិ​ ១០-​បាន​បណ្តុះបណ្តាល​ដល់​មន្ត្រី​រាជការ​ជាន់ខ្ពស់ មន្ត្រី​គ្រប់គ្រង​កម្រិត​មធ្យម​ទាំង​ថ្នាក់​ជាតិ ទាំង​ថ្នាក់​ក្រោម​ជាតិ​សរុប​ចំនួន​១.០៥៩​នាក់ រួម​ទាំង​ការបង្កើត​បន្ថែម​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល​ខ្លី​ដល់​មន្ត្រីរាជការ​ ទាំង​ថ្នាក់​ជាតិ ទាំង​ថ្នាក់ក្រោម​ជាតិ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ ១១-​បាន​ដាក់​ដំណើរការ​ប្រព័ន្ធ​កាត់​ពន្ធ​បៀវត្សរ៍​ប្រចាំខែ​របស់​មន្ត្រីរាជការ​ជា​ស្វ័យប្រវត្តិ​តាមរយៈ​ប្រព័ន្ធ​ទិន្នន័យ​បៀវត្សរ៍​របស់​ក្រសួង​មុខងារសាធារណៈ​ ១២-​បាន​រៀប​ចំ "​ប្រព័ន្ធ​បញ្ជូន ទទួល​ព័ត៌មាន​ និង​ឯកសារ​បៀវត្ស​តាម​អេ​ឡិច​ត្រូនិក (Drag and Drop System)" ដែល​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្រោយ​ពេល​សមាហរណកម្ម​រួច​១៣-​បាន​កំណត់​សេវា​សាធារណៈ​សំខាន់ៗ​មួយចំនួន​ដែល​ប៉ះពាល់​ផ្ទាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជា​អាទិភាព​របស់​ក្រសួង​ស្ថាប័ន​ដែល​ត្រូវ​កែលំអ​គុណភាព និង​ពង្រឹង​ប្រសិទ្ធភាព រួម​ទាំង​យន្តការ​ព័ត៌មាន​ត្រឡប់​ពី​ប្រជាពលរដ្ឋ៕

សំអឿន​



Post a Comment

0 Comments

Close Menu