Ad Code

ជនជាតិ​ព្រៅ​និយាយ​ពី​ប្រវត្តិ ​និង​បាន​ឲ្យ​ថែរក្សា​សម្បត្តិ វប្បធម៌​ប្រពៃណី​ជន​ជាតិ​ដើម​ភាគតិច​


ស្ទឹងត្រែង ៖ នៅក្នុង​ពិធីសែនព្រេន​ដើម្បី​សុំ​សេចក្តី​សុខ មេកន្ទ្រាញ​ជនជាតិ​ព្រៅ​បាន​រៀបរាប់​ពី​ប្រវត្តិ​ភូមិ​កាតូត ដែល​ជនជាតិ​ដើម​ភាគតិច​ព្រៅ​រស់នៅ​សព្វថ្ងៃ និង​បាន​ឲ្យ​ជនជាតិ​ពួកគេ​ជួយ​ថែរក្សា​សម្បត្តិ វប្បធម៌​ប្រពៃណី​ដើម្បី​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បានដឹង​ស្គាល់​ផង។​

លោកតា ណុង ណុន​មេកន្ទ្រាញ​ជនជាតិ​ព្រៅ អាយុ​៨៦​ឆ្នាំ​ បាន​រៀបរាប់​ពី​ប្រវត្តិ​ភូមិ​កាតូត​ដែល​ជនជាតិ​ព្រៅ​រស់នៅ​មកដល់​សព្វ​ថ្ងៃ​នេះ​ថា ដើមឡើយ​ភូមិ​កាតូត​មិន​មែន​ជា​ភូមិ​ទេ គឺជា​ឈ្មោះ​ឪពុក​របស់​គាត់ ក្រោយពី​គាត់​មាន​ជម្ងឺ​ឈឺ​ស្លាប់​នៅ​ទីនោះ ហើយ​រូបលោក​ក៏បាន​យកឈ្មោះ​របស់​ឪពុក​បង្កើត​បានជា​ភូមិ​ជនជាតិ​ព្រៅ​រស់នៅ​រហូតមកដល់​សព្វ​ថ្ងៃ​នេះ។​

លោក​មេកន្ទ្រាញ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ឪពុក​របស់​គាត់​ឈ្មោះ​កាតូត​ជា​មេកន្ទ្រាញ​របស់​ជនជាតិ​ដើម​ភាគតិច​ព្រៅ ហើយ​នៅក្នុង​ទសវត្ស​៦០​ការរស់នៅ​របស់​ជន​ជាតិ​មិន​មាន​ភូមិ​ច្បាស់​លាស់​ទេ ការរស់នៅ​របៀប​ពនេចរ ក៏ដូចជា​ការ​ប្រកប​កសិកម្ម បាន​ធ្វើការ​ផ្លាស់ប្ដូរ​ស្ទើរ​រៀងរាល់​ឆ្នាំ មួយឆ្នាំ​ទៅ​ធ្វើ​នៅ​បុស​នេះ មួយឆ្នាំ​ធ្វើ​នៅ​បុស​នោះ ការ​ផ្លាស់ប្ដូរ​ទីកន្លែង​ដាំ​ដំណាំ និង​ការ​ធ្វើ​ពនេចរ​គឺជា​ទម្លាប់​របស់​ជនជាតិ​ពួកគេ។

លោកតា​បាន​បន្ត​ថា​ ឪពុក​គាត់​ជា​មេកន្ទ្រាញ​ជនជាតិ​ព្រៅ​បាន​ដឹកនាំ​ជនជាតិ​របស់​ពួកគាត់​ក្នុង​ការ​ធ្វើ​ពនេចរ ផ្លាស់ប្ដូរ​ក្នុង​ការ​រស់នៅ ក៏ដូចជា​ដាំ​ដំណាំ​កសិកម្ម គឺ​យ៉ាង​យូរ​ពីរ​ឆ្នាំ​ឬក៏​មួយឆ្នាំ​បាន​ប្ដូរ​ទៅ​កន្លែង​ថ្មី​ទៀត តែ​ក្រោយពី​ឪពុក​របស់​គាត់​ផ្លាស់​មកដល់​ព្រៃ​មួយ​កន្លែង ក៏​មាន​ជំងឺ ទោះជា​មាន​ការ​បន់ស្រន់​សែន​ដល់​អ្នកតា ក៏​មិន​មាន​ការ​ធូរ​ស្រាល​ដែរ ធ្វើ​ឲ្យ​កាន់តែ​ធ្ងន់​ទៅៗ រហូត​ស្លាប់​នៅក្នុង​ព្រៃ​នោះ​ និង​បាន​ធ្វើ​បុណ្យ​ទៅតាម​របៀប​ប្រពៃណី​ជនជាតិ​ព្រៅ។ ក្រោយមក​លោក​ក៏បាន​រៀបចំ​ជា​ភូមិ​នៅ​ទីនោះ​និង​បាន​យកឈ្មោះ​ឪពុក​របស់​គាត់ ឈ្មោះ​កាតូត ដាក់​ឈ្មោះ​ថា​ជា​ភូមិ​កាតូត ជាប់​រហូត​មកដល់​សព្វ​ថ្ងៃនេះ។​

មេកន្ទ្រាញ​បាន​បន្ត​ទៀត​ថា ​ក្រោយពី​មានការ​រៀបចំ​ភូមិ​ហើយ ជនជាតិ​ព្រៅ​ទាំងអស់​បាន​នាំ​គ្នា​គោរព​ទៅតាម​ប្រពៃណី​របស់​គេ​ឲ្យ​តែ​ដល់​រដូវ​ជនជាតិ​របស់​គេ គេ​បាន​រៀប​ចំ​ពិធីសែនព្រេន​ក្នុង​ភូមិ​ដើម្បី​សុំ​សេចក្តី​សុខ​ជា​រៀងរាល់​ឆ្នាំ។ លោក​បន្ត​ថា ដោយសារ​មកដល់​សម័យ​ទំនើប ប្រទេស​ជាតិ​មានការ​អភិវឌ្ឍន៍ សូម្បីតែ​ផ្ទះ​និង​របៀប​រស់នៅ​របស់​ជន​ជាតិ​ព្រៅ ក៏​មាន​ការប្រែប្រួល​ដែរ។​

ទើប​នៅក្នុង​ពិធីសែនព្រេន​កន្លងមក​ថ្មីៗ​នេះ លោកតា​ណុង ណុន​ដែល​មាន​វ័យ​រហូត​៨៦​ឆ្នាំ ត​ពី​ពុក​របស់​គាត់​បាន​រំលឹក​ពី​សម្បត្តិ វប្បធម៌ ប្រពៃណី​ជនជាតិ​ព្រៅ​ឲ្យ​បងប្អូន​ជនជាតិ​ព្រៅ​ជួយ​ថែរក្សា ប្រពៃណី សម្បត្តិ វប្បធម៌​ដែល​បាន​បន្សល់​ពី​ដូនតា​របស់​ពួកគេ ដែល​មាន​ដូចជា ស្រា​ពាង ឆ្នាំង ឃ្លោក គ្រឿង​ភ្លើង គង​វាយ កំ​ផា ដើម្បី​ទុក​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បានដឹង​ស្គាល់​ផង៕

ងិន លីម​

Post a Comment

0 Comments

Close Menu