Ad Code

ឆ្នាំ​២០១៤​ ផល​នេសាទ​សមុទ្រ​មាន​ចំនួន​៤៩.៣០០​តោន ​និង​ត្រី​ទឹកសាប​ចំនួន​១.៧៥០​តោន​


ព្រះសីហនុ ៖ លោក នេន ចំរើន ប្រធាន​រដ្ឋបាល​ជលផល​កំពង់សោម​បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៤ ផល​នេសាទ​សមុទ្រ​ទទួល​បាន​៤៩.៣០០​តោន និង​ផល​នេសាទ​ត្រី​ទឹកសាប​ចំនួន​១.៧៥០​តោន ហើយ​បរិមាណ​នេះ​មានការ​ថយ​ចុះ​ជាង​ឆ្នាំ​២០១៣​ចំនួន​១០០​តោន​។ ទិន្នផល​ត្រី​ថយ​ចុះ ដោយសារ​កត្តា​ពីរ ទី​១-ដោយសារ​កត្តា​អាកាសធាតុ​មាន​ភ្លៀង ព្យុះ​ច្រើន ទី​២-ដោយសារ​បច្ចុប្បន្ន​ទូក​នេសាទ​ខ្វះ​កម្លាំង​ពលកម្ម (​កម្មករ​ទូក​) ចេញទៅ​ធ្វើ​នេសាទ​។

លោក​ប្រធាន​រដ្ឋបាល​ជលផល​បាន​ឱ្យ​ដឹង​បន្ត​ថា ទន្ទឹម​នឹង​ផល​នេសាទ​សមុទ្រ និង​ផល​នេសាទ​ទឹកសាប​ ក៏​នៅ​មាន​ផល​នេសាទ​កែច្នៃ​សមុទ្រ​បាន​ចំនួន​៣.២០០​តោន ហើយ​ធ្វើការ​នាំចេញ បាន​ចំនួន​៣.៦៧០​តោន ផល​ត្រី​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​បាន​ចំនួន​៨៣៣​តោន និង​ផលិតផល​ទឹក​ត្រី​បាន​១.១២០.០០០​លីត្រ​។ ក្រៅពី​ការ​នេសាទ​រដ្ឋបាល​ជល​ផល​កំពង់សោម​ក៏បាន​ដាក់​ក្តាម​មេ​ពង​ក្នុង​បែ​បាន​ចំនួន​២.៨៩៨​គីឡូក្រាម ស្មើនឹង​១៥.៦៩០​ក្បាល ព្រមទាំង​លែង​កូន​ត្រី​ចំនួន​៣០.០០០​ក្បាល និង​លែង​ត្រី​មេ​ពូជ​ចំនួន​៣០​គីឡូក្រាម​ចូលក្នុង​បឹង​ធម្មជាតិ​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​ទៀត​ផង​។ មន្ត្រី​ជលផល​ក៏បាន​ធ្វើការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ហាមឃាត់​បាន​ចំនួន​៣៩​ករណី។​

លោក​បាន​បញ្ជាក់​ថា ផល​ត្រី​សម្បូរ​ទៅ​បាន​វា​អាស្រ័យ​ដោយមាន​ការ​ចូល​រួម​ការពារ​អភិរក្ស​របស់​ប្រជា​នេសាទ​សហគមន៍ ជាពិសេស​ការ​ការពារ​ព្រៃកោងកាង​ដែល​ជា​ជម្រក​មច្ឆជាតិ​ពង​កូន ព្រោះ​ព្រៃកោងកាង​ជា​ប្រភព​ដ៏​សំខាន់​ណាស់​ក្នុង​ការ​ផ្តល់​នូវ​ទិន្នផល​ត្រី​សមុទ្រ​ឱ្យ​សម្បូរ​ឡើង។ ប្រសិនបើ​យើង​នាំគ្នា​កាប់​បំផ្លាញ​ព្រៃកោងកាង​យក​ដី​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នោះ​មច្ឆា​ជាតិ​ក្នុង​សមុទ្រ និង​ទឹកសាប​ត្រូវ​បាត់បង់​ជាក់​ជាមិនខាន​។ ដូច្នេះ​រដ្ឋបាល​ជលផល​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​ប្រចាំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​ចូលរួម​ថែរក្សា​ការពារ​ព្រៃ​កោងកាង និង​ចូលរួម​ដាំ​កូន​កោង​កាង​ឡើងវិញ ដែល​ជា​ជម្រក​ត្រី​ពង​កូន ហើយ​ក៏បាន​សហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ធ្វើ​ការ​ដាំដុះ​កូន​កោង​កាង​បាន​ចំនួន​១១.៥០០​ដើម នៅក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ព្រមទាំង​បាន​បណ្ដុះ​កូន​កោង​កាង​បាន​ចំនួន​១៩.៤០០​ដើម​បន្ថែម​ទៀត​សម្រាប់​ដាំ​បន្ត​នៅពេល​ខាងមុខ ព្រមទាំង​បំផុស​ឲ្យ​យុវវ័យ​ដែល​រៀប​អាពាហ៍ពិពាហ៍​ចូលរួម​ដាំ​កូន​កោង​កាង​បាន​ចំនួន​១០​គូរ ស្មើ​នឹង​ចំនួន​២០​ដើម ក្នុង​សួន​អាពាហ៍ពិពាហ៍​ដែល​មាន​ទីតាំង​នៅក្នុង​ឃុំ​ព្រៃនប់​ពីរ​ផង​ដែរ ហើយ​សកម្មភាព​នេះ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ផង​ដែរ​។ ក្រៅពី​ផលប្រយោជន៍​នៃ​ព្រៃកោងកាង រដ្ឋបាល​ជលផល​បាន​រៀបចំ​ធ្វើ​និង​ទម្លាក់​ប្រអប់​ថ្ម​សិប្បនិមិត្ត​ចំនួន​១០​ប្រអប់​បន្ថែម​ទៀត ដើម្បី​យក​ទៅ​ទម្លាក់​នៅក្នុង​តំបន់​អភិរក្ស​ក្នុង​សហគមន៍​នេសាទ​។​

លោក​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រសួងកសិកម្ម​បាន​ចេញ​លិខិត​ឱ្យ​រដ្ឋបាល​ជលផល​កំពង់​សោម​ប្រមូល​ថ្លៃឈ្នួល​ពី​ដែន​នេសាទ​នៅ​ចុងខែ​សីហា ហើយ​រដ្ឋបាល​ជលផល​បាន​ធ្វើការ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​នេសាទ​ក្នុង​ខេត្ត​ព្រះសីហនុ ចូលរួម​បង់ថ្លៃ​ឈ្នួល​ដែន​នេសាទ​ឱ្យ​បាន​គ្រប់ៗ​គ្នា រហូត​មក​ដល់​ពេលនេះ ប្រជា​នេសាទ​បាន​ចូល​មក​បង់ថ្លៃ​ឈ្នួល​ដែន​នេសាទ​បាន​ចំនួន​៨០.០៨២.៥០០​រៀល និង​ប្រាក់​ពិន័យ​បាន​ចំនួន​១០.៣៥០.០០០​រៀល​។

នៅ​ខេត្ត​ព្រះសីហនុ​មាន​ទូក​នេសាទ​ចំនួន​១.៥៤០​គ្រឿង ក្នុង​នោះ​ទូក​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ក្រោម​៣៣ សេះ​ចំនួន​១.២៥១​គ្រឿង និង ទូក​ដែល​មាន​កម្លាំង​ម៉ាស៊ីន​លើស​ពី​៣៣​សេះ​មាន​ចំនួន​២៨៩​គ្រឿង ជា​មធ្យម​ទូក​ចេញទៅ​នេសាទ​ពី​៦០ ទៅ​៨០% ក្នុង​មួយថ្ងៃ​៕

ស៊ុយ ចាន់​ធា​


Post a Comment

0 Comments

Close Menu