Ad Code

ស្ត្រី​ដែល​យកឈ្មោះ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ដើម្បី​ផ្លាស់ប្ដូរ​អភិបាលក្រុង​ប៉ោយប៉ែត​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​


បន្ទាយមានជ័យ ៖ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​នឹង​បញ្ជូន​ស្ត្រី​ឈ្មោះ ចែ បារាំង ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៥ ដើម្បី​ឲ្យ​តុលាការ​អនុវត្ត​ទៅតាម​ច្បាប់​បន្ទាប់ពី​មានការ​ឃាត់ខ្លួន កន្លងមក ​ក្នុង​រឿង​យកឈ្មោះ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល​ឆបោក​អ្នក​ដទៃ​រត់ការ​ទម្លាក់​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​ដាក់​អ្នកថ្មី។​

ស្ត្រី​ឈ្មោះ ចែ បារាំង ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៥ ដោយ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ហើយ​បញ្ជូន​មក​អាវុធហត្ថ​ខេត្ត បន្ទាប់ពី​មាន​សាក្សី​ពីរ​៣​នាក់​រាយការណ៍​ថា ចែ បារាំង បាន​ឲ្យ​គេ​ហៅ​ខ្លួន​ជា​ជំទាវ​តូច និង​យកឈ្មោះ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​រត់ការ​ទម្លាក់​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត ដោយ​ដាក់​ជំនួស​ឈ្មោះ ឱក សុផាន ដែល​អតីត​ជា​សមាគមន៍​អភិវឌ្ឍន៍​កសិកម្ម​ជាតិ​នា​ពេល​ឆាប់ៗ​។ មិន​តែប៉ុណ្ណោះ ជន​នេះ​ក៏​ត្រូវ​បាន​គេ​ឮ​ថា រៀបចំ​ពិធីជប់លៀង​ដ៏​ធំ​នៅ​ភោជនីយដ្ឋាន(នាគ​ទិព្វ​១) ។ ជា​មួយ​នឹង​ការ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ​ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​លោក ឱក សុផាន មក​សាកសួរ​ផង​ដែរ​។​

លោក ឱ បូ​រិន្ទ មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ឲ្យ​ដឹង​នា​ថ្ងៃទី​២៨​នេះ​ថា ឆ្លងតាម​ការ​ឃាត់ខ្លួន និង​សាកសួរ​រួចមក ​លោក​នឹង​ចាត់​ឲ្យ​ការិយាល័យ​ជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​ស្ត្រី​រូប​នេះ​ទៅ​តុលាការ​នា​រសៀល​ថ្ងៃទី​២៨ មករា ២០១៥ ដើម្បីអោយ​តុលាការ​វិនិច្ឆ័យ​ទោស​ទៅតាម​ច្បាប់ ចំណែក​ឈ្មោះ ឱក សុផាន ដែល​ត្រឹមតែ​ជា​សាក្សី​មិនបាន​បញ្ជូន​ទៅ​ទេ​៕

អ​,​ពៅ



Post a Comment

0 Comments

Close Menu