Ad Code

អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ពង្រីក​បន្ថែម​នូវ​យុវជន​កាកបាទក្រហម និង​យុវជន​កាយរឹទ្ធិ​ជាតិ​កម្ពុជា​១​ម៉ឺន​នាក់​ក្នុង​សកម្មភាព​សង្គម​


ភ្នំពេញ ៖ ដើម្បី​បន្ត​និរន្តរភាព​ការងារ និង​បណ្តុះបណ្តាល​យុវជន​កាកបាទក្រហម យុវជន​កាយរឹទ្ធិ នៅ​តាម​វិទ្យាល័យ អនុវិទ្យាល័យ​ចូលរួម​ធ្វើអំពើ​ល្អ​ក្នុង​សង្គម រួម​ចំណែក​កាត់បន្ថយ​បាតុភាព​អវិជ្ជមាន​ក្នុង​សង្គម ពិសេស​ដើម្បី​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដល់​សាធារណៈ​ជន រួម​ចំណែក​កាត់បន្ថយ​ការប្រព្រឹត្តិ​បទល្មើស ការ​កកស្ទះ អត្រា​ស្លាប់​របួស​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា​នឹង​ពង្រីក​បន្ថែម​នូវ​យុវជន​កាកបាទក្រហម​ចំនួន​៦​ពាន់​នាក់ យុវជន​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ថ្នាក់​រាជធានី​ចំនួន​៤​ពាន់​នាក់​បន្ថែម​។​

ការប្រកាស​បែបនេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​នា​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ នៅ​សាលា​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតីភាព​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​សំណើ​សុំ​ពង្រីក​បន្ថែម​ពី​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​។​

នៅក្នុង​កិច្ចប្រជុំ​នោះ​លោកប៉ា សុជាតិ​វង្ស មានប្រសាសន៍ថា​ការចូលរួម​របស់​យុវជន​ក្នុង​ការងារ​សង្គម​គឺ​ពិតជា​មាន​សារៈសំខាន់​បំផុត ពីព្រោះ​កិច្ចការ​ទាំងអស់​មាន​ផលប្រយោជន៍ ទាំង​ខ្លួន​ពួកគេ​ផ្ទាល់ និង​សង្គមជាតិ​ទាំងមូល​។ ជាង​នេះ​ទៅ​ទៀត​ធ្វើ​ឲ្យ​យុវជន​បាន​សិក្សា​រៀនសូត្រ​ពី​បញ្ហា​សង្គម​តាំងពី​ពួកគេ​នៅ​សិក្សា​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ ក៏ដូចជា​ដើម្បី​ឲ្យ​ពួកគេ​ជៀស​ឆ្ងាយ​ពី​អំពើ​ខុសច្បាប់​ផ្សេងៗ​ផង​ដែរ។ ជាមួយនឹង​ការ​លើក​ឡើង​បែបនេះ​លោក​អភិបាល​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ត្រូវ​ចុះ​រៀបចំ​យុវជន​កាកបាទក្រហម និង​យុវជន​កាយរឹទ្ធិ​តាម​ខណ្ឌ​រៀងៗ​ខ្លួន ហើយ​បើ​មានឱកាស​យុវជន​ដែល​បាន​ជ្រើសរើស​នឹង​ត្រូវ​ចូលរួម​ប្រជុំ​ទទួលយក​ចំណេះដឹង​ពី​តួនាទី ភារកិច្ច​របស់​ខ្លួន​បន្ថែម​ទៀត​។​

លោក ជា ជាតិ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ យុវជន​កាក​បាទក្រហម​ក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន​២.២២៣​នាក់ ខណៈ​ដែល​ការពង្រីក​បន្ថែមចំនួន​៦​ពាន់​នាក់​ក្នុង​ឆ្នាំ​២០១៥​។ ចំណែក​យុវជន​កាយរឹទ្ធិ​ក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន​៤.៦៩៩​នាក់ ហើយ​ឆ្នាំ​២០១៥ ​មាន​គម្រោង​ពង្រីក​បន្ថែមចំនួន​៤​ពាន់​នាក់​ថែមទៀត​៕​

ស្រីរ័ត្ន​


Post a Comment

0 Comments

Close Menu