ភ្នំពេញ ៖ សៀវភៅទាក់ទងនឹងវប្បធម៌ប្រទេសនៅក្នុងអនុតំបន់ទន្លេមេគង្គជាភាសាថៃ និងអង់គ្លេសចំនួន៦៧ក្បាល ត្រូវបានលោកលេខាទី១-នៃស្ថានទូតថៃប្រចាំកម្ពុជា រួមនឹងសហការីយកមកប្រគល់ជូនដល់រាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ក្រោមការទទួលពីលោកស្រីបណ្ឌិតសភាចារ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
លោកលេខាទី១-នៃស្ថានទូតថៃប្រចាំកម្ពុជាបានគូសបញ្ជាក់ថា សៀវភៅទាក់ទងនឹងវប្បធម៌ប្រទេសនៅក្នុងអនុតំបន់ទន្លេមេគង្គចងក្រងនិងផលិតឡើងដោយក្រសួងការបរទេសប្រទេសថៃ រីឯការប្រគល់ជូនសៀវភៅនាពេលនេះដល់ស្ថាប័នរាជបណ្ឌិតសភាកម្ពុជាដោយសារតែយើងមានទំនាក់ទំនងល្អជាមួយរាជបណ្ឌិត្យសភាកម្ពុជាជាយូរមកហើយ។ ទន្ទឹមនឹងគ្នានេះដែរ លោកបានបន្តឲ្យដឹងថា ឆ្នាំនេះគឺជាខួបលើកទី១៥ឆ្នាំនៃទំនាក់ទំនងការទូតដែលស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃឡង់ដ៍មានវត្តមាននៅក្នុងប្រទេសកម្ពុជា។
លោកស្រីបណ្ឌិតសភាចារ ខ្លួត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងអំណរគុណដល់ទឹកចិត្តដ៏ល្អប្រពៃរបស់ភាគីជាមិត្តប្រទេសថៃ។ ក្នុងនាមជាអ្នកស្រាវជ្រាវពុទ្ធសាសនាលោកស្រីបណ្ឌិតសភាចារក៏បានមើលឃើញផងដែរថា ប្រទេសថៃក៏ជាអ្នកពូកែខាងស្រាវជ្រាវជាច្រើនទាក់ទងទៅនឹងពុទ្ធសាសនាដូចជាសៀវភៅព្រះសូត្រ៦៤ក្បាលបានបោះពុម្ពប្រែក្លាយតែមួយក្បាល។ លោកស្រីបណ្ឌិតសភាចារបានជំរាបជូនលោកលេខាទូតថៃបន្ថែមថា បច្ចុប្បន្នរាជបណ្ឌិត្យសភាកម្ពុជាកំពុងតែធ្វើព្រះត្រៃបិតក ដើម្បីធ្វើឲ្យងាយស្រួលក្នុងការអានសម្រាប់យុវវ័យជំនាន់ក្រោយសិក្សារៀនសូត្រ និងស្រាវជ្រាវ។ នៅក្នុងការធ្វើព្រះត្រៃបិតកនេះដែរ គឺទទួលបានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា ហើយរហូតមកដល់ពេលនេះយើងធ្វើបានចំនួន៣៨ក្បាល និងនៅសល់ចំនួន៧៣ក្បាលទៀតនឹងខិតខំប្រឹងប្រែងបញ្ចប់ឲ្យបានរួចរាល់ជាស្ថាពរនាពេលខាងមុខនេះ។ ដោយឡែកទាក់ទងនឹងសៀវភៅទាក់ទង វប្បធម៌ប្រទេសនៅក្នុងអនុតំបន់ទន្លេមេគង្គដែលប្រគល់ជូនដោយស្ថានទូតថៃនាពេលនេះ លោកស្រីបញ្ជាក់ថា នឹងធ្វើបែងចែកទៅតាមបណ្ណាល័យផ្សេងៗឲ្យបានគ្រប់ទៅតាមចំនួនតិចឬច្រើន៕
វត្តី
0 Comments