Ad Code

បន្ទាប់ពី​បង្កើត​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​បាន​ជោគជ័យ ​ឃុំ​អូរ​ម្រះ​បាន​បង្កើត​មួយ​បន្ថែម​ទៀត​


ស្ទឹងត្រែង​ ៖ បន្ទាប់ពី​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង​បង្កើត​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​នៅ​បណ្ដា​ឃុំ​នានា​ទទួល​បាន​ជោគជ័យ​នោះ ឃុំ​អូរ​ម្រះ​បាន​បង្កើត​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​មួយ​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​ក្នុង​ការ​ជួយ​ឱ្យ​កសិករ មាន​ជីវភាព​ធូរធារ​ប្រសើរ​ឡើង​ជាង​មុន​បន្ថែម​ទៀត។​

ក្នុង​មហាសន្និបាត​ការបង្កើត​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ឃុំ​អូរ​ម្រះ​នៅក្នុង​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​ថ្មីៗ​នេះ។ ​លោក ​ទូច ធា​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ដែល​បាន​បង្កើត​ឡើង​អាច​ជួយ​កសិករ​ឲ្យ​មានលទ្ធភាព​បាន​ច្រើន​នៅ​តាម​មូលដ្ឋាន​ក្នុង​ការផលិត​កសិផល​សម្រាប់​លក់ដូរ តែ​ទីផ្សារ​លក់​នោះ​មាន​បញ្ហា​ប្រឈម ដោយសារ​ក្រុម​ឈ្មួញ​ទម្លាក់​ថ្លៃ​ទិញ​កសិផល​ថោក ​ដូចជា ​ស្រូវ ស្វាយចន្ទី ដំឡូង​មី ពោត សណ្ដែក ល្ង​ ទៅ​តាមតែ​មាត់​ថា។

លោក​ប្រធាន​មន្ទីរ​លើក​ឡើង​ថា បញ្ហា​ប្រឈម​នេះ​តម្រូវ​ឲ្យ​យើង​បង្កើត​ឲ្យ​មាន​សហគមន៍​កសិកម្ម​ដើម្បី​ទ្រទ្រង់​ដល់​ផលិតផល និង​ស្វែងរក​ដៃគូ​ជួយ​គាំទ្រ​ថា ថ្ងៃនេះ​ការបង្កើត​សហគមន៍​កសិកម្ម ជា​ឱកាស​ដ៏​ល្អ​ប្រពៃ​សម្រាប់​បងប្អូន​យើង​ទាំងអស់​គ្នា​ដើម្បី​ពង្រឹង​សិទ្ធ​អំណាច​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ការ​រក្សា​ទីផ្សារ​ផលិតផល​និង​ស្វែងរក​ដៃគូ​នានា ធានា​នូវ​និរន្តរភាព​ទីផ្សារ ឈាន​ទៅ​លើក​កំពស់​ជីវភាព​រស់នៅ​របស់​បងប្អូន​ឲ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ ដើម្បី​សម្រេច​បាន​ការងារ​ទាំង​នេះ ខ្ញុំ​សូម​សំណូមពរ​ដល់​បណ្ដា​មន្ទីរ អង្គភាព និង​អង្គការ​ពាក់ព័ន្ធ​នានា មេត្តា​ជួយ​គាំទ្រ​ផ្នែក​រដ្ឋបាល​ច្បាប់ និង​បច្ចេកទេស​ដល់​សហគមន៍ អភិវឌ្ឍន៍​កសិកម្ម​ឲ្យ​ដំណើរការ ប្រកបដោយ​ប្រសិទ្ធ​ភាព ជាពិសេស​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត មេត្តា​ជួយ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ ទីផ្សារ​ក្នុង ​ទីផ្សារ​ក្រៅ​ស្រុក​ដល់​សហគមន៍​កសិកម្ម​យើង​ដើម្បី​ឲ្យ​ពួកគេ​គាត់​អាច​ផ្គត់ផ្គង់​កសិផល​តាម​តម្រូវការ​ទីផ្សារ​និង​ទាន់​ពេល​វេលា។​

លោក​ វ៉ា មឿ​ន នាយក​ប្រតិបត្តិ​អង្គការ​ម្លប់​បៃតង​បាន​សំដែង​ការ​គាំទ្រ​ដល់​សហគមន៍​អភិវឌ្ឍ​ន៍​កសិកម្ម​ដែល​បាន​បង្កើត​ឡើង និង​សន្យា​ជួយ​រក​ដើមទុន​មក​ជួយ​យ​ផ្គត់ផ្គង់​ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​នេះ​ឲ្យ​មានការ​រីកចម្រើន​ ខ្ញុំ​នឹង​ទៅ​ចលនា​លុយ​ពី​ខាង​ហ្នឹង​មក​ជួយ​ បើសិនជា​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​អូរ​ម្រះ​នេះ​ត្រូវការ​ពង្រីក​ដើមទុន​ឲ្យ​ច្រើន​ដើម្បី​អាច​បំពេញ​សេចក្តី​ត្រូវ​ការ​សមាជិក​របស់​ខ្លួន ខ្ញុំ​ទៅ​ចលនា​គេ​ឲ្យ​មក​ជួយ ប៉ុន្តែ​ជា​ធម្មតា​របស់​គេ​នោះ​ គេ​រកស៊ី​ដែរ​ កាលណា​គេ​ជួយ​គេ​យក​ការ​ដែរ​តែ​គេ​យក​តិច។​

លោក ​កុល ​សំអុល ​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា ការ​រួម​ចំណែក​ពី​ដៃគូ​ជា​កត្តា​ចំបង​ក្នុង​ការ​បង្កើន​បាន​នូវ​ធនធាន​សម្រាប់​ជួយ​រៀបចំ​សហគមន៍​ឲ្យ​ដំណើរការ​ទៅ​មាន​និរន្តរភាព​ ទាំង​ផ្នែក​បច្ចេកទេស ទាំង​ការ​កសាង​ផែនការ​អភិវឌ្ឍន៍ ការផលិត​ និង​ការ​ទំនាក់ទំនង​រក​ទីផ្សារ​។​ ដូចនេះ​រាល់​សហគមន៍​ដែល​បាន​បង្កើត​ឡើង​ហើយ ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​មាន​ភាព​រឹងមាំ​ សមាជិក​រស់នៅ​មាន​ជីវភាព​ធូរធារ​។​

សូម​បញ្ជាក់​ថា សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​នៅ​ខេត្តស្ទឹងត្រែង​មកដល់ពេលនេះ បង្កើត​បាន ចំនួន​៦​ហើយ ​គឺ​នៅ​ស្រុក​សៀម​បូក​ចំនួន​២​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ចំនួន​៣​ និង​ស្រុក​សេ​សាន​ចំនួន​១​សហគមន៍​ ដែល​សហគមន៍​និមួយៗ​មាន​សមាជិក​ចាប់ពី​៤០​គ្រួសារ​រហូតដល់​ជាង​១០០​គ្រួសារ៕

ងិន លីម

Post a Comment

0 Comments

Close Menu