Ad Code

មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​បាន​បង្កើន​សមត្ថភាព​ពី​សិក្ខាសាលា​នៅ​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ឈាន​ទៅ​អនុវត្តន៍​ច្បាប់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​របស់​ក្រសួង​


ត្បូងឃ្មុំ ៖ ក្រសួង​សាធារណការ​បាន​ព្រមាន​ដល់​មន្ត្រី​ដែល​មិន​អនុវត្តន៍​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​របស់​ក្រសួង​ចាត់ការ​អនុវត្ត​ទៅតាម​ច្បាប់ និង​ស្នើ​ដល់​ក្រុមហ៊ុន បងប្អូន ដឹក​ជញ្ជូន​ទាំងអស់ ត្រូវ​អនុវត្ត​ទៅតាម​ច្បាប់​ដើម្បី​ធានា​ដល់​គុណភាព​ផ្លូវ​នៅ​សាល​ប្រជុំ​សាលាខេត្ត​ត្បូងឃ្មុំ ដែល​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៥​នេះ។​

លោក ប្រាជ្ញ ចន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​មានប្រសាសន៍​ថា រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ រួម​ទាំង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​បាន​ខិតខំ​រួមគ្នា​ក្នុង​ការ​ផ្សព្វផ្សាយ បញ្ជ្រាប លើកកម្ពស់​ការ​យល់​ដឹង និង​ឈាន​ទៅ​រក​ការទប់ស្កាត់ បង្ក្រាប និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដើម្បី​រួមចំណែក​ក្នុង​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​បទបញ្ញត្តិ​ពាក់ព័ន្ធ​នានា និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ត្រួត​ពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ប៉ុន្តែ​យើងខ្ញុំ​នៅ​សង្កេតឃើញ​ការប្រព្រឹត្ត​បទល្មើស ការ​មិន​គោរព​ច្បាប់​នៅតែ​មិន​បន្ត​កើតមាន និង​តម្រូវ​ឲ្យ​មាន​ការ​គិតគូរ​យកចិត្ត​ទុកដាក់ ដោះស្រាយ​ឲ្យ​បាន​ម៉ឺងម៉ាត់​ហ្មត់ចត់ តឹងរ៉ឹង និង​មិន​ឲ្យ​មានការ​ចូលរួម​អនុវត្ត​ពី​គ្រប់​សមត្ថកិច្ច​ដែល​មាន​ការ​ពាក់ព័ន្ធ​ទាំងអស់​។​

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា ក្រុមហ៊ុន បងប្អូន​ដឹកជញ្ជូន​ត្រូវ​កំណត់​ទៅតាម​ច្បាប់​បាន​កំណត់ កាលណា​យើង​ដឹក​លើស​ទម្ងន់ វា​បណ្ដាល​ឲ្យ​ខូច​ផ្លូវ ពិសេស​នៅ​រដូវវស្សា​។ គោលបំណង​ចង់​ឲ្យ​បងប្អូន​ចូលរួម​ជាមួយ​រដ្ឋអំណាច​ដើម្បី​គោរព​ច្បាប់​ទាំង​អស់គ្នា ព្រោះ​ផ្លូវ​នេះ​ជា​ផ្លូវ​យើង​ដែរ កុំ​យល់ថា ផ្លូវ​នេះ​ជា​ផ្លូវ​របស់​រដ្ឋ ចេះតែ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ដើម្បី​យកចំណេញ បណ្ដាល​ឲ្យ​ខូច​ផ្លូវ​នោះ​ទេ ត្រូវ​ចូលរួម​ថែរក្សា​ទាំងអស់គ្នា​។ ហើយ​ខាង​ក្រុម​ជញ្ជីង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខេត្ត ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ក្រុម​នេះ​ក្លាយជា​កុងត្រូលជជុះ ចាំតែ​ទា​លុយ​ពី​ក្រុម​ដឹកជញ្ជូន ដូច​បងប្អូន​ចោទប្រកាន់​នោះ​។ ក្រុម​ជញ្ជីង​ទាំងអស់ ទាំង​ចល័ត អចល័ត ត្រូវ​មាន​វិញ្ញាបនបត្រ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​យល់​ច្បាស់​ពី​ច្បាប់ ស្គាល់​ប្រភេទ​រថយន្ត ដើម្បី​ឈាន​ទៅ​ធ្វើការ​ផាកពិន័យ​ឲ្យ​ស្រប​ទៅ​តាម​លក្ខណៈ​ច្បាប់​។ សមត្ថកិច្ច​ធ្វើ​ខុស​ពី​ច្បាប់ គាត់​គិតតែ​ពី​ទា​លុយ សូម​រាយការណ៍​មក​ក្រសួង ក្រសួង​នឹង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

សាន វិ​ឡែ​ម

Post a Comment

0 Comments

Close Menu