ភ្នំពេញ ៖ ស្របពេលដែលមានពាក្យនិយាយថា ពិធីការិនីប្រចាំទូរទស្សន៍បាយ័ននាងសុខ សោម៉ាវត្តីត្រៀមខ្លួនយកកូនទី២ដើម្បីចង់រឹតនូវចំណងស្នេហ៍របស់នាងនោះ ថ្មីៗនេះនាងបាននិយាយប្រាប់«កម្ពុជាថ្មី»ថា មិនទាន់មានពេលវេលាគ្រប់គ្រាន់ក្នុងការផ្តល់កំណើតកូនទី២នៅឡើយទេ ហើយអ្វីដែលសំខាន់គឺខ្លាចខូចរាង។
សុខ សោម៉ាវត្តីនិយាយទៀតថា មិនមែននាងមិនយកកូនទៀតនោះទេគឺនៅតែយកក៏ប៉ុន្តែចាំ២ទៅ៣ឆ្នាំទៀតសិន ពីព្រោះបើនិយាយពីការងារសិល្បៈក៏ដូចជាការងារមើលការខុសត្រូវសណ្ឋាគារតាមខេត្តរបស់ស្វាមីនាងគឺម្នាក់ៗសុទ្ធតែរវល់រៀងៗខ្លួន។ នាងបញ្ជាក់ថា កាលពីផ្តល់កំណើតឲ្យកូនស្រីដំបូងរូបរាងរបស់នាងហាក់មានការប្រែប្រួលខុសប្លែកពីធម្មតា ពោលគឺឡើងគីឡូស្រឺតៗតែម្តងដែលធ្វើឲ្យនាងមានការព្រួយបារម្ភ ហើយទម្រាំសម្រករាងឲ្យបានមកនៅដូចដើមវិញគឺត្រូវចំណាយពេលរាប់ឆ្នាំ ដូច្នេះនៅពេលនេះនាងនិងស្វាមីបានពិភាក្សាគ្នាថាមិនទាន់យកកូនជាបន្តទៀតនោះទេ។
ពិធីការិនីមានថ្វីមាត់រូបនេះនិយាយលើកឡើងថា សម្រាប់រូបនាងជាអ្នកសិល្បៈបើកាលណារូបរាងធាត់ទ្រលុកទ្រលន់សាច់យារធ្លាក់នោះគឺច្បាស់ជាមិនមានខាងផលិតកម្មណាគេហៅថតសម្ដែងខ្សែភាពយន្តនោះឡើយ ដូច្នេះហើយទើបនាងសម្រេចចិត្តថាមិនទាន់យកកូនមួយទៀតទេគឺចាំសល់លុយសល់កាក់ពីការងារសិល្បៈមួយប្រាវទៀតសិនចាំគិតគូររឿងនេះក៏វាមិនទាន់ចាស់ឬហួសពេលដែរ។
អ្នកនាងសុខ សោម៉ាវត្តីបានបញ្ជាក់ប្រាប់មហាជនទៀតថា ដោយឡែកចំពោះការនិយាយកន្លងមកថាចំណងស្នេហ៍រវាងនាងនិងស្វាមីតែងតែមានភាពរកាំរកូសពាក់មុខយក្សដាក់គ្នានោះគឺជារឿងមិនពិតនោះឡើយ ពោលបន្ទាប់ពីពួកយើងបានរៀបការហើយអស់រយៈពេលជិត៣ឆ្នាំមកនេះសេចក្តីស្នេហារបស់នាងនៅតែរឹងមាំដដែល៕
សុខសោម៉ាវត្តីមិនទាន់សម្រេចចិត្តផ្តល់កំណើតកូនទី២ព្រោះខ្លាចខូចរាង

0 Comments