ប្រដាល់ ៖ ព្រឹត្តិការណ៍ប្រកួតជម្រុះខ្សែក្រវាត់kubota ទម្ងន់៦៧គីឡូក្រាម ជុំទី៧ ដែលជាជុំចុងក្រោយ នារសៀលថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០១៥នេះ នៅលើសង្វៀនបាយ័នបឹងស្នោនោះ ចៅ ផលឌឿ ក្លិបសំរោងកោងខេត្តបាត់ដំបង ត្រូវជួបជាមួយ ឯម ខ្លឹមខ្មៅ ក្លិបឫទ្ធីពោធិសែនជ័យ។
ពីរនាក់នេះ គ្រាន់តែប្រកួតដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ ព្រោះថាបើទោះជា ចៅ ផលឌឿ ឈ្នះក្ដី ក៏ ផលឌឿ មិនបានឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។
សម្រាប់ការជួបគ្នានេះ បើ ផលឌឿ ប្រកួតឈ្នះបានពិន្ទុស្មើ ខ្លឹមខ្មៅ ក្តី ក៏នៅតែចាញ់ចំនួនទឹកដែលខ្លឹមខ្មៅវាយឈ្នះលើគូប្រកួតកន្លងមកដែរ។ ឯម ខ្លឹមខ្មៅ គ្រាន់តែផ្ដួលគូប្រកួតឲ្យសន្លប់ក្នុងទឹកទី១ ដល់ទៅពីរលើកឯណោះ គឺ ទឹម សាន្ត និង ផល សុផាត។ ចំណែក ចៅ ផលឌឿវិញ គេពុំដែលផ្តួលគូប្រកួតបានក្នុងទឹកទី១នោះទេ ដូច្នេះវាយចាញ់ចំនួនទឹករបស់ ខ្លឹមខ្មៅ បាត់ទៅហើយ បើគិតថាការប្រកួតគ្នាលើកនេះ ផលឌឿ ឈ្នះ ខ្លឹមខ្មៅនោះ។
ចៅ ផលឌឿ ប្រកួត៦ជុំកន្លងមក គឺឈ្នះ៣ ចាញ់៣ប្រកួត មាន១២ពិន្ទុ ឯ ខ្លឹមខ្មៅ ៦ប្រកួតដូចគ្នា គេឈ្នះ៤ ចាញ់២ប្រកួត មាន១៤ពិន្ទុ។ ដូច្នេះ ការជួបគ្នាសម្រាប់ជុំទី៧នេះ ទោះជា ចៅ ផលឌឿ យកឈ្នះ ឯម ខ្លឹមខ្មៅ បានក៏ដោយ ក៏ត្រូវជ្រុះធ្លាក់ហាលអាវដែរ មិនបានឡើងទៅប្រកួតវគ្គបន្តទៀតឡើយ។
រវាង ចៅ ផលឌឿ និង ឯម ខ្លឹមខ្មៅ កន្លងមកមិនដែលជួបគ្នាទេ។ តែទោះជាយ៉ាងនេះក្តី ការជួបគ្នាលើកនេះ គេមិនមានជំនឿថា ចៅ ផលឌឿ អាចវាយឈ្នះ ឯម ខ្លឹមខ្មៅ នោះឡើយ។
ចំពោះការប្រកួតរវាង អ៊ុំ ចំរើន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ ដែលត្រូវជួបជាមួយ សូយ យក្សតឿ អ្នកប្រដាល់ក្លិបពោធិជ័យកីឡាវិញ បើទោះជាអ្នកណាឈ្នះ អ្នកណាចាញ់ក្តី ក៏ពួកគេទាំងពីរនៅតែបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំងពីរនាក់ដែរ។
អ៊ុំ ចំរើន ឆ្លងកាត់៦ប្រកួត(៦ជុំ)កន្លងមក គេបាន១៦ពិន្ទុ គឺឈ្នះ៥ប្រកួត និងចាញ់១ប្រកួត។ រីឯ សូយ យក្សតឿ ក៏មាន១៦ពិន្ទុដូចគ្នាដែរ គឺឈ្នះ៥ ប្រកួតចាញ់១ប្រកួត។ ហេតុនេះ ការប្រកួតលើកចុងក្រោយនេះ ពួកគេប្រកួតគ្នាយ៉ាងរំភើយ ដោយមិនភ័យព្រួយពីការចាញ់ឬឈ្នះនោះ។
រវាងអ៊ុំ ចំរើន និង សូយ យក្សតឿនេះ ពុំធ្លាប់ដែលជួបគ្នាទេកន្លងមក។ ដូច្នេះការប្រកួតលើកនេះ គេមិនហ៊ានទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះទេ?
សូមបញ្ជាក់ឲ្យដឹងថា នៅក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់kubota ទម្ងន់៦៧គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន៨រូប តែអ្នកប្រដាល់៣រូប ត្រូវបានគណៈកម្មការបច្ចេកទេសដកចេញលែងឲ្យប្រកួតពាក់កណ្ដាលទីអស់ចំនួន៣រូបទៅហើយ គឺផល សុផាត ក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ លួន សុខខេង ក្លិបអាស៊ីកីឡា និង ទឹម សាន្ត ក្លិបកុសលកីឡា។ ពួកគេទាំងបីនាក់នេះត្រូវបានចោទប្រកាន់ថា ប្រកួតមិនអស់ពីសមត្ថភាព។
ចំពោះម្នាក់ទៀត ដែលនឹងឡើងទៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ គឺ សរ រាជសីហ៍ អ្នកប្រដាល់ក្លិបមោងឬស្សីមរតកគុនខ្មែរ ដោយសារ សរ រាជសីហ៍ បានបញ្ចប់ការប្រកួតជម្រុះមុនគេ ដោយបាន១៩ពិន្ទុ គឺឈ្នះ៦ប្រកួត ចាញ់១ប្រកួត។
អ្នកប្រដាល់ យុគ យក្សផ្លែ ក្លិបអប់រំកាយកីឡាខេត្តបាត់ដំបង នឹងជួបប្រកួតជាមួយ ថន វាសនា អ្នកប្រដាល់ក្លិបនាគរាជមានជ័យ។ ពីរនាក់នេះ ធ្លាប់ជួបគ្នាពីរលើកហើយកន្លងមក ដោយវាយឈ្នះ ចាញ់គ្នាដោយពិន្ទុម្តងម្នាក់ ដែលការជួបគ្នាលើកចុងក្រោយ គឺយក្សផ្លែ ចាញ់ វាសនាដោយពិន្ទុ។ សម្រាប់ការប្រកួតគ្នាលើកនេះ ពុំដឹងថានរណាឈ្នះ នរណាចាញ់នោះឡើយ?៕
ជម្រុះKubotaជុំចុងក្រោយ ៖ ចៅ ផលឌឿ ជួប ឯម ខ្លឹមខ្មៅ ,អ៊ុំ ចំរើន ជួបសូយ យក្សតឿ

0 Comments