Ad Code

បទល្មើស​ម៉ាស៊ីន​អារច្រៀក​ឈើ​ខុសច្បាប់​រាប់​ឆ្នាំ​ប្រមាណ​៤០​គ្រឿង​នៅ​ស្រុក​បរិបូណ៌​


កំពង់ឆ្នាំង ៖ ម៉ាស៊ីន​អារ​និង​ច្រៀក​ឈើ​ខុសច្បាប់​ជាច្រើន​គ្រឿង​បាន​និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អានាធិបតេយ្យ​នៅក្នុង​ភូមិ​កណ្ដាល ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ដោយ​គ្មាន​ការ​បង្ក្រាប​ពី​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន​មាន​ផែនការ​បង្ក្រាប​ឡើយ ដោយសារតែ​បែបនេះ​ធ្វើឲ្យ​មានការ​រិះ​គន់​ពី​ប្រជាពលរដ្ឋ​ថា មន្ត្រី​ជំនាញ​ទុក​ចិញ្ចឹម​ឆ្នាំងបាយ​ហើយ ទើប​បទល្មើស​ព្រៃឈើ​ក្នុង​ចំណុច​នេះ​គ្មាន​ការ​បង្ក្រាប។ រាល់ថ្ងៃ​គេ​ពិនិត្យ​ឃើញ​នៅក្នុង​ភូមិ​កណ្ដាល​មាន​ម៉ាស៊ីន​អារច្រៀក​ឈើ​ខុសច្បាប់​ចំនួន​ប្រមាណ​៤០​គ្រឿង​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ធ្វើ​សកម្មភាព​ច្រៀក​ឈើ​លាន់​ទ្រហឹង​ខ្ទរ​ត្រចៀក ប៉ុន្តែ​មិនដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ ឬ​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​ឡើយ​ដែល​ធ្វើឲ្យ​អ្នក​ប្រព្រឹត្ត​បទល្មើស​រឹតតែ​បានចិត្ត​ គ្មាន​ខ្លាច​អ្នកណា​ឡើយ​។​

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​បាន​និយាយ​ឲ្យ​ដឹង​ថា ឈើ​ហ៊ុ​ប​ដែល​គេ​យក​មក​អារច្រៀក​ទាំងនោះ ត្រូវ​បាន​ក្រុម​ល្មើស​ទៅ​កាប់​ពី​ស្រុកលើ​ជាប់​ព្រំប្រទល់​ខេត្តពោធិ៍សាត់ ដោយ​ទៅ​កាប់​រយៈ​ពេល​៥​ទៅ​៦​ថ្ងៃ​ ទើប​ដឹក​តាម​រទេះ​ត្រឡប់​មកដល់​ភូមិ​វិញ ហើយ​នាំគ្នា​អារច្រៀក​ជា​គ្រឿង រួច​ទើប​ដឹក​យក​ទៅ​ដាក់​តាម​ដេប៉ូ​លក់​ឈើ​នានា​ក្នុងស្រុក​បរិបូណ៌។​

លោក ពុំ ម៉េង មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ចាន់​បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៥​នេះ​ថា លោក​ទទួល​ស្គាល់​ថា ពិត​ជា​មាន​បទល្មើស​នេះ​កើតឡើង​ក្នុង​ភូមិ​កណ្ដាល​នោះ​មែន ប៉ុន្តែ​វា​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ តែ​លោក​នឹង​រាយការណ៍​ជូន​ខណ្ឌ​ដើម្បី​រៀប​ចំ​ផែនការ​បង្ក្រាប​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។​

លោក ឃួន សៅ​រុំ អភិបាលស្រុក​បរិបូណ៌​បាន​ឲ្យ​ដឹង​ថា ឈើ​ទាំង​នោះ​បាន​ដឹក​ពី​ស្រុក​ក្រគរ​

ខេត្តពោធិ៍សាត់ យក​មក​អារច្រៀក​នៅ​ភូមិ​កណ្ដាល​នេះ តែ​ទោះ​ថា​ដឹក​ពី​ណា​មក​ក៏​ខុសច្បាប់​ដែរ ករណី​នេះ​លោក​បាន​ឲ្យ​មន្ត្រីសង្កាត់​ព្រៃឈើ​ត្រពាំង​ចាន់​ចុះទៅ​បង្ក្រាប ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់ តែ​បើ​នៅតែ​ប្រព្រឹត្ត​ទៀត​ លោក​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់​មិន​អត់ឱន​ឡើយ។​

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បទល្មើស​ខាង​លើ​នេះ​មិនមែន​ទើបតែ​កើត​ថ្មីៗ​នោះ​ទេ គឺ​បាន​កើតឡើង​យូរ​ឆ្នាំ​ហើយ ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ ដែល​នេះ​ជា​ការ​ជូន​ដំណឹង​មួយ​របស់​អ្នកកាសែត​យើង​ដល់​ស្ថាប័ន​ពាក់ព័ន្ធ សូម​ពិនិត្យមើល​មន្ត្រី​អសកម្ម​របស់​ខ្លួន​ផង​៕ ​

( ឈៀង ថា​រិ​ទ្ធ

Post a Comment

0 Comments

Close Menu