Ad Code

ការ​បង្កបង្កើន​ផលដំណាំ​ម្រេច​នៅ​ខេត្តមណ្ឌលគិរី​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​


មណ្ឌលគិរី ៖ បច្ចុប្បន្ន​នេះ​ដំណាំ​ម្រេច​គឺជា​ដំណាំ​ដែល​មាន​ទីផ្សារ​ល្អ​ ទាំង​ក្នុង​និង​ក្រៅប្រទេស ហើយ​គេ​សង្កេត​ឃើញ​ថា ទោះជា​ខេត្តមណ្ឌលគិរី​ជា​តំបន់​ខ្ពង់រាប​ប្រជុំភ្នំ​ក៏​ពិត​មែន ប៉ុន្តែ​ផ្ទៃដី​ក្នុង​ខេត្ត​នេះ​អំណោយផល​បាន​យ៉ាង​ល្អ​សម្រាប់​ដំណាំ​ស្ទើរ​គ្រប់​ប្រភេទ ​រួម​ទាំង​ដំណាំ​ម្រេច​ផង​ដែរ។ ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ប្រជាកសិករ​គ្រប់​វណ្ណៈ ទាំង​អ្នកមាន​ធនធាន និង​បងប្អូន​ប្រជាកសិករ​ដែល​ពុំ​សូវ​មាន​ធនធាន​នោះ បាន​ងាក​មក​ចាប់​លើ​អារម្មណ៍​លើ​ការ​បង្កបង្កើន​ផលដំណាំ​ម្រេច ទៅ​តាម​លទ្ធភាព​ដែល​ពួកគាត់​អាច​ធ្វើ​ទៅ​បាន​។

ប្រជាកសិករ​ដែល​ដាំ​ដំណាំ​ម្រេច​ក្នុងស្រុក​ពេជ្រចិន្ដា​បាន​ឲ្យ​ដឹង​ថា ផ្ទៃដី​ក្នុង​ខេត្ត​នេះ​គឺ​មាន​ជីវ​ជាតិ ដោយ​ម្រេច​របស់​ពួកគាត់​លូតលាស់​បាន​ល្អ និង​គ្មាន​ជំងឺ​ដូច​ម្រេច​ដែល​ដាំ​នៅ​ស្រុកក្រោម​។ ហើយ​ចំពោះ​ការ​ចំណាយ​ដើម​ទន់​សម្រាប់​ការ​ដាំ​ដំណាំ​ម្រេច​ក្នុង​ខេត្តមណ្ឌលគិរី គឺ​អស់​ដើម​ទន់​តិច​ជាង​ បើ​ប្រៀបធៀប​ទៅ​នឹង​ខេត្ត​ផ្សេងៗ ដូចជា​ខេត្តកំពង់ចាម ខេត្ត​កំពត​ជាដើម។ ដោយសារតែ​ដី​មាន​តម្លៃ​ថោក ហើយ​ជន្លង់ម្រេច​ក៏​មាន​តម្លៃថោក​ផង​ដែរ។ ដោយ​ជន្លង់​មួយ​ដើម​មានតម្លៃ ប្រហែល​ជា​១១.០០០​រៀល ទៅ​១២.០០០​រៀល​។ ទន្ទឹម​នឹង​នោះ ​ទោះជា​ខេត្តមណ្ឌលគិរី​ជា​តំបន់​ភ្នំ ប៉ុន្តែ​សម្រាប់​ការ​កាយ​ស្រះ​យក​ទឹក​មក​ផ្គត់ផ្គង់​ការថែទាំ​ដំណាំ​ម្រេច​នោះ គឺ​ឆាប់​នឹង​ចេញ​ទឹក មិន​មាន​អ្វី​ខុស​ប្លែក​ពី​ស្ថាន​ដី​ធម្មតា​ឡើយ​។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ ឃើញ​ថា​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ម្រេច​ក្នុង​ខេត្តមណ្ឌលគិរី​បាន​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់ បើ​គិត​ត្រឹម​ឆ្នាំ​២០១៤ ​គឺ​មាន​ដំណាំ​ម្រេច​លើ​ផ្ទៃដី​ប្រមាណ​២៣៥​ហិកតា ហើយ​តួលេខ​នេះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ​មានការ​កើនឡើង​ប្រមាណ​ជា​១០០​ហិកតា​។ ហើយ​សម្រាប់​ឆ្នាំ​២០១៥​នេះ មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​ពុំ​ទាន់​គ្រោង​នឹង​វាយតម្លៃ​សម្រាប់​ការ​បង្កបង្កើន​ផលដំណាំ​ម្រេច​នៅឡើយ​ទេ ប៉ុន្តែ​លោក​ប្រធាន​មន្ទីរ​សង្ឃឹម​យ៉ាង​មុតមាំ​ថា កំណើន​នៃ​ការ​ដាំ​ដំណាំ​ម្រេច​ក្នុង​ខេត្ត​នេះ​នឹង​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​២០១៤​កន្លងទៅ ព្រោះ​បើ​តាម​ការ​ស្រង់​ស្ថិតិ​របស់​មន្ទីរ​គឺ​មាន​ប្រជាពលរដ្ឋ​ភាគច្រើន​នឹង​ដាំ​ដំណាំ​ម្រេច​ក្នុង​ឆ្នាំ​២០១៥​នេះ​។

លោក​បាន​បន្ត​ថា ក្នុងចំណោម​ក្រុង​-​ស្រុក​ទាំង​៥​របស់​ខេត្តមណ្ឌលគិរី គឺ​ប្រជាកសិករ​ក្នុង​ស្រុក​ពេជ្រចិន្ដា​បាន​បង្កបង្កើន​ផលដំណាំ​ម្រេច​ច្រើន​ជាង​គេ​។ ហើយ​ចំពោះ​ពូជ​ម្រេច​ដែល​ពួកគាត់​ដាំ​ភាគច្រើន​គឺ​មាន​ដូចជា ពូជ​ម្រេច​កំពត និង​ពូជ​ម្រេច​ឥណ្ឌា ប៉ុន្តែ​ពូជ​ម្រេច​កំពត​របស់​ប្រទេស​កម្ពុជា​យើង​ទទួល​បាន​ទិន្នផល​ល្អ​ជាង​។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​២០១៤​កន្លងទៅ ​ដំណាំ​ម្រេច​ដែល​ទទួល​បាន​ផល​មាន​ប្រមាណ​ជា​២០​ហិកតា​៕

អ៊ិត ភីរុណ​


Post a Comment

0 Comments

Close Menu