Ad Code

ល្ខោន គឺជា​មធ្យោបាយ​ដែល​សមរម្យ​បំផុត​ក្នុង​ការ​អប់រំ​ទៅកាន់​យុវជន​ដែល​តែងតែ​ធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​


សៀមរាប ៖ កាលពី​ថ្មីៗ​នេះ ក្រុម​សិល្បករ​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ (PPS) បាន​ធ្វើ​ដំណើរ​តាម​ភូមិ​នានា​ជុំវិញ​តំបន់​ជនបទ​ក្នុង​ខេត្តសៀមរាប ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ដើម្បី​ផ្តល់​ការ​សម្ដែង​ក្នុង​ន័យ​អប់រំ​សម្រាប់​ប្រជាពលរដ្ឋ​ទីនោះ​អំពី​«​ការ​ធ្វើ​ចំណាកស្រុក​ប្រកបដោយ​សុវត្ថិភាព​»។​

អង្គការ​(ហ្វារ​ពន្លឺ​សិល្បៈ​)បាន​សហការ​ជាមួយ​នឹង Civil Volunteer Group(GVC) ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​អ៊ីតាលី រួម​ជា​មួយ​នឹង​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ ​(CWCC)​ ដើម្បី​បង្កើត​កម្មវិធី​សម្ដែង​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​រយៈពេល​៣​ឆ្នាំ​ដែល​មាន​ឈ្មោះថា "Migra-Safe" ដែល​បាន​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប។​

ល្ខោន​អប់រំ​និយាយ​អំពី​ស្ត្រី​ខ្មែរ​មួយ​ក្រុម​ដែល​បាន​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ ​ដោយសារ​ពួកគេ​ត្រូវការ​លុយ​ដើម្បី​សងបំណុល​ដែល​ពួកគេ​ជំពាក់​នៅក្នុង​ភូមិ។ ពួកគេ​បាន​ទាក់​ទង​ជាមួយ​ឈ្មួញ​កណ្ដាល និង​បាន​ចាប់​ផ្តើម​ធ្វើដំណើរ​ដ៏​លំបាក​ទៅកាន់​ប្រទេស​ថៃ។ ពួកគេ​បាន​ធ្វើការ​នៅក្នុង​រោងចក្រ​មួយ​និង​ការដ្ឋាន​សំណង់​មួយ ​ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​បាន​ទទួល​លុយ​ពី​កម្លាំង​ញើស​ឈាម​ដែល​គេ​ខំធ្វើការ​នោះ​ទេ ពួកគេ​មិន​មាន​សិទ្ធ​សូម្បីតែ​តវ៉ា​អំពី​រឿង​នេះ ដោយសារតែ​ការ​ចូល​ធ្វើការ​ខុសច្បាប់​របស់​ពួកគេ។ ចុងក្រោយ​ពួកគេ​បាន​ត្រលប់​មក​ប្រទេស​កំណើត​វិញ ដោយ​ដៃទទេ។ លោក ហួត តារា ជា​នាយក​សហគ្រាស​សង្គម​ហ្វារ​ប្រចាំ​នៅ​ខេត្តសៀមរាប​((Www.Phare​CambodianCircus.org) បាន​និយាយ​ថា ក្រុម​សិល្បករ​នៃ​អង្គការ​(ហ្វារ​ពន្លឺ​សិល្បៈ) ត្រូវ​បាន​ស្នើសុំ​ឲ្យ​សហការ​ក្នុង​គម្រោង​នេះ ដោយសារតែ​ទេពកោសល្យ ​និង​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​នោះ​គឺ ល្ខោន​អប់រំ​នេះ​បាន​ក្លាយជា​ចំណី​ចក្ខុ​ដ៏​ថ្មីស្រឡាង​សម្រាប់​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​ជនបទ​ទាំងនោះ ដោយសារ​ពួកគាត់​មិនដែល​បានឃើញ​ការ​សម្ដែង​របស់​ក្រុម​សិល្បករ​នៃ​អង្គការ​(ហ្វារ​ពន្លឺ​សិល្បៈ)ពី​មុន​មក​ទេ។

លោក​ថ្លែង​ថា «​វា​មិន​ត្រឹមតែ​អាច​អប់រំ​ពួកគេ​ពី​បញ្ហា​ដែល​កើតមានឡើង​ក្នុង​សហគមន៍​និង​ផ្ទះ​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ជា​ឱកាស​ដើម្បី​បង្ហាញ​ពួកគេ​ឱ្យ​ស្គាល់​ទម្រង់​សិល្បៈ​ថ្មី​មួយ ដែល​ពួក​គេ​មិន​ធ្លាប់​មានឱកាស​ឃើញ​ពី​មុន​មក»

Stefania Pirani, ប្រធាន​គម្រោង​នៃ GVC បាន​និយាយ​ថា ​អង្គការ​របស់​អ្នកស្រី​បាន​ពិភាក្សា​ជា​មួយ​អ្នក​ពាក់ព័ន្ធ​និង​អ្នកជំនាញ​ផ្សេងគ្នា ហើយ​ក៏​មាន​យោបល់​រួម​មួយ​ថា ល្ខោន គឺជា​មធ្យោបាយ​ដែល​សមរម្យ​បំផុត​ក្នុង​ការ​អប់រំ​ទៅកាន់​យុវជន​ដែល​តែងតែ​ធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។ ប្រជាជន​កម្ពុជា​តាម​ជនបទ​ភាគច្រើន​មិន​ចេះ​អក្សរ​ទេ​ ដូច្នេះ​សិល្បៈ​ដែល​មើលឃើញ​គឺ​មាន​ប្រសិទ្ធិ​ភាព​បំផុត​ក្នុង​ការបញ្ជូនសារ​ដែល​យើង​ចង់​ប្រាប់​ទៅកាន់​ពួកគេ​»។​

លោកស្រី​បន្ត​ទៀត​ថា «​អ្នក​ចំណាកស្រុក​ខ្មែរ​ជាច្រើន​ដែល​ចូល​ទៅ​ថៃ គឺ​មាន​ភាព​មិន​ប្រក្រតី​ហើយ​ពួកគេ​ពិតជា​មិន​មាន​ព័ត៌មាន​ណាមួយ​ថា​តើ​ពួកគេ​គួរ​ធ្វើ​អ្វី​ដើម្បី​ក្លាយជា​អ្នក​ចំណាកស្រុក​ស្របច្បាប់​នោះ​ឡើយ។ ពួកគេ​មិន​ដឹង​ថា ​គេ​ត្រូវការ​លិខិតឆ្លងដែន​មួយ ហើយ​បើ​ត្រូវការ​លិខិតឆ្លង​ដែន​នេះ តើ​ទៅ​ធ្វើ​នៅឯណា? ​ត្រូវការ​ឯកសារ​អ្វីខ្លះ​? ហើយ​បើ​គាត់​ទៅ​ដោយ​គ្មានអ្វី​សោះ គាត់​នឹង​ត្រូវ​គេ​បោក​ជាមិនខាន​ឡើយ​»។​

ខណៈ​ពេល​ដែល​កំពុង​ធ្វើការ​នៅ​ទីនោះ ​ភាគច្រើន​នៃ​ពួកគេ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ជា​ថ្នូរ​ដូរ​នឹង​ការ​ខិតខំ​ធ្វើការ​របស់​ពួកគេ​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត ពួកគេ​តែងតែ​ធ្វើការ​ហួស​ម៉ោង​កំណត់ ទោះជា​ដឹង​ថា​ខ្លួនឯង​កំពុងតែ​ត្រូវ​បាន​គេ​កេងប្រវ័ញ្ច​កម្លាំង​ញើស​ឈាម​ក៏ដោយ ពួកគាត់​នៅ​តែ​បន្ត​ធ្វើ ដោយសារតែ​ពួកគាត់​មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាងម៉េច​ដើម្បី​កែលំអ​ស្ថានភាព​របស់​ពួកគាត់​នោះ​ឡើយ។ អ្នកស្រី​និយាយ​ថា​ «​គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ផ្តល់​ឱ្យ​អ្នកភូមិ​នូវ​ព័ត៌មាន​ដែល​ពួក​គេ​ត្រូវការ។ គោលបំណង​ធំ​មួយទៀត គឺថា​ប្រសិនបើ​ពួកគេ​ជ្រើសរើស​ក្នុង​ការ​ធ្វើ​ចំណាកស្រុក​នោះ​ពួកគេ​នឹង​ធ្វើ​វា​ដោយ​សុវត្ថិភាព។ គម្រោង «Migra-Safe» ក៏​នឹង​ផ្តល់​នូវ​ព័ត៌មាន​អំពី​សិទ្ធិ​ដែល​ជន​ចំណាក​ស្រុក​ស្របច្បាប់​ត្រូវ​មាន។ ជាង​នេះ​ទៅ​ទៀត យើង​ក៏​អាច​ផ្តល់​ឱ្យ​ពួកគេ​នូវ​ទំនាក់ទំនង​ដែល​ពួកគេ​អាច​ទទួល​បាន​ជំនួយ​នៅក្នុង​ប្រទេស​ថៃ​»។​

អ្នកស្រី​និយាយ​ថា «​យ៉ាងហោចណាស់​យើង​ជួប​ប្រជាជន​ប្រហែល​៣០០​គ្រួសារ​ជា​រៀងរាល់​សបា្ដហ៍ យើង​ក៏​មាន​សំណួរ​សួរ​ទៅកាន់​គ្រួសារ​ទាំងនោះ ទាក់ទង​នឹង​ការ​ធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព​ផង​ដែរ​»។​

ចំនួន​អ្នក​មក​ចូលរួម​មើល​ការ​សម្ដែង​សិល្បៈ​របស់​ក្រុម​សិល្បករ​នៃ​អង្គការ(ហ្វារ​ពន្លឺ​សិល្បៈ)ជា​មធ្យម​មាន​ចំនួន​ប្រមាណ​ជា​៤០០​ទៅ​៦០០​នាក់។ ពួកគាត់​អង្គុយ​មើល​ការ​សម្ដែង​ដែល​បាន​ធ្វើឡើង​នៅក្នុង​បរិវេណ​វត្ត​ក្នុងស្រុក​នីមួយៗ​ដោយ​ភាព​សប្បាយ​រីករាយ។

អ្នកស្រី​និយាយ​ថា «​បន្ទាប់ពី​ការ​សម្ដែង​ចប់ យើង​នឹង​ត្រឡប់​ទៅ​ភូមិ​ ហើយ​សួរ​ក្រុម​គ្រួសារ​ទាំងនោះ​នូវ​សំណួរ​មួយចំនួន ហើយ​ពេលនោះ​យើង​អាច​មើលឃើញ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ព័ត៌មាន​ដែល​បាន​ផ្តល់​ជូន​តាមរយៈ​ការ​សម្ដែង​នេះ៕

គឿន​វេត​



Post a Comment

0 Comments

Close Menu