Ad Code

ក្រសួង​ការងារ​ជួយ​ស្វែង​រក​ការងារ និង​កម្លាំង​ពលកម្ម​ជូន​កម្មករ និយោជិត​-​និយោជក


ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​ឲ្យ​កម្មករ និយោជិត និង​និយោជក ដែល​មាន​បំណង​ចង់​ស្វែងរក​ការងារ​ធ្វើ​ឬក៏​ចង់​រក​កម្លាំង​ពលកម្ម​ចូល​បម្រើ​នៅក្នុង​រោងចក្រ​សហ​គ្រាស​នោះ អាច​ទៅ​ដាក់ពាក្យ​ស្វែងរក​ការងារ​ធ្វើ​នៅ​តាម​ក្រសួង និង​មន្ទីរ​ការងារ​ទូទាំង​ប្រទេស​អាច​ចូល​ទៅ​កាន់​គេហទំព័រ www.nea.gov.kh ដោយ​មិន​មាន​គិត​កម្រៃ​សេវា​អ្វី​ទាំងអស់។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញផ្សាយ​កាល​ពី​ថ្ងៃទី​២៦ ខែ​មករា​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា​ ក្រសួង​សូម​ប្រកាស​ដល់​ប្រជាពលរដ្ឋ សិស្ស និស្សិត រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​កំពុង​ស្វែងរក​ការងារ​ធ្វើ​អាច​ទៅ​ចុះឈ្មោះ​នៅ​ការិយាល័យ​រក​ការ​ឲ្យ​ធ្វើ​របស់​នាយកដ្ឋាន​មុខរបរ និង​ហត្ថ​ពលកម្ម​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការ (NEA) ស្ថិតនៅ​អគារ​លេខ​៣ មហាវិថី​សហព័ន្ធ​រុស្ស៊ី សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ចាប់ពី​ខែមករា ឆ្នាំ​២០១៥ ឬ​អាច​ចុះឈ្មោះ​តាមរយៈ​គេហទំព័រ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការ​ងារ www.nea.gov.kh។​

ចំពោះ​ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត​អាច​អញ្ជើញ​ទៅ​ចុះឈ្មោះ​ស្វែងរក​ការងារ​នៅ​តាម​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​គ្រប់​ខេត្ត ឬ​មជ្ឈមណ្ឌល​ការងារ​នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដែល​ស្ថិតនៅ​ខេត្ត​បាត់ដំបង សៀមរាប កំពត ស្វាយរៀង កំពង់ចាម និង​តាកែវ ឬ​តាម​រយៈ​គេហទំព័រ www.nea.gov.kh ផង​ដែរ។​

ក្រសួង​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ឆ្នាំ​២០១៤​កន្លង​មក ប៉ុន្តែ​មិនទាន់​ទទួល​បាន​ការងារ​អាច​ទាក់ទង​សាកសួរ​ព័ត៌មាន​បន្ថែម​នៅ​តាម​ទី​តាំង ឬ​តាមរយៈ​មធ្យោបាយ​ដែល​បញ្ជាក់​ជូន​ខាងលើ​នេះ។​

រីឯ​និយោជក ដែល​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម ក៏​អាច​ទាក់ទង​ជាមួយ​ការិយាល័យ​រក​ការ​ងារ​ឲ្យ​ធ្វើ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​មជ្ឈមណ្ឌល​ការងារ​នៃ​ទីភ្នាក់ងារ​ជាតិ​មុខ និង​ការងារ NEA ដែល​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង កំពង់ចាម និង​តាកែវ ឬ​តាម​គេហទំព័រ www.nea.gov.kh។​

តាមរយៈ​សេចក្តី​ប្រកាស​នេះ ក្រសួង​ក៏បាន​អំពាវនាវ​ដល់​និយោជក​ទាំងអស់ ដែល​ទើបបាន​ជ្រើសរើស ឬ​បញ្ឈប់​បុគ្គលិក កម្មករ និយោជិត​ពី​ការងារ ត្រូវធ្វើ​សេចក្តី​រាយការណ៍​ព័ត៌មាន​ទៅកាន់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​រយៈពេល​យ៉ាង​យូរ​បំផុត​១៥​ថ្ងៃ អនុលោម​តាម​បទ​បញ្ញត្តិ នៃ​ច្បាប់​ស្ដីពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

កាលពី​បណ្ដា​ឆ្នាំ​កន្លងទៅ ក្រសួង​ការងារ​បាន​ជួយ​សម្របសម្រួល​ស្វែងរក​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ទូទៅ​បាន​ប្រមាណ​ជា​១​ម៉ឺន​នាក់​ផង​ដែរ៕

សំអឿន​


Post a Comment

0 Comments

Close Menu