Ad Code

ប្រជាពលរដ្ឋ​ធ្វើការ​ប្ដឹង​តវ៉ា​ក្រុមហ៊ុន ​(​ប៉ុល​ឈុន​ស៊ី​.​ហ៊ួ​អ៊ី​ន​ធើ​ណេ​សិ​នណល​ហូរ​ថេ​ល​)​​


ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​ជាច្រើន​រស់នៅ​តាម​បណ្តោយ​ផ្លូវ​វិថី​២​ធ្នូ​ ស្ថិតនៅ​ក្នុងភូមិ​លេខ​១​ សង្កាត់​លេខ​៣ ​ក្រុងព្រះសីហនុ​(​តំបន់​ពយ​កំ​ពេញ​)​ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ដាក់ពាក្យ​បណ្ដឹង​ចូល​ទៅ​អាជ្ញាធរ​ខេត្ត​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ចំពោះ​ក្រុមហ៊ុន​(​ប៉ុល​ឈុន​ស៊ី​.​ហ៊ួ​អ៊ី​ន​ធើ​ណេ​សិ​នណល​ហូរ​ថេ​ល​)​ ដែល​កំពុង​ធ្វើការ​ពង្រីក​ផ្លូវ​ ដោយ​ចោទ​ប្រកាន់​ថា ​ក្រុមហ៊ុន​បាន​កាយ​យក​អាចម៍​ដី​នៅ​សងខាង​ផ្លូវ​ជំរៅ​៣​ទៅ​៤​ម៉ែត្រ​យក​ទៅ​ចាក់​បំពេញ​លើ​ដី​របស់​ខ្លួន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​លំនៅដ្ឋាន​ប្រជាពល​រដ្ឋ​រស់នៅ​សងខាង​ផ្លូវ​ ដោយ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ទាំងនោះ​អាច​ប្រឈម​ការ​បាក់​ស្រុត​គ្រប់​ពេល​វេលា។ បងស្រី ​ថោង ​ពុទ្ធា​វី ​អាយុ​៣៦​ឆ្នាំ ​តំណាង​ប្រជា​ពល​រងគ្រោះ​ខាងលើ​បាន​និយាយ​រៀបរាប់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាសែត​និង​ទូរទស្សន៍​ជាច្រើន​ថា ​ប្រជាពលរដ្ឋ​មាន​សេចក្តី​ត្រេកអរ​ខ្លាំង​ណាស់​ចំពោះ​គោលការណ៍​អភិវឌ្ឍន៍​ពង្រីក​ផ្លូវ​វិថី​២​ធ្នូ​របស់​អាជ្ញាធរ​ខេត្ត​ទំហំ​សងខាង​ម្ខាង​១២​ម៉ែត្រ​បន្ថែម​លើ​ផ្លូវ​ចាស់​ដែល​មាន​ស្រាប់​ធ្វើ​ឲ្យ​ផ្លូវ​បាន​ធំ​ទូលាយ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ទៅមក​ ជា​ពិសេស​អាច​លើ​ស្ទួយ​សោភ័ណភាព​មុខមាត់​ក្រុង​ទេសចរណ៍​ឆ្នេរសមុទ្រ​យើង​បាន​មួយ​កម្រិត​បន្ថែម​ទៀត​ផង​ដែរ។ ប៉ុន្តែ​ចំពោះ​ការសាងសង់​ពង្រីក​ផ្លូវ​របស់​ក្រុមហ៊ុន​ខាងលើ​បែប​កាយ​យក​អាចម៍​ដី​នៅ​សងខាង​ផ្លូវ​ជំរៅ​៣​ទៅ​៤​ម៉ែត្រ​ដូចនេះ​ យើងខ្ញុំ​ប្រជាពលរដ្ឋ​មិន​គាំទ្រ​នោះ​ឡើយ​ និង​ប្រឆាំង​ដាច់​ខាត​ពីព្រោះ​ការ​កាយ​យក​អាចម៍ដី​ដ៏​ជ្រៅ​បែបនេះ​វា​អាច​បង្ក​ផល​ប៉ះពាល់​បាក់​ស្រុត​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សងខាង​ផ្លូវ​គ្រប់ពេលវេលា។​

ជា​មួយ​គ្នា​នេះ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​បាន​ធ្វើ​សំណូមពរ​ទៅដល់​អាជ្ញាធរ​ខេត្ត​ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ក្រុមហ៊ុន​ខាងលើ​ដែល​ទទួល​សិទ្ធិ​សាងសង់​ពង្រីក​ផ្លូវ​វិថី​២​ធ្នូ​នេះ​ ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុមហ៊ុន​នេះ​អនុវត្តន៍​ការ​ជួសជុល​ផ្លូវ ​និង​ពង្រីក​ផ្លូវ​ធ្វើ​ទៅតាម​ស្ថានភាព​ផ្លូវ​ដែល​មាន​ស្រាប់​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ។​

លោក​ អ៊ី​ ធា​រិ​ន​ នាយករង​ការិយាល័យ​អន្តរ​វិស័យ​សាលាខេត្ត​ព្រះសីហនុ​បាន​ធ្វើការ​បញ្ជាក់​ថា ​ជុំវិញ​បញ្ហា​បណ្ដឹង ​ប្រជាពលរដ្ឋ​សូម​អន្តរាគមន៍​ខាង​លើ​នេះ​ អាជ្ញាធរ​ខេត្ត​បាន​ចុះទៅ​ធ្វើការ​ហាម​ឃាត់​ និង​ផ្លាក​ការដ្ឋាន​សាងសង់ ​ពង្រីក​ផ្លូវ​របស់​ក្រុមហ៊ុន​ខាងលើ​ជា​បណ្ដោះអាសន្ន​ហើយ ​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​សាងសង់​ផ្លូវ​នេះ​ធ្វើការ​សិក្សា​ឡើងវិញ។​

លោក​ លី ​វ៉ានដា​ អភិបាលរងក្រុង​ព្រះសីហនុ​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា ​គម្រោង​ពង្រីក​ផ្លូវ​បន្ថែម​របស់​ក្រុមហ៊ុន​ខាង​លើ​នេះ​ធ្វើ​យ៉ាង​ណា​នោះ ​លោក​មិនដឹង​នោះ​ទេ​ ពីព្រោះ​នេះ​ជា​រឿង​របស់​មន្ត្រី​ជំនាញ​ហើយ​ចំពោះ​ការ​សូម​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ​អាជ្ញាធរ​ខេត្ត​កំពុង​ធ្វើការ​ដោះ​ស្រាយ​ហើយ​ជា​មួយ​នឹង​មន្ត្រី​ជំនាញ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ផ្លូវ​វិថី​២​ធ្នូ​នេះ​ជា​ផ្លូវ​ចាក់​អ៊ុត​កៅស៊ូ​យ៉ាង​ល្អ​ប្រណិត​ដែល​មាន​ស្រាប់​សាង​សង់​ឡើង​រាប់​សិប​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​ថ្មីៗ​នេះ​ក្រុមហ៊ុន​(​ប៉ុល​ឈុន​ស៊ី​.​ហ៊ួ​អ៊ី​ន​ធើ​ណេ​សិ​នណល​ហូរ​ថេ​ល​)​មាន​គម្រោង​ធ្វើ​សណ្ឋាគារ​ខ្នាត​លំដាប់​ផ្កាយ​ប្រាំ​ចំនួន​៧០០​បន្ទប់​នៅ​លើ​ទីតាំង​ដី​របស់​ខ្លួន​ដែល​ស្ថិតនៅ​ជាប់​និង​ផ្លូវ​វិថី​២​ធ្នូ​នេះ​ ព្រមទាំង​បាន​ធ្វើ​ការ​ស្នើ​សុំ​ធ្វើការ​ពង្រីក​ផ្លូវ​វិថី​២​ធ្នូ​បន្ថែម​ប្រវែង​៥០០​ម៉ែត្រ​ ដោយ​ទទឹង​ពង្រីក​បន្ថែម​ទំហំ​២០​ម៉ែត្រ​បូក​រួម​លើ​ទំហំ​ចាស់​ដែល​មាន​ស្រាប់។​

ភាគី​ក្រុមហ៊ុន​ខាងលើ​ក្រោយពី​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ពង្រីក​ផ្លូវ​ខាង​លើ​នេះ​រួច​ ក៏​បាន​ចាប់​ផ្ដើម​ធ្វើការ​ឈូស​ឆាយ​កាយ​យក​អាចម៍ដី​នៅ​សងខាង​ផ្លូវ​ចំណុច​ខ្លះ​ជំរៅ​៣​ម៉ែត្រ​និង​ចំណុច​ខ្លះ​ជំរៅ​៤​ម៉ែត្រ​ដឹក​យក​អាចម៍ដី​ទាំងនោះ​ទៅ​ចាក់​បំពេញ​លើ​ទីតាំង​ដី​របស់​ខ្លួន​នៅ​ជាប់​មាត់​បឹង​ខាងក្រោយ​អូ​តែ​ល​សុខា​ ជាហេតុ​ធ្វើ​ប្រជាពលរដ្ឋ​នាំគ្នា​ប្ដឹង​តវ៉ា​ក្នុងពេលនោះ​តែ​ម្តង​ទៅ​ ពីព្រោះ​បើ​ទុក​ឲ្យ​ក្រុមហ៊ុន​នៅតែ​បន្ត​ជីក​យក​ដី​ផ្លូវ​បែបនេះ​តទៅទៀត​ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សងខាង​ផ្លូវ​ច្បាស់​ជា​ត្រូវ​បាក់​ស្រុត​រលំ​គ្រប់ពេលវេលា​គេច​មិន​ផុត​នោះ​ទេ។ ជុំវិញ​បញ្ហា​ភាព​មិន​ប្រក្រតី​ខាង​លើ​នេះ​ បើ​តាម​ការ​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ​ម្នាក់​ថា ​ដោយ​សារ​តែ​ផ្លូវ​នេះ​មាន​ស្ថានភាព​ខ្ពស់​ទាប​មិន​ស្មើ​គ្នា​ ហើយ​មាន​កំពស់​ខ្ពស់​ជាង​ទីតាំង​ដី​ក្រុមហ៊ុន​ដែល​គ្រោង​ធ្វើការ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ការ​កាយ​ដី​សម្រុត​ចុះក្រោម ​ដែល​កន្លែង​ខ្លះ​ជំរៅ​៣​ម៉ែត្រ​និង​កន្លែង​ខ្លះ​៤​ទៅ​៥​ម៉ែត្រ​នោះ​វា​ជា​គម្រោង​របស់​ក្រុមហ៊ុន​ដែល​គេ​បាន​សិក្សា​រួច​ហើយ​ក្នុង​គោលដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្លូវ​នេះ​បាន​រាបស្មើ​ និង​ដី​ក្រុមហ៊ុន​ដោយ​ក្រុមហ៊ុន​នេះ​គេ​មិនបាន​គិត​ពី​ផល​ប៉ះ​ពាល់​ផ្ទះសម្បែង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ៕

កោះពស់


Post a Comment

0 Comments

Close Menu