Ad Code

សូត្រ ប៊ុន​ធី ជួប ហេង វាសនា ឯ ផាន់ ចំណាន ជួប ឃឹម ពេជ្រ​ចិន្តា​


ភ្នំពេញ ៖ នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ​នា​ល្ងាច​ថ្ងៃអាទិត្យ ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​នៃ​ក្លិប​បក្សី​ស្លាប​ដែក ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ ​ហេង វាសនា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង​។​

អ្នក​ប្រដាល់​ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លង​មក​។ សូត្រ ប៊ុន​ធី គេ​ជា​អ្នក​ប្រដាល់​ដែល​ត្រូវ​បាន​គេ​ចាប់អារម្មណ៍ បន្ទាប់ពី​អ្នក​ប្រដាល់​វ័យក្មេង ឡៅ ចន្ទ្រា ក្លិប​កងពល​ទ័ព​ឆ័​ត្រ​យោង​៩១១​នោះ​។ អ្នក​ប្រដាល់​រូប​នេះ មាន​កាយសម្បទា​ស្តើង ខ្ពស់ ដៃជើង វែង ដូច​ឡៅ ចន្ទ្រា​ដែរ​។​

ចំណែក ហេង វាសនា គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដែរ​។ អ្នក​ប្រដាល់​រូប​នេះ​ហើយ ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​នៅ​ភ្នំពេញ​ប៉ុន្មាន​នាក់​ហើយ​កន្លងមក​។ ដោយសារតែ​បែបនេះ​ទើប​ ប៊ុន​ធី ​ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​អ្នក​ខ្លាំង​ជា​បន្តបន្ទាប់ ប៉ុន្តែ​តាំងពី​ជួប​ប្រកួត​ជាមួយ​អ្នក​ខ្លាំង​នោះ ធ្វើ​ឲ្យ​គេ​ជួប​បរា​ជ័យ​ផ្ទួនៗ​ប្រមាណ​៣​ប្រកួត​ចុងក្រោយ​នេះ​។ វាសនា ប្រកួត​ចុងក្រោយ​នេះ​វាយ​ចាញ់​សៀវ​ សំណាង ក្លឹប​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ​។

ប៊ុន​ធី ត្រូវ​គេ​មើលឃើញ​ល្អ​និង​ខ្លាំង ដែល​តម្រូវ​ឲ្យ​អ្នក​ផ្គូផ្គង​ជួប​ជាមួយ​ជើង​ខ្លាំងៗ​ដូច​វាសនា​ដែរ ហើយ​តាំងពី​ជួប​ជើង​ខ្លាំង​នោះ​មក ប៊ុន​ធី​ ក៏​ជួប​បរាជ័យ​ផ្ទួនៗ​ដែរ​។ គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​ឃីម បូរ៉ា អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ដោយ​ពិន្ទុ​។ ចាប់តាំងពី​រូបគេ​វាយ​ឈ្នះ ឈិ​ត ង៉ុ​យ ជើង​ខ្លាំង​នៃ​ក្លិប​អប្សរា​គុន​ខ្មែរ​មក​នោះ​។​

សូត្រ ប៊ុន​ធី មាន​ផ្លែ​ជង្គង់ កែង​ល្អ តែ​សម្រាប់​កម្លាំង​កាយសម្បទា និង តិចនិក​ប្រកួត បាន​ន័យ​ថា​ ល្បិចកល​គឺ​នៅ​ខ្ចី​នៅឡើយ​។ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ ក៏​ពិបាក​រក​អ្នកណា​ផ្ដួល​យក​ឈ្នះ​ប៊ុន​ធី​បាន​នោះ​ដែរ​។

ប៉ុន្តែ​ក៏​មាន​អ្នកវិភាគ​កីឡាប្រដាល់​ក្នុងស្រុក​មួយចំនួន​អះ​អាង​ថា មិនអាច​មើលស្រាល​ចំពោះ​ហេង វាសនា​ឡើយ។ ទោះជា​យ៉ាងណា សម្រាប់​ការ​ទស្សន៍ទាយ​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ ពុំ​មាន​នរណា​ហ៊ាន​ទាយ​នោះ​ឡើយ​ទេ​។ ប៉ុន្តែ​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គេ​មាន​ជំនឿ​ចិត្ត​លើ​ សូត្រ ប៊ុន​ធី ច្រើន​ជាង​។​

ផាន់ ចំណាន អ្នក​ប្រដាល់​ក្លិប​តេ​ជ្ជៈ​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ខេត្តរតនគិរី នឹង​ឡើង​ប្រកួត​ជាមួយ​ឃឹម ពេជ្រ​ចិន្តា អ្នក​ប្រដាល់​ក្លឹប​និរោធ​មានជ័យ​។​ អ្នក​ប្រដាល់​ពីរ​នាក់​នេះ ក៏​មិន​ធ្លាប់​ដែល​ជួប​គ្នា​ដែរ​ពី​មុន​មក​។​

ចំណាន មាន​រាង​ខ្ពស់ ដៃជើង​វែង​ជាង​ចិន្តា តែ​ចិត្ត​ប្រដាល់​របស់​គេ​រាង​តូច​ជាង​ចិន្តា និង​វាយ​ចេញ​យឺត​ជាង ដែល​ធ្វើ​ឲ្យ​ការប្រកួត​របស់​គេ​តែង​ជួប​ការ​បរាជ័យ​។ ការប្រកួត​ចុងក្រោយ​នេះ​ចំណាន បាន​វាយ​ចាញ់​ ម៉ន ចាន់​ដា​រ៉ា អ្នក​ប្រដាល់​ក្លឹប​ការិយាល័យ​ទី​៥ កង​ទ័ពជើងគោក​ក្នុង​ទឹក​ទី​៣ ។ រីឯ ឃឹម ពេជ្រ​ចិន្តា គេ​វាយ​អាង​កម្លាំងបាយ ម្ល៉ោះហើយ ​ព្រេជ​ ចិន្តា​ វាយ​គ្មាន​បណ្ដាក់​ដៃ​ទេ គឺ​សម្រុក​ចូល​វាយ​ទៅលើ​គូប្រកួត​ជានិច្ច ដែល​គូប្រកួត​មានចិត្ត​តូច​ខ្លះ អាច​ចាញ់​នឹង​ការ​សម្លុត​របស់​ចិន្តា​។ គេ​ប្រកួត​ចុងក្រោយ វាយ​ឈ្នះ​បូរី កល្យាណ ក្លិប​បុរី​គុន​ខ្មែរ​ដោយ​ពិន្ទុ​។ ចាំ​មើល​រវាង​ ផាន់ ចំណាន និង ឃឹម ពេជ្រ​ចិន្តា តើន​រណា​ជា​អ្នកឈ្នះ​សម្រាប់​ការ​ជួប​គ្នា​លើកដំបូង​នេះ​។

ចាន់ ចំរើន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​នឹង​ឡើង​ប្រកួត​ជាមួយ មាស សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​ដួង​សែន​សុខ​គុន​ខ្មែរ​។ នេះ​ជា​ជំនួប​លើកដំបូង​របស់​អ្នក​ប្រដាល់​ទាំងពីរ​។ មាស សារ៉ាក់ ជា​អ្នក​ប្រដាល់​ជើងចាស់ គ្រាន់តែ​គេ​មានចិត្ត​ប្រដាល់​មិនសូវ​ធំ​ប៉ុណ្ណោះ​។ ហើយ​ការ​ជួប​ជាមួយ ​ចំរើន​នេះ សារ៉ាក់ ​មិនអាច​មើលងាយ​បានទេ ព្រោះថា​ចាន់ ចំរើន ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី ប៉ុន្តែ​គេ​វាយ​ខ្លាំង ទាំង​ទាត់ ជង្គង់​ និង​កែង​។​ ប្រកួត​ចុងក្រោយ​នេះ ចំរើន វាយ​ឈ្នះ​ សល់ ប៊ុន​ហ៊ីម ក្លិប​កុសល​កីឡា​ដោយ​ពិន្ទុ​។ ឯ​ការប្រកួត​ចុងក្រោយ​របស់ ​មាស សារ៉ាក់​វិញ គឺ​វាយ​ឈ្នះ​ហេង វាសនា ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ​។ ចាំ​មើល តើ​ ហេង វាសនា​ឈ្នះ ឬក៏​ពៅ សារ៉ាក់​ឈ្នះ ? ​

ចំណែក វ៉ាន់ សារ៉ាត់ អ្នក​ប្រដាល់​ក្លិប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ឡើង​ប្រកួត​ជា​មួយ ម៉ន សន​សុង​អ្នក​ប្រដាល់​ក្លឹប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ជួប​គ្នា​ទេ​ពី​មុន​មក​។ សម្រាប់​ការ​ជួប​គ្នា​លើកដំបូង​នេះ មិន​ដឹង​ថា ​នរណា​ជា​អ្នកឈ្នះ​នោះ​ទេ៕​

វិ​សិទ្ធ​


Post a Comment

0 Comments

Close Menu