Ad Code

សមត្ថកិច្ច​មួយ​ក្រុម​កំពុង​បណ្ដើរ​ម៉ូតូ​ចោរ​យក​ទៅ​ទុក​នៅ​អធិការ​ ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើក​លឿន​បុក​ពី​ក្រោយ​រង​របួស​ធ្ងន់​-ស្រាល​៣​នាក់​


ភ្នំពេញ ៖ ប្ដី-ប្រពន្ធ​បើក​ម៉ូតូ​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​សមត្ថកិច្ច​មួយ​ក្រុម​មាន​គ្នា​៤​នាក់​កំពុងតែ​បណ្ដើរ​ម៉ូតូ​ដែល​ជនសង្ស័យ​ផ្លុង​ចោល​មួយ​គ្រឿង​យក​ទៅ​រក្សា​នៅ​អធិការដ្ឋាន​ខណ្ឌ​ចំការមន​ទាំង​កំរោល​ បណ្ដាល​ឲ្យ​ម៉ូតូ​ប៉ើង​ និង​ខ្ទាត​រង​របួស​ធ្ងន់​-ស្រាល​៣​នាក់​។​

កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​៥១ កែង​នឹង​ផ្លូវ​លេខ​២៩៤ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។ សាក្សី​បាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ម៉ាក FTR ២​គ្រឿង​បើក​ឌុប​គ្នា​ល្បាត​តាម​មូលដ្ឋាន ពេល​កំពុង​ល្បាត​ ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​បណ្ដើរ​ម៉ូតូ​កូន​ទា​មួយ​គ្រឿង ហើយ​ជនសង្ស័យ​ពេល​ដែល​ឃើញ​សមត្ថកិច្ច​ក៏បាន​ផ្ដួល​ម៉ូតូ​ចោល​រត់​ចូល​ទៅ​ក្នុង​វត្ត​លង្កា រួច​ក៏​គេច​ខ្លួន​បាត់ស្រមោល​។ បន្ទាប់មក​សមត្ថកិច្ច​បាន​យក​ម៉ូតូ​ដែល​ជនសង្ស័យ​ផ្ដួល​ចោល​ខាងលើ​បណ្ដើរ​ទៅកាន់​អធិការដ្ឋាន​ខណ្ឌចំការមន​រក្សា​ទៅ​ធ្វើ​ការស្រាវជ្រាវ ដោយ​សមត្ថកិច្ច​៣​នាក់​ជិះ​ម៉ូតូ​FTR និង​ម្នាក់ទៀត​ឡើង​ចែវ​បណ្ដើរ​ម៉ូតូ​កូន​ទា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​NGO-0212 បណ្ដើរ​តាមផ្លូវ​ព្រះសីហនុ​ឡើង​មក​ផ្លូវ​លេខ​៥១ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​ផ្លូវកែង​២៩៤ ក៏​ត្រូវ​បាន​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1BW-2636 បើក​ឌុប​គ្នា​តាមផ្លូវ​លេខ​២៩៤ បើក​មក​បុក​ចំ​ពាក់កណ្ដាល​ម៉ូតូ​កូន​ទា​ពេញទំហឹង បណ្ដាល​ឱ្យ​ម៉ូតូ​ប៉ើង​ខ្ទាត​របួស​គ្រិច​កជើង​សមត្ថកិច្ច​ដែល​បណ្ដើរ​ម៉ូតូ​នោះ។ ចំណែក​ពីរ​នាក់​ប្ដី-ប្រពន្ធ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​រង​របួស​ធ្ងន់​។​

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​របួសធ្ងន់​ត្រូវ​បាន​គរ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិ​វិធី​ច្បាប់​ជា​ក្រោយ​។​

ឌួង​វិ​រះ​ជ័យ​



Post a Comment

0 Comments

Close Menu