Ad Code

ឯម លី​ថូ ឈ្នះ ឪ​ម សំរេច យ៉ាង​វេទនា ខណៈ ​ឆាយ​ ម៉ៅ ​ចាញ់​ ចាន់ ​ឌី​ន​


ភ្នំពេញ ៖ អ្នក​ប្រដាល់ ​ឪ​ម សំរេច ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដែល​ជួប​សាក​កណ្ដាប់ដៃ​ជា​មួយ​ជើងចាស់ ​ឯម លី​ថូ អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​ល្ងាច​ថ្ងៃ​សុក្រ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥​នោះ បាន​ចាញ់​ដោយ​ពិន្ទុ​។​

ទោះជា​វាយ​ចាញ់​ក៏ដោយ ក៏​ សំរេច​ បាន​ធ្វើ​ឲ្យ​ លី​ថូ ឈឺ​សាច់​ និង​វេទនា​ខ្លួន​គួរសម​ដែរ​។ សំរេច មិន​ធ្លាប់​ដែល​ប៉ះ​ជាមួយ​ឯម លី​ថូ មែន តែ​ពេល​ប្រកួត​គេ​បាន​វាយ​ប្តូរ​កណ្តាប់ដៃ ជើង​ជាមួយ​លី​ថូ​ គ្មាន​ដក​ដៃ​ទេ ដែល​ធ្វើ​ឲ្យ​ លី​ថូ​ វេទនា​មិន​ស្ទើរ​ដែរ​ទេ​។

សំរេច ប្រកួត​លើក​នេះ​ល្អ​និង​ខ្លាំង តែ​ការ​វាយ​ចេញ​របស់​គេ​ភាគច្រើន​មិន​ចំ​គោលដៅ​ល្អ ដែល​ធ្វើ​ឲ្យ​ចប់​ការប្រកួត​ចាញ់​ពិន្ទុ​ លី​ថូ ដោយ​ក្នុងចំណោម​ចៅក្រម​៥​នាក់ មាន​៣​នាក់​ឲ្យ ​លី​ថូ​ឈ្នះ ហើយ​២​នាក់​ឲ្យ​សំរេច​ឈ្នះ​។ វី សេរី​ចាន់​ឌី​ន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ប្រកួត​ឈ្នះ​ ចាន់ ឆាយ​ម៉ៅ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ​។ ជ័យជំនះ​នេះ បាន​ធ្វើ​ឲ្យ ​ចាន់​ឌី​ន សម្រេច​បានការ​សងសឹក​របស់​ខ្លួន ក្រោយ​ពេល​ដែល​គេ​វាយ​ចាញ់​ ឆាយ​ម៉ៅ​ក្នុង​ទឹក​ទី​៥ កាលពី​ថ្ងៃទី​១៩​ ខែតុលា​ ២០១៤​កន្លងមក​នោះ​។

ចាន់ ឆាយ​ម៉ៅ ក្នុង​ការ​ប្រកួត​គ្នា​៥​ទឹក​នោះ គេ​បាន​វាយ​ប្ដូរ​ជង្គង់​ជាមួយ​ ចាន់​ឌី​ន តែ​ដោយ​សារ​ ចាន់​ឌី​ន​ខ្ពស់​ជាង ជង្គង់​វែង​ជាង ធ្វើ​ឲ្យ​ចាញ់​ប្រៀប។ ពួកគេ​វាយ​ប្ដូរ​ទៅវិញទៅមក រហូតដល់​ចាន់ ​ឆាយ​ម៉ៅ ធ្លាក់​ពីលើ​រេញ​មក​ក្រោម ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ក្នុង​ទឹក​ទី​៤​។​

បើ​តាម​គណៈវិនិច្ឆ័យ​ប្រាប់​ឲ្យ​ដឹង​ថា ការ​រាប់​ ឆាយ​ម៉ៅ​ដែល​ធ្លាក់​នេះ គឺ​ពុំ​មាន​ដក​ពិន្ទុ​ទេ គឺ​គ្រាន់តែ​ចង់ឲ្យ ​ឆាយ​ម៉ៅ​ងើប​ឲ្យ​បាន​លឿន​ប៉ុណ្ណោះ។ តែបើ​សិន​ ឆាយ​ម៉ៅ ងើប​មកវិញ​នោះ ​មាន​សភាព​ទ្រេតទ្រោត ឬ​វិល​នោះ ទើប​គេ​ដក​ពិន្ទុ​។​

ទោះជា​យ៉ាងណា ចាន់ ឆាយ​ម៉ៅ​គេ​បន្ត​ការប្រកួត​បាន​រហូតដល់​ចប់​ទឹក​ទី​៥ និង​ចាញ់​សេរី​ចាន់​ឌី​ន​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ដោយ​ចៅក្រម​៤​រូប​ផ្តល់​ពិន្ទុ​ឲ្យ​ចាន់​ឌី​ន​ឈ្នះ និង​មាន​ចៅក្រម​ម្នាក់​ប៉ុណ្ណោះ​ដែល​ផ្តល់​ពិន្ទុ​ឲ្យ​ឆាយ​ម៉ៅ​ឈ្នះ​នោះ​។​

ឯម ម៉ូ​លី អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ ដែល​ជា​អ្នក​ប្រដាល់​មាន​ផ្លែ​ល្អ ទាំង​កណ្ដាប់ដៃ ទាំង​ទាត់​និង​ជង្គង់​កែង​នោះ ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​លែង​ឲ្យ​ប្រកួត​ក្នុង​ទឹក​ទី​២ បន្ទាប់ពី​គេ​មាន​របួស​ហូរឈាម​ខ្លាំង ដោយសារ​កែង​របស់ ​ផាន់ សា​រ៉ែ​ម អ្នក​ប្រដាល់​ក្លិប​គជសារ​កីឡា​។

បឺត សង្ឃឹម អ្នក​ប្រដាល់​ក្លឹប​រ៉ា​ហាប់​ស្វាយប៉ាក ដែល​ត្រូវ​ឡើង​ប្រកួត​ជាមួយ ឈាន ឡុង​អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​នោះ បាន​អវត្តមាន​ ហើយ​បាន​ប្ដូរ​ឲ្យ ​ខន សុខុន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ឡើង​ប្រកួត​ជំនួស​វិញ​។​

ខន សុខុន ដោយសារ​ឡើង​ប្រកួត​ជំនួស​គេ​នោះ ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​ក្នុង​ទឹក​ទី​២ ដោយ​សារ​គេ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត​ជាមួយ​ ឈាន ឡុង​។ មុន​ឈាន​ដល់​ការបញ្ឈប់​នេះ ខន​សុខុន​ ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ដល់​ទៅ​ពីរ​ដង ព្រោះតែ​ត្រូវ​ ឈាន ឡុង វាយ​ដួល​លើ​រេញ​នោះ​៕





Post a Comment

0 Comments

Close Menu