Ad Code

ឆ្នាំ​២០១៤​ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​បាន​ជាង​១​ពាន់​ករណី​ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង​៣.០០០​នាក់​


ភ្នំពេញ ៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៥ កាលពី​រសៀល​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៥​នៅ​ក្រសួងមហាផ្ទៃ​លោក​ឧត្តម​សេនីយ៍​ឯក មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ថា​ក្នុង​ឆ្នាំ​២០១៤​សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​បាន​ចំនួន​សរុប​១.៣៣៧​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង​៣.០០០​នាក់ ដែល​ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៣ គឺ​មាន​ការ​កើនឡើង​ប្រមាណ​ជិត​៦០​ភាគរយ។​

លោក​បន្ត​ថា គិត​រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​បាន​បង្ក្រាប និង​រឹបអូស​នូវ​សារធាតុ​គីមី​ចម្រុះ​បាន​ចំនួន​ជិត​៣០​តោន ដែល​នាំចូល​ដោយ​ខុសច្បាប់ តាម​ច្រក​នៅក្នុង​ខេត្ត​ជាប់​ព្រំដែន និង​បាន​ដកហូត​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន ហេ​រ៉ូ​អ៊ី​ន ព្រមទាំង​មាន​សារធាតុ​គីមី​ផ្សំ​ជាច្រើន​ទៀត​ដើម្បី​នាំ​យក​មក​ផលិត និង​កែច្នៃ​ឱ្យ​ទៅ​ជា​ផលិតផល​គ្រឿងញៀន​សំយោគ។ ការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន និង​ការ​ទទួល​បាន​លទ្ធផល​យ៉ាង​ធំធេង​នេះ គឺ​ផ្ដើម​ចេញ​ពី​កិច្ចសហការ​ល្អ​ជាមួយ​ក្រសួង​-​ស្ថាប័ន និង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ការ​ចូលរួម​ពង្រឹង​ការ​ត្រួតពិនិត្យ និង​ការ​អនុវត្ដ​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព សំ​ដៅ​កាត់បន្ថយ​ការ​នាំ​ចូល ការផលិត ការ​ផ្គត់ផ្គង់ និង​ការ​ចែកចាយ គ្រឿង​ញៀន​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​សំណុំរឿង​បទល្មើស​គ្រឿងញៀន ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​សាលាដំបូង​រាជធានី​-​ខេត្ត​មាន​ចំនួន​សរុប​៥៦៤​សំណុំរឿង ក្នុង នោះ​សំណុំរឿង​ជម្រះក្ដី​រួច​មាន​៣៣០ សំណុំរឿង​កំពុង​សាកសួរ​មាន​២០៤​សំណុំរឿង និង​មិនទាន់​ចាត់ការ​មាន​១៦​សំណុំរឿង។​

លោក​បន្ត​ទៀត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​សម្រាប់​ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ដាក់​ទិសដៅ និង​រៀបចំ​ផែនការ ក្នុង​ការជំរុញ​ផ្សព្វផ្សាយ​អប់រំ​តាម​គ្រប់​រូបភាព ដោយ​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន និង​វិស័យ​ឯក​ជន​ សំដៅ​កាត់បន្ថយ​តម្រូវការ និង​ចេះ​បដិសេធ​គ្រឿងញៀន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។​

ជាមួយគ្នា​នេះ អាជ្ញាធរ​គ្រឿងញៀន​ក៏​ចាត់វិធានការ​គ្រប់បែបយ៉ាង​តាមផ្លូវ​ច្បាប់ និង​រដ្ឋបាល ដើម្បី​ប្រឆាំង​ការផលិត ការ​ដាំដុះ ការ​ចម្រាញ់ ការ​ចរាចរ ជួញដូរ ការ​ស្ដុក​ទុក និង​ការ​ការប្រើប្រាស់​គ្រឿងញៀន ចាប់ពី​រូបភាព​តូចតាច​រហូតដល់​រូបភាព​ធំៗ ដើម្បី​ពង្រឹងគុណភាព​នៃ​ការ​អនុវត្ដ​ច្បាប់ ឱ្យ​តឹងរ៉ឹង​បំផុត៕

ឌួង​វិ​រះ​ជ័យ​



Post a Comment

0 Comments

Close Menu