Ad Code

លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ផ្តល់​អំណោយ​មនុស្សធម៌​ដល់​គ្រួសារ​ជន​ពិការ​ក្រីក្រ​តាមរយៈ​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ឆ្នាំង​


កំពង់ឆ្នាំង ៖ អំណោយ​មនុស្សធម៌​ដែល​ដឹកនាំ​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៥ បាន​នាំ​យក​ទៅ​ចែក​ជូន​គ្រួសារ​ពិការ​ក្រីក្រ និង​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៥​គ្រួសារ​នៅ​ស្រុក​សាមគ្គី​មានជ័យ ពិធី​នេះ​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​ភូមិ/ឃុំ លោក​អភិបាលរង​ស្រុក និង​សភាព​សហព័ន្ធ​យុវជន​ស្រុក​សាមគ្គី​មានជ័យ​ផង​ដែរ​។ លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា​ខេត្ត​បាន​និយាយ​ឲ្យ​ដឹង​ថា​ ដោយមាន​ការ​អំពាវនាវ​ពី​រូបលោក​ចំពោះ​គ្រួសារ​ជន​ពិការ​ក្រីក្រ​ខាង​លើ​នេះ លាង សេង ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្តកំពង់ឆ្នាំង​បាន​ឧបត្ថម្ភ​ទឹកប្រាក់​ផ្ទាល់ខ្លួន​ចំនួន​១​លាន​រៀល​ឲ្យ​លោកៗ​បាន​យក​ទៅ​ចាត់ចែង​ទិញ​គ្រឿង​ឧបភោគបរិភោគ​ជូន​គ្រួសារ​ពិការ​ទាំង​៥​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ចំនួន​៣ ក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ។ ក្នុង​នោះ​៣​គ្រួសារ​នៅក្នុង​ភូមិ​ថ្លុក​ឬ​ស្សី មាន​១-ឈ្មោះ ញ៉េ​ច ថុង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ពិការ​ភ្នែក​ទាំង​២ , ២​-ឈ្មោះ អ៊ុច ញឹ​ង ភេទ​ស្រី អាយុ​៧៤​ឆ្នាំ ពិការ​ជើង​ស្តាំ , ៣​-ឈ្មោះ ញ៉េ​ម ម៉ុ​ន ភេទ​ស្រី អាយុ​៧៤​ឆ្នាំ ពិការ​ជើង​ស្តាំ , ៤​-ឈ្មោះ ញឹម ប៉ាត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ពិការ​ភ្នែក​ទាំង​២​រស់នៅ​ភូមិ​ពា​រាជ្យ និង​៥-ឈ្មោះ មាស ធន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ពិការ​ភ្នែក​ទាំង​២ រស់នៅ​ភូមិ​ចំការ​ស្វាយ។ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​២០​គីឡូក្រាម មី​១​កេះ​ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១២​កំប៉ុង ប្រេងឆា​១​ដប (​ចំណុះ​១​លីត្រ​) ប៊ីចេង​១​កញ្ចប់ និង​ថវិកា​១២​ម៉ឺន​រៀល​។

លោក សោម ម៉េង អភិបាលរង​ស្រុក​សាមគ្គី​មានជ័យ​បាន​ថ្លែងអំណរគុណ​ថា ជំនួស​មុខ​ឲ្យ​ក្រុម​គ្រួសារ​ពិការ​ក្រីក្រ​ខាងលើ លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត ដែល​បាន​នាំ​អំណោយ​ទាំងនេះ​មក​ចែក​ជូន​គ្រួសារ​ខាងលើ ពិសេស​សូម​ថ្លែងអំណរគុណ​ដល់​លោក លាង សេង ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ផ្តល់​អំណោយ​មនុស្ស​ធម៌​ដើម្បី​រួមចំណែក​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល និង​កាកបាទក្រហមកម្ពុជា​ជួយ​ដល់​គ្រួសារ​ពិការ​ក្រីក្រ និង​សូម​ជូនពរ​អោយ​អស់លោក​ជួប​តែ​នឹង​សេចក្តី​សុខ មាន​អាយុ​វណ្ណៈ សុខៈ និង​ពលៈ ជា​រៀង​រហូត​តទៅ៕ ​( ឈៀង ថា​រិ​ទ្ធ )

Post a Comment

0 Comments

Close Menu