Ad Code

រក​ឃើញ​ឈ្មោះ​ និង​លេខ​ទូរស័ព្ទ​របស់​សមត្ថកិច្ច​ពុករលួយ​ជិត​៥០​នាក់


កំពង់ឆ្នាំង ៖ សមត្ថកិច្ច​នៅក្នុង​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ទម្លាយ​លិខិត​កត់​ឈ្មោះ​និង​លេខ​ទូរស័ព្ទ​មួយ​របស់​អ្នក​ដឹកឈើ​ប្រណិត​ដែល​រក​ឃើញ​នៅក្នុង​រថយន្ត​ដឹកឈើ​ម្រះព្រៅ​ជ្រក​ក្រោម​គ្រឿងសង្ហារិម ដែល​ត្រូវ​សមត្ថកិច្ច​ចាប់បាន​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៥ វេលា​ម៉ោង​៩​និង​១០​នាទី​ នៅ​ចំណុច​ស្ពាន​លោកតា ​ជួន ស័​ក្ត​៥ ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លិខិត​នេះ​គេ​ទើបតែ​ទម្លាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣០ ខែ​មករា​ ដែល​នៅក្នុង​លិខិត​នោះ​មាន​កត់ត្រា​ឈ្មោះ​និង​លេខ​ទូរស័ព្ទ​សមត្ថកិច្ច​ជិត​៥០​នាក់ ដែល​អ្នក​ដឹកឈើ​ទុក​ទូរស័ព្ទ​បង់​លុយ​ពួក​សមត្ថកិច្ច​ទាំងនោះ​ជា​ថ្នូរ​និង​ការ​បិត​ភ្នែក​បិត​មិន​ចាប់​បទល្មើស​ព្រៃឈើ នៅ​តាម​ផ្លូវ​ជាត់​លេខ​៥ ពី​ស្រុក​វាលវែង​ដល់​ខេត្តកណ្តាល។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ពេល​ស្ទាក់​ចាប់បាន​រថយន្ត​នេះ ម្ចាស់​ឈើ​និង​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់ ទាំង​ប្ដី​និង​ប្រពន្ធ​ពីលើ​រថយន្ត​គេច​ខ្លួន​បាត់​ បន្សល់ទុក​រថយន្ត​សាំ​យ៉ុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក់​លេខ​ភ្នំពេញ​2D-2820​ បាន​ដឹក​គ្រឿង​សង្ហារិម​ ដោយមាន​បង្កប់​ឈើ​ម្រះព្រៅ​បាន​ធ្វើ​ដំណើរ​ពី​តំបន់​វាលវែង​ឆ្លង​កាត​ខេត្តកំពង់ឆ្នាំង​ឆ្ពោះទៅ​ក្រុងភ្នំពេញ។ នៅក្នុង​រថយន្ត​នោះ​មាន​គ្រឿង​សង្ហា​រិម​,​គ្រែ​១​កំប្លេ​,​តុ​បាយ​ធ្វើ​ពី​គល់​ដើម​ធ្នង់​ចំនួន​២,​តុ​បាយ​គល់​ដើម​ម្រះព្រៅ​ចំនួន​១​សន្លឹក​, និង​ប្រភេទ​ឈើ​ម្រះព្រៅ​ចំនួន​២​សន្លឹក​ ដែល​មាន​បណ្តោយ​១,៦០​ម៉ែត្រ ទទឹង​១​ម៉ែត្រ កំរាស់​១​តឹក​២​ហ៊ុន។​

គួរ​បញ្ជាក់​ថា​ លិខិត​នេះ​ត្រូវ​បាន​មន្ត្រី​នគរបាល​ម្នាក់​លួច​បញ្ចេញ​ឲ្យ​ដឹង ដែល​នៅក្នុង​បញ្ជី​ឈ្មោះ​កត់​លេខ​ទូរស័ព្ទ​នោះ មាន​តួនាទី​របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​មួយចំនួន​ដែល​ឈរជើង​តាម​ដងផ្លូវ​ជាតិ​លេខ​៥​ ចាប់តាំងពី​ស្រុក​វាលវែង រហូតដល់​ខេត្តកណ្តាល​មាន​ចំនួន​ជិត​៥០​នាក់ ដើម្បី​ងាយស្រួល​ទាក់ទង​បង់លុយ​ឲ្យ​នៅពេល​ពួកគេ​ដឹក​បទល្មើស​ឆ្លងកាត់​កន្លែង​និ​មួយៗ។ ប៉ុន្តែ​នៅ​ក្បាល​លើ​នៃ​លិខិត​នេះ ត្រូវ​បាន​គេ​បិត​ឈ្មោះ​និង​លេខ​ទូរស័ព្ទ​អស់​ចំនួន​៦​នាក់ ទំនង​ឈ្មោះ​ទាំង​៦​នាក់​នោះ​ជា​អ្នកធំ ឬ​អ្នក​ដែល​គេ​ស្គាល់ ទើប​អ្នក​បង្ហាញ​បញ្ជី​ឈ្មោះ​នេះ​ជួយ​បិត​ឈ្មោះ​ឲ្យ ប៉ុន្តែ​ការ​លួច​បិត​ឈ្មោះ​ជន​ពុករលួយ​បែបនេះ​វា​ក៏​ជា​ការ​ឃុបឃិត​ជាមួយ​ជនល្មើស​ដែរ តាមច្បាប់​អ្នក​ប្រព្រឹត្ត​ និង​អ្នក​ឃុបឃិត គឺ​មានទោស​ដូចគ្នា​មិន​គួរ​លេងសើច​បែបនេះ​ឡើយ។​

ប្រជាពលរដ្ឋ​បាន​និយាយ​ថា បើ​គ្មាន​ការ​ឃុបឃិត​បើក​ដៃ​ពី​មន្ត្រី​ពុករលួយ​បំផ្លាញ​ជាតិ​ទាំង​អស់​នោះ​ទេ បទល្មើស​ព្រៃឈើ​ក៏​មិនអាច​ដឹក​ឆ្លងកាត់​ទៅ​លក់​បាន​ដែរ ហើយ​បើ​ពួក​ជនល្មើស​ដឹក​លក់​មិនបាន​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ក៏​គ្មាន​ដែរ។ ចំពោះ​អំពើពុករលួយ​ដែល​មានការ​សូកប៉ាន់​ជា​លក្ខណៈ​ប្រព័ន្ធ​បែបនេះ បាន​បង្ក​ឲ្យ​ព្រៃឈើ​របស់​ជាតិ​ហិនហោច​ខ្ទេចខ្ទី ដែល​ជា​រឿង​មិន​ត្រូវ​អត់​អោន​ឲ្យ​ឡើយ។​

លិខិត​កត់​លេខ​និង​ឈ្មោះ​ទូរស័ព្ទ​របស់​សមត្ថកិច្ច​ពុករលួយ​ខាង​លើ​នេះ​គឺជា​ភស្តុតាង​មួយ​យ៉ាង​សំខាន់​ណាស់​របស់​ស្ថាប័ន​អយ្យការ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្រជាពលរដ្ឋ​រង់ចាំ​មើល​ថា​មាន​ភស្តុតាង​ប៉ុណ្ណឹង​ហើយ តើ​តុលាការខេត្ត និង​លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អាច​ចាប់ខ្លួន​មន្ត្រី​ពុករលួយ​បំផ្លាញ​ជាតិ​ទាំងអស់​ខាង​លើ​នេះ​បាន​ដែរ​ឬទេ ការ​ប៉ាន់ស្មាន​របស់​ប្រជាពលរដ្ឋ​ថា មាន​សង្ឃឹម​តិច​ណាស់ សម័យ​ទន្សោង​គោព្រៃ​ដូច​សព្វ​ថ្ងៃ​នេះ៕

ឈៀង ថា​រិ​ទ្ធ



Post a Comment

0 Comments

Close Menu